រឿងព្រេងចិនអ្នកលក់ត្រី និងយក្សខ្វាក់

តាំងពីអតីតកាល នៅភ្នំទីបេតិ៍ មានព្រះមហាក្សត្រិយ៍មួយអង្គ ទ្រង់មិនដែលសោយព្រះក្រយាគ្មានត្រីទេ ។ តែក្នុងពេលមួយ ប្រទេសរបស់ព្រះអង្គមានវិបត្តិដោយគ្មានភ្លៀង ដីប្រេះក្រហែងរកទឹកគ្មាន ។ នៅបាតស្ទឹង មានទឹកបន្តិចបន្តួច ត្រីក៏មានចំនួនថយចុះតាមលំដាប់ ។ព្រះមហាក្សត្រិយ៍ ទ្រង់មិនអាចសោយព្រះស្ងោយបានដោយគ្មានត្រី ទ្រង់មានព្រះរាជហឫទ័យព្រួយបារម្ភជាខ្លាំង ក៏មានព្រះរាជបញ្ជាឲ្យបិទព្រះរាជប្រកាសគ្រប់កន្លែងថា : “បើអ្នកណាមានត្រីស្រស់ ឬត្រីងៀតយកមកថ្វាយទ្រង់ៗ នឹងជូនរង្វាន់ដល់អ្នកនោះតាមសេចក្ដីសុំ" ។ ដំណឹងនេះក៏ឮស័ព្ទសូរខ្ទរពាសពេញប្រទេស ។ ថ្ងៃមួយ មានបុរសម្នាក់មកដល់មុខព្រះបរមរាជវាំង បានយកត្រីមួយពីបរទេស ហើយមានបំណងចង់យកត្រីនោះទៅថ្វាយព្រះមហារាជ ។ នាយឆ្មាំព្រះបរមរាជវាំងឃាត់ ហើយសួរថា ៖“នែ បុរស ! អ្នកឯងទៅណាមកណា ? បុរសនោះតបទៅនាយឆ្មាំថា : “ខ្ញុំចង់សូមគាល់ព្រះរាជា តើបានឬទេ ?” នាយឆ្មាំតបថា : “តើអ្នកមានការណ៍អ្វី ?“ បុរសឆ្លើយថា : “ខ្ញុំមានត្រីមួយ ដែលខ្ញុំយកមកពីបរទេស សូមថ្វាយចំពោះព្រះរាជា " ។ នាយឆ្មាំគិតក្នុងចិត្តថា : “ត្រីមួយ ! អ្នកណាយកទៅថ្វាយព្រះចមភព អ្នកនោះមុខជាបានក្ដីគាប់ប្រសើរ ! ហេតុដូច្នោះ បានជានាយឆ្មាំពោលទៅកាន់បុរសថា : មិនអីទេ អ្នកទុកត្រីនៅទីនេះហើយ ខ្ញុំនឹងយកទៅថ្វាយព្រះអង្គជួសអ្នក " ។ បុរស តបថា : “ទេលោក ខ្ញុំសូមយកត្រីនេះទៅថ្វាយព្រះរាជាខ្លួនខ្ញុំ" ។ នាយឆ្មាំឆ្លើយថា : “ចូរអ្នកលក់ត្រីនោះមកឲ្យខ្ញុំៗ នឹងឲ្យតម្លៃអ្នកតាមត្រូវការ" ។ ដោយបុរសនោះមិនព្រមលក់ត្រីឲ្យសោះ នាយឆ្មាំក៏សន្ទនាព្រមព្រៀងនឹងបុរសថា : “ខ្ញុំអនុញ្ញាតឲ្យអ្នកចូលគាល់ព្រះរាជាបាន តែបើអ្នកបានរង្វាន់ត្រូវយករង្វាន់នោះមកចែកខ្ញុំផង " ។ បុរសឆ្លើយថា : “បើព្រមព្រៀងