លោក មិន ឃិន៖ ពុទ្ធិកសិក្សាជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រជាតិ

ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤
ខេត្តកំពង់ចាម៖    វិស័យពុទ្ធិកសិក្សាបានបណ្តុះបណ្តាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យថ្នាក់បឋមសិក្សារហូតដល់ថ្នាក់ ឧត្តមសិក្សាដែលចាប់ផ្តើម តំបូងក្នុងឆ្នាំ១៩៨៨ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលមានសម្តេចទាំងបីជាប្រមុខដឹកនាំបានធ្វើឲ្យវិស័យពុទ្ធិកសិក្សាមានការរីកចំរើនជា បន្តបន្ទាប់។ ការបញ្ជាក់យ៉ាងដូច្នេះ ខណៈពេល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៤-២០១៥នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម។

    លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មិន ឃិន បានបញ្ជាក់ទៀតថា ជាការពិតណាស់ពិធីបើកបវេសនកាលពុទ្ធិក សិក្សានាពេលនេះ តែងទទួលបានការគាំទ្រយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជ រដ្ឋាភិបាលកម្ពុជាដែលនេះជាសក្ខីកម្ម មួយឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពនិងគាំទ្រវិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍធនធានមនុស្សដែលមានតួនាទីសំខាន់មិនត្រឹមតែអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាក៏ជា ផ្នែកដ៏សំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនដែលជា គោលដៅ ចម្បងរបស់រាជរដ្ឋាភិបាល។
    លោក មិន ឃិន មានប្រសាសន៍បន្តទៀតថា ក្នុងយុគសម័យទី២១នេះការប្រកួតប្រជែងខាងផ្នែកចំណេះ ដឹងនិងបញ្ញាមានការកើនឡើងយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេសដូចនេះកម្រិតនៃការអភិវឌ្ឍន៍របស់ប្រទេសជាតិ មួយបានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈសម្បូណ៌ភាពនៃបញ្ញាវ័ន្តនិងអ្នកមានបទពិសោធន៍ទាំងចំណេះដឹងនិងចំណេះធ្វើ។
    លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្តកំពង់ចាមមានប្រសាសន៍លើកឡើងថា ជាការពិតណាស់ថ្នាក់ដឹកនាំកំពូលរបស់ជាតិបានចាត់ទុកពុទ្ធចក្រនិងអាណាចក្រគឺជាកង់ទាំងគូរសម្រាប់ទ្រទ្រង់ជាតិ និងនាំជាតិឆ្ពោះទៅកាន់វឌ្ឍនភាពដែលមិនអាចខ្វះកង់ចក្រណាមួយបានឡើយ។ អាណាចក្រមានអំណាចកំពូលបីគឺអំណាចនីតិ បញ្ញតិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការសម្រាប់គ្រប់គ្រងរដ្ឋឲ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយតាមផ្លូវច្បាប់របស់រដ្ឋ។ ចំណែកឯពុទ្ធចក្រមានបីដែរគឺសីលធម៌ ចរិយាធម៌ និងសច្ចធម៌ ដែលកើតចេញពីជំនឿនិងការ ប្រតិបត្តិតាមការសំដែងនិងការបញ្ញតិទុកនូវធម៌វិន័យរបស់ព្រះពុទ្ធបរមគ្រូទុកជាមាគ៌ាសម្រាប់សត្វលោកត្រាច់ចរ ឆ្ពោះទៅរកភាវៈល្អបរិសុទ្ធដើម្បីរំដោះខ្លួនចេញពីសេចក្តីទុក្ខតាមច្បាប់សាសនា។
    ព្រះឧត្តមប្រីយ៍ជា អន ធានអាន ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាមមានសង្ឃដីកាលើកឡើងថាពុទ្ធិកសាកលវិទ្យាល័យនេះបានបើកតាមអនុក្រឹត្យ លេខ១៩២អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១បានប្រកាសជាផ្លូវការក្រោអធិបតីភាពរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២និងបានដំណើរការបណ្តុះបណ្តាលធនធានសមណ និស្សិត-និស្សិតជាបន្តបន្ទាប់ដោយទទួលបានលទ្ធផល ជាផ្លែផ្កា៕ ដោយ លោក ម៉ៅ សុខជា

Flag Counter