រឿងស្តេចត្រី

  • Print

ក្នុងកាលដ៏កន្លងទៅហើយ មានបុរសម្នាក់រកស៊ីដោយសារការនេសាទត្រី, គាត់មានកូនប្រុសមួយ ដែលគាត់ចង់ឲ្យធ្វើជាអ្នកនេសាទដូចគាត់ទៀត ។ ថ្ងៃមួយ គាត់ទៅបង់សំណាញ់ជាមួយនឹងកូន បានត្រីមួយយ៉ាងល្អស្រកាភ្លឺដូចពេជ្រ ។ គាត់យកត្រីនោះដាក់ទុកនៅលើមាត់ត្រពាំង ឲ្យកូននៅចាំរក្សា ហើយត្រឡប់ទៅបង់សំណាញ់ទៀត ។ កាលដែលបុរសចេញផុតទៅ ត្រីក៏និយាយត្អូញត្អែរ ទឹកភ្នែកហូររហាមថាៈ បពិត្រកុមារ? ខ្ញុំជាស្តេចត្រី សូមអ្នកមេត្ដាបោះខ្ញុំទៅក្នុងទឹកវិញ ខ្ញុំនឹងដឹងគុណអ្នកទៅថ្ងៃក្រោយជាមិនខាន ។ ត្រីនោះចេះនិយាយត្អូញ សូម្បីតែដុំថ្មក៏ទន់តាមដែរ, កុមារអាណិតត្រីក្រៃពេកដោយឮសំដីដូច្នោះ ទើបចាប់បោះទៅក្នុងទឹកវិញ ។ មច្ចាត្រេកអរអនេកអនន្ដ ហែលចុះហែលឡើង មុជងើបៗ វាត់កន្ទុយបែកទឹកខ្ចាយ រួចមុជទៅបាត់ ។ ប្រហែលមួយស្របក់ធំ អ្នកនេសាទត្រឡប់មកវិញ ខឹងរអ៊ូរទាំជេរនាយជេរអាយ ព្រោះបង់សំណាញ់ឥតបានត្រីសោះ សូម្បីតែចង្វាមួយក៏គ្មាន សួរកូនថា នែអាណុប! ម៉េចត្រីយើង ប្រហែលរួចមួយពេលបានឬទេ? ។ -ពុក ! ខ្ញុំបោះវាទៅក្នុងទឹកវិញទៅហើយ វានិយាយនឹងខ្ញុំ ហើយអង្វរខ្ញុំ សុំឲ្យលែងវា ដ្បិតវាជាស្តេចត្រី ។ អ្នកនេសាទឮដូច្នោះ  ខឹងតូង  ស្ទុះដាក់កូនក្លូកៗ,   ទោះបីកូន ស្រែកអូយយ៉ា! អូយយ៉ះ! ដូចម្តេចក៏ដោយ ក៏គាត់មិនឈប់ត្បក ។ គាត់ត្បករហូតទាល់តែរួយដៃ ឈឺម្រាមដៃទើបឈប់ ។ បុរសឪពុកនិងកូនត្រឡប់ទៅផ្ទះវិញដៃទទេ, ល្ងាចនោះគ្មានអ្វីធ្វើម្ហូបសោះ អត់ទាំងបាយទៀតផង ។ ព្រឹកឡើងបុរសឪពុកទាត់ធាក់កូនទៀត ដោយគ្មានរឿងហេតុអ្វី ។ លុះបានសេចក្ដីទុក្ខខ្លាំងពេក ថ្ងៃមួយកុមារកម្សត់ទ្រាំនៅមិនបាន ក៏លួចរត់ចេញពីផ្ទះអាត្មាទៅ ។ កុមារនោះដើរទៅៗ ដល់ទីក្រុងមួយ ។ គ្រាន់តែចូលទៅដល់ភ្លាម មានអាតឿម្នាក់ដែលឈរផ្អែកនឹងកំពែងគេហដ្ឋានមួយ ដើរមកឲ្យពរ ទិវាសួស្ដី ដល់ចៅកម្សត់ៗ ដោយខ្លួនអនាថា លុះឃើញហេតុដ៏ល្អដូច្នោះ ត្រេកអរពេក ហើយសុំចងមិត្តភាព ជាមួយនឹងអាតឿ ។ រួចជនទាំងពីរ ធ្វើកតិកាសញ្ញាទៅវិញទៅមកថា យើងកុំបែកគ្នា ហើយចាប់តាំងពីពេលនេះទៅ បើយើងបានវត្ថុអ្វីតោងចែកគ្នាបរិភោគ ។ ចែកគ្នា...? មែនហើយ ប៉ុន្តែចែកអ្វី? បើគ្មានមួយសេនសោះ។ ខណៈនោះចៅកម្សត់ទាំងពីរ សម្រេចគ្នានឹងទៅរកស៊ីឈ្នួលគេ ទើបនាំគ្នាទៅនៅស៊ីឈ្នួលនឹងផ្ទះថៅកែម្នាក់ ខាងក្រោយដែលបានសម្រេចថ្លៃឈ្នួលហើយ ។ ថ្ងៃមួយ អាតឿកាលដែលបានធ្វើការរួចសព្វគ្រប់ហើយ ទៅឈរលេងនៅក្បែរមាត់ទ្វារកំពែង ហើយបានឃើញមនុស្សម្នាក់ជិះសេះ មានសេះដទៃទៀតប្រាំនឹងខ្ញុំម្នាក់រត់តាមក្រោយ ។ ព្រឹកឡើងម៉ោងដដែលមនុស្សជិះសេះទៅជាមួយនឹងខ្ញុំមួយរូបដទៃវិញ ។ ព្រឹកស្អែកឡើងទៀតគេឃើញគាត់ទៅជាមួយនឹងខ្ញុំផ្សេងពីថ្ងៃទីពីរ, ហើយដំណើរនេះតែមានដូច្នេះតទៅរៀងរាល់ថ្ងៃ ។ អាតឿចេះតែនឹកពិភាល់ក្នុងចិត្តថាៈ ចុះបាវមុនៗ តើគេយកទៅធ្វើអ្វីអេះ? ។ អាតឿដោះស្រាយប្រស្នានេះមិនរួចសោះ ។ លុះទីបំផុត វាដាច់ចិត្តទៅតាមមនុស្សជិះសេះ ដើម្បីលួចយកការណ៍ឲ្យបានដឹងជាក់ ។អាតឿទៅឯផ្សារ ហើយឈររេរាឈប់ចាំមើល ។ មិនយូរប៉ុន្មានលេចមនុស្សជិះសេះមកដល់ គឺជាគហបតីម្នាក់។ គាត់ជួលមនុស្សម្នាក់ ហើយឲ្យឡើងជិះសេះបរតាមពីក្រោយ ។ ចំណែកអាតឿចេះតែលបរត់តាមក្រោយជនខាងលើនេះ ។ មុនដំបូង គេត្រាច់តាមវាលស្មៅប្រកប ដោយផ្ការុក្ខជាតិផ្សេងៗ ។ រួចគេចូលក្នុងព្រៃស្មសានគេចរយ៉ាងយូរ ទើបទៅឈប់នៅក្បែរឈើមួយដើម គេចុះពីសេះ ។ គហបតីទាញយកខ្សែពីការុង ចងភ្ជាប់នឹងដែកគោលមួយដែលបោះទុកនឹងដើមឈើនោះ បោះកន្ទុយខ្សែរំលងកាត់ប៉ែកខាងលើ ហើយបង្គាប់ឲ្យអ្នកបម្រើតោងកន្ទុយខ្សែនោះឡើងទៅ ។ អ្នកបម្រើឡើងដល់ចុងឈើ ហើយបានឃើញកញ្ជើមួយដ៏ធំ ពេញដោយត្បូងពេជ្រមានតម្លៃ ។ អ្នកនេះស្រែកពីលើដើមឈើមកថាៈ អា៎! លោកម្ចាស់! សុទ្ធតែត្បូងច្រើនណាស់ ។ គហបតីនិយាយថាៈ ដាក់ចុះមក! កុំស្រែក ហ៊ោកញ្រ្ជៀវនៅលើហ្នឹងខ្លាំងពេក! ។ អ្នកបម្រើដាក់កញ្ជើមក, ខាងក្រោយដែលចាក់ត្បូងក្នុងការុង គហបតីហុចកញ្ជើតាមខ្សែទៅឲ្យទុកត្រង់កន្លែងដដែលវិញ ។ អ្នកស៊ីឈ្នួលធ្វើតាមសេចក្ដីបង្គាប់របស់គហបតី, ប៉ុន្តែ ពេលដែលត្រូវចុះមកវិញរកខ្សែប្រតោងគ្មាន ។ វាស្រែកប្រាប់ថាៈ លោកម្ចាស់! បោះខ្សែមកឲ្យខ្ញុំផង ដើម្បីនឹងចុះ, ខ្ញុំលោតចុះទៅមិនបានទេ មុខជាត្រូវបាក់ជើងឬបែកក្បាលស្លាប់ជាមិនខាន ។ក្ដុម្ពីក៏គិតតែពីរៀបចំការុងចងមាត់ លើកដាក់លើខ្នងសេះ មិនរវល់ឆ្លើយ ។ អ្នកបម្រើស្រែកប្រាប់ទៀតថា នែលោកម្ចាស់! ឮឬទេ? លេងសើចប៉ុណ្ណឹងបានហើយ ។ អ្នកស៊ីឈ្នួលប្រឹងស្រែកប្រាប់ជាច្រើនម៉ាត់ ប៉ុន្តែគហបតីធ្វើដូចជាមិនដឹងមិនឮ លោតផែលឡើងលើខ្នងសេះ ហើយបរសេះបំផាយទៅបាត់ ។ បុរសកម្សត់ស្រែកឡើងថែមទៀតថាៈ នែលោកម្ចាស់! លោកម្ចាស់! ឈប់ ឈប់! សូមលោកវិលមកជួយដាក់ខ្ញុំចុះសិន មិនត្រូវយកខ្ញុំបាទមកទុកចោលក្នុងទីរហោឋានដូច្នេះទេ ។ គហបតីប្រឹងតែបំផាយសេះគ្មានស្ដាប់អ្វីទាំងអស់ ។ដឹងថាខ្លួននៅតែឯងហើយៗ មិនមែនជាការលេងសើច បុរសអកុសលតាំងស្រែកទ្រហោយំក្ដែងៗ ក្នុងកណ្ដាលដងព្រៃស្ងាត់ជ្រងំ ។ ចំណែកអាតឿមិនបង្ហាញខ្លួនឲ្យឃើញ ព្រោះត្រូវការចង់ដឹងរឿងតទៅទៀត ។ វេលានោះ កាលដែលបុរសកម្សត់កំពុងយំបោចសក់គក់ទ្រូង មាននាគមួយមាត់ធំសម្បើមគួរស្ញែង ងើបចេញពីរូងក្បែរគល់ឈើ លូនឡើងសន្សឹមៗរហូតដល់ចុងឈើ ហាហាត់ចង្រ្គុង ធ្មេញប៉ុនប៉ែល ហើយ លេបបុរសនោះទាំងមូលតែម្ដង ។ ខាងក្រោយដែលវាបានស៊ីមនុស្សហើយ នាគនោះហាមាត់ជាថ្មីម្ដងទៀត ខ្ជាក់សុទ្ធតែត្បូងពេជ្រគ្រប់ពណ៌ មានក្រហម បៃតង ទទឹម ជាដើម ទាល់តែកញ្ជើពេញជាថ្មីម្ដងទៀត រួចវាលូនចុះមកវិញ ត្រឡប់ចូលក្នុងរូងបាត់ទៅ ។នៅឱកាសនោះ ការភ័យតក់ស្លុត និងសេចក្ដីអាណិតមេត្ដា ធ្វើឲ្យអាតឿឈរនៅតែមួយកន្លែងស្រឡាំងកាំង មិនហ៊ានកម្រើកអាត្មា ហើយវារត់យ៉ាងឆាប់ត្រឡប់ទៅកាន់ទីក្រុងវិញ ។ លុះព្រឹកស្អែក កាលណាលោកគហបតីទៅឯផ្សារជាមួយនឹងសេះរបស់លោក តើលោកអ្នកអានរាល់គ្នានឹកស្មានថា នរណានឹងសុំស៊ីឈ្នួលលោកគហបតី ដើម្បីជាជំនួយដល់លោកក្នុងព្រៃ ? គឺតួអាតឿនេះឯង ដែលវាបានដឹងរឿងរ៉ាវសម្ងាត់សព្វគ្រប់ ហើយវាមានគំនិតអ្វីមួយក្នុងខួរក្បាលវា ។ កាលបើនិយាយថ្លៃឈ្នួលត្រូវគ្នាហើយ អាតឿឡើងជិះសេះតាម លោកគហបតីទៅ ។  វាបរឆ្លងកាត់ទីក្រុងជាមួយលោកសេដ្ឋី  ឆ្លងវាលស្មៅកាត់តម្រង់ចូលព្រៃ ហើយបានទៅដល់ដើមឈើដែលយើងនិយាយពីលើកមុន ។ លោកគហបតីបោះខ្សែសំតោកភ្លាម អាតឿឡើងភ្លែតយកទាំងកញ្ជើដាក់ចុះមក តាមសេចក្ដីឲ្យការណ៍នៃលោកគហបតី ។ លោកសេដ្ឋីចាក់ត្បូងពេជ្រដាក់ក្នុងការុង ហើយមានបំណងចង់ ឲ្យអាតឿឡើងយកកញ្ជើទៅទុកត្រង់កន្លែងដដែលវិញ ។ អាតឿប្រកែកថាៈ "ខ្ញុំវិលមុខណាស់ ឈប់ឡើងទៀតហើយ" ។ លោកគបហតីសួរទាំងខឹងថាៈ ចុះបើអញ្ចឹង តើកញ្ជើឲ្យអញធ្វើដូចម្តេចទៅ អាតឿឆ្លើយឡើងថាៈ ចំណែកកញ្ជើមានពិបាកអី លោកឡើងខ្លួនលោកយកទៅដាក់ទៅ តែប៉ុណ្ណឹងក៏ស្រេចហើយ ។ លោកសេដ្ឋីជញ្ជឹងថាៈ "បើប្រសិនជាលោកឡើងដោយខ្លួនឯង នោះត្រូវតែត្រឡប់មកវិញ លោកមិនមែនឆ្កួតនៅទំលើចុងឈើឲ្យនាគវាលេបឡើយ, ចុះបើត្រឡប់ចុះមកវិញ គ្មាននរណាម្នាក់នៅលើទីនោះៗ សមខានបានត្បូងពេជ្រទៅថ្ងៃក្រោយ" ។ លោកសេដ្ឋីនិយាយទៅកាន់អាតឿទៀតថា ចូរឯងឡើងឲ្យអញមួយភ្លែតទៅ ឯងនឹងត្រូវបានពេជ្រមួយក្ដាប់ជាមិនខាន អាតឿឆ្លើយថា ទេ! ។ -ចូរឯងឡើងទៅអញមិនថាកុហកឯងទេ ។ អាតឿដេកននៀលនៅដី ហើយស្រែកប្រាប់លោកសេដ្ឋីថាៈ ឱលោកអើយ! ដីវិលក្រឡាប់ចក្រហើយ ។ លុះនិយាយទៅមកៗ មួយសន្ទុះមិនសម្រេចការ លោកសេដ្ឋីសុខចិត្តព្រមយកកញ្ជើឡើងទៅទុកដោយខ្លួនឯង ។ គឺត្រង់ហ្នឹងហើយ ដែលអាតឿវាត្រូវការ ។ គ្រាន់តែលោកសេដ្ឋីឡើងដល់ចុងឈើភ្លាមអាតឿបាត់វិលមុខ ស្ទុះមកចាប់កន្ទុយខ្សែកន្រ្ដាក់ចុះ ទុកឲ្យលោកសេដ្ឋីនៅជាប់ទើរលើចុងឈើ ។ លោកសេដ្ឋីស្រែកថាៈ ទុកខ្សែឲ្យអញ អាឯងធ្វើអីចឹង ? ទុកខ្សែឲ្យអញដើម្បីអញចុះ ! ។ អាតឿលោតជិះលើខ្នងសេះ ហើយប្រាប់ថាៈ សូមលោកអញ្ជើញនៅលើចុងឈើហ្នឹងចុះ ស្រួលហើយ ។  - អាតឿ! អាតឿ! ពេជ្រទាំងការុង ឯងយកចុះ អាណិតតែយកខ្សែមកពាក់ឲ្យអញ ដើម្បីឲ្យអញចុះ ។ អាតឿមិនរវល់ស្ដាប់ ។ កាលណាវាជិះលើកែបប្រុងប្រៀបនឹងបរថយចេញ វាបែរទៅរកសេដ្ឋីម្ដងទៀត ហើយស្រែកប្រាប់ថាៈ "ម្នាលសម្លាញ់! ចូរឯងនៅទំលើចុងឈើហ្នឹងហើយ ចូរទិវាសួស្ដីមានដល់ឯង" រួចវាគោះសេះបំផាយត្រឡប់វិលមកទីក្រុងវិញ ។ លោកគហបតី លោតកញ្រ្ជោលអន្ទះអន្ទែងបោចសក់ឥតអំពើ នៅលើចុងព្រឹក្សា ព្រោះគ្មានផ្លូវអីសោះដើម្បីនឹងដោះខ្លួន ឥឡូវគិតនឹងលោតចុះ គង់តែរកសាច់កំណើតគ្មាន ។ ម្ល៉ោះហើយ គាត់គិតតែពីយំទួញខ្សឹកខ្សួលរហូតទាល់តែនាគឮសូរ វាលូនឡើងមក ហើយលេបទាំងរស់ ... ។ គឺជាសេចក្ដីស្លាប់ទាំងវេទនារបស់គាត់ ។ ឥឡូវអាតឿចង់ទៅឯផ្ទះលោកគហបតី ប៉ុន្តែធ្វើដូចម្តេច? បើវាមិនស្គាល់ផ្ទះលោកសោះ ។ អាតឿបណ្ដោយឲ្យសេះដើរតាមចិត្តវាៗ ដើរនាំទៅត្រង់ទីលំនៅលោកសេដ្ឋី។ បុរសកន្ដុញឃើញទ្វារបិទជិត លុះរកទៅរកមក វាប្រទះកូនសោមួយក្នុងការុង រួចវាចាក់សោចូលក្នុងផ្ទះ។ អាតឿស្រឡាំងកាំងស្រវាំងភ្នែក ដោយឃើញសុទ្ធតែគំនរត្បូងពេជ្រភ្លឺចិញ្ចាច កន្លែងនេះគឺជាឃ្លាំងដែលសេដ្ឋីសម្រាប់យកត្បូងទាំងប៉ុន្មានមកលាក់ទុកដោយការសម្ងាត់ ។ អាតឿរៀបចំភ្លាមៗ យកការុងត្បូងចាក់ចេញហើយ រត់ទៅរកសម្លាញ់របស់វា ។ អាតឿមកដល់ ឃើញកូនបុរសនេសាទមានមុខស្ងួតក្រៀម ។ កុមារនេះ កាលបើបានយល់សម្លាញ់ ក៏មានមុខរីករាយដូចបានឃើញព្រះជាម្ចាស់។ វាសួរហើយសួរទៀត នូវអាតឿថាៈ ចុះឯងទៅណា? ឯងទៅធ្វើអ្វី? ឯងទៅណាអីយូរម្ល៉េះ? ។ អាតឿឆ្លើយថាៈ អញនឹងនិយាយប្រាប់រឿងដល់សម្លាញ់ឥឡូវហ្នឹង ប៉ុន្តែចូរសម្លាញ់ទៅបើកប្រាក់ថ្លៃឈ្នួលយកមក ហើយទៅជាមួយនឹងអញ ។ កូនអ្នកនេសាទ ទៅរកនាយចៅហ្វាយមួយរំពេច ហើយប្រាប់ថា វាឈប់ធ្វើការហើយ សុំបើកយកប្រាក់ថ្លៃឈ្នួល ។ ថៅកែជាចៅហ្វាយនាយសួរថា ចុះឯងវាថី មានរឿងអ្វី? តើរឿងអ្វីធ្វើឲ្យឯងចង់ទៅណាយ៉ាងដូច្នេះ គ្មានដឹងមុខបាទ? ។ កូនអ្នកនេសាទឆ្លើយថាៈ ត្រូវឲ្យថ្លៃឈ្នួលខ្ញុំមក! ត្រូវឲ្យថ្លៃឈ្នួលខ្ញុំមក ខ្ញុំលាទៅហើយ ។ ថៅកែនោះគិតថាៈ អានេះឆ្កួតទេតើ, បើដូច្នេះត្រូវចេញថ្លៃឈ្នួលដល់វាឲ្យឆាប់ ហើយបណ្ដេញវាចេញ មុនពេលដែលវាបង្ករឿងអាក្រក់អ្វីមួយដល់អញ ...។ នេះនែអានាង (ចៅ ហ្វាយហុចថ្លៃឈ្នួលឲ្យ) កូនអ្នកនេសាទចេញពីផ្ទះនោះ ហើយទៅជាមួយអាតឿសំដៅឃ្លាំងខ្មោចលោកសេដ្ឋី ។ វាឈរនឹងថ្កល់តែមួយកន្លែង វេលាដែលបានឃើញគំនរទ្រព្យទាំងប៉ុន្មាន ដែលសម្លាញ់វាប្រាប់ថា ជារបស់វាទាំងពីរនាក់ ។-អា! សម្លាញ់ ឯងកុំនិយាយលេងដូច្នេះ។ -អីចឹងមែន អញ មិនថាលេងទេ ។ -អីទ្រព្យទាំងអស់ហ្នឹងជារបស់ផងយើង? ។ -មែនទាំងអស់ហ្នឹង ។ កូនអ្នកនេសាទ វេលាដែលអាតឿនិយាយរឿងប្រាប់សព្វគ្រប់ក៏តបថាៈ អីដូច្នេះសម្លាញ់! ឯងមិនគ្រាន់បើណាស់ហើយ? ។ ក្នុងឱកាសនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក្នុងព្រះនគរនោះ បានចាត់ឲ្យគេប៉ាវគងប្រាប់អស់អាណាប្រជារាស្រ្ដថា បើឈ្មោះណា បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងព្រះរាជធីតាព្រះអង្គហើយៗ អាចបានអាស្រ័យដំណេកនៅជាមួយគ្នាក្នុងបន្ទប់របស់នាងអស់មួយរាត្រី រហូតដល់ព្រះអរុណរះឡើងនោះព្រះអង្គ នឹងទុកអ្នកនោះជាព្រះសុណិសា របស់ទ្រង់ ដ្បិតព្រះរាជធីតានោះ បានរៀបមង្គលការជាមួយនឹងបុរសអស់ចំនួនកៅសិបប្រាំបួនហើយៗ លុះព្រឹកឡើងគេរកស្វាមីមិនឃើញៗតែគំនរឆ្អឹង ម្ល៉ោះហើយ ព្រះរាជាមានព្រះហឫទ័យសង្ស័យពេក ទ្រង់មិនជ្រាបថានរណាជាគូបច្ចាមិត្តសោះ ។ អាតឿបានដឹងដំណឹងដូច្នោះ យល់ជើងការណ៍ ក៏ទៅកាន់ព្រះរាជវាំងភ្លាម ហើយក្រាបបង្គំទូលព្រះចៅថា សម្លាញ់របស់វាចង់ផ្សងវាសនាល្បងធ្វើជាព្រះសុណិសានៃព្រះរាជាលមើល ។ ព្រះរាជាទ្រង់ទទួលដោយមានព្រះហឫទ័យរីករាយ ហើយមានព្រះរាជឱង្ការថា ចូរឲ្យវាមកយ៉ាងឆាប់ បើវាស្ទុះរួចបានមួយ យប់ នោះកូនស្រីរបស់យើងនឹងត្រូវបានទៅវាធ្វើជាប្រពន្ធតទៅ ។ អាតឿ ត្រឡប់ទៅរកកូនអ្នកនេសាទជាសម្លាញ់ដោយរួសរាន់ឥតបង្អង់ វិលនាំយកមកក្នុងព្រះរាជវាំង ហើយវេលារាត្រីកាលណា សម្លាញ់របស់វា និងព្រះរាជធីតានាំគ្នាចូលក្នុងបន្ទប់ វាក៏ទៅតាមក្នុងទីនោះដែរ រូចដេកនឹងដីក្បែរគ្រែ ។ ពេលកណ្ដាលអធ្រាត្រ អាតឿក្រោកឡើង លើកបីសម្លាញ់ដែលកំពុងដេកលក់នៅជាមួយនឹងព្រះអង្គម្ចាស់ក្សត្រិយ៍ យកទៅដាក់លើគ្រែមួយដទៃ ទាញដាវចេញមក ហើយអង្គុយចាំមើល ។ ក្នុងមួយស្របក់ ស្រាប់តែមានពស់មួយយ៉ាងធំគួរស្ញប់ស្ញែង វារចេញពីក្នុងរូបព្រះរាជធីតាមក, អាតឿកាប់មួយដាវដាច់ក ។ ខណៈនោះ វាស្ទុះទៅដាស់សម្លាញ់វា ហើយនិយាយថាៈ នែសម្លាញ់! ឯងចាំពាក្យខសន្យាដែលយើងនិយាយគ្នាលើកមុនថាៈ បើយើងបានវត្ថុអ្វីត្រូវយើងបែងចែកគ្នាពាក់កណ្ដាលម្នាក់មែនទេ?។កូនអ្នកនេសាទឆ្លើយថាៈ  ពិតមែនហើយសម្លាញ់ ។ គ្រានោះ អាតឿកាន់ដាវនៅដៃ ស្ទុះសំដៅព្រះអង្គម្ចាស់ក្សត្រិយ៍ ដោយបញ្ចេញវចីភេទថា នឹងពុះព្រះរាជធីតាជាពីរចំណែក ដើម្បីនឹងយកភាគរបស់ខ្លួន ។ ព្រះនាងភ័យតក់ស្លុតរន្ធត់មហិមា ទៅជាត្អើក ហើយមានស៊ុតមួយជ្រុះធ្លាក់ចេញពីព្រះឱស្ឋមក ។ អាតឿធ្វើជាស្ទុះទៅម្ដងទៀត បម្រុងនឹងកាប់ពុះមែនទែន ។ ព្រះរាជធីតាក្អែស៊ុតពីរចេញមកទៀត ។ អាតឿនិយាយប្រាប់សម្លាញ់ថាៈ ឥឡូវចូរឯងត្រឡប់យកប្រពន្ធរបស់ឯងទៅវិញចុះ ហើយចូរនៅជាសុខតរៀងទៅ, ពស់ដែលអញបានសម្លាប់ អម្បាញ់មិញនេះ បានលាក់ស៊ុតបីនៅក្នុងព្រះឱស្ឋនៃព្រះនាង, ស៊ុតទាំងនេះនឹងញាស់ទៅជាពស់ទៀត ប៉ុន្តែឥឡូវនេះវាធ្លាក់ចេញមកអស់ហើយ ។ អាតឿនោះមិនមែនអ្នកណាដទៃឡើយ គឺជាត្រីដែលកូនអ្នកនេសាទបានបោះទៅក្នុងទឹកវិញនោះឯង, ស្តេចត្រីនោះកាន់ពាក្យសត្យមកធ្វើឲ្យកុមារកម្សត់មានសម្បត្តិ និងបានជាកូនប្រសាស្តេចផែនដី។ អាតឿ បានអធិប្បាយប្រាប់អំពីខ្លួនជាអ្វីសព្វគ្រប់ដល់កូនអ្នកនេសាទ ហើយ ប្រាប់ថាៈ ឥឡូវនេះ អញសុំលាសម្លាញ់ឯងហើយ ចូរ សម្លាញ់បរិភោគជាសុខសម្រាន្ដ ទាំងភរិយា ទាំងទ្រព្យសម្បត្តិទាំង-ឡាយនោះចុះ" រួចក៏អន្ដរធានបាត់ពីទីនោះទៅមួយរំពេច ។ លុះព្រះអរុណរះឡើងកាលណា ព្រះរាជាទ្រង់ជ្រាបថា ជនទាំងពីរនាក់ (ស្វាមីភរិយា) នៅគង់វង្សដដែល ឥតមានរខិតអ្វីសោះ នោះព្រះអង្គមានព្រះហឫទ័យសោមនស្សជាអនេកអនន្ដ រកទីបំផុតគ្មាន ។ គេធ្វើបុណ្យយ៉ាងអធិកអធម មានច្រៀង មានរាំ និងល្បែងផ្សេងៗសព្វគ្រប់ អស់ប្រាំពីរយប់ប្រាំពីរថ្ងៃ ជាកិត្តិយសដល់គូស្រករថ្មី ។

                                                                                        លោក ផេង-ជ្រីវ សាស្រ្ដាចារ្យ នៅសាលាគរុវិជ្ជា ភ្នំពេញ 

                                                                     ប្រែពីសៀវភៅ "កុង អេឡេហ្សង់ ឌុយប៉េអ៊ី រូម៉ាំងត្រាឌូប៉ាអេអាដាប្ដេ ប៉ា ប.នរឌីន"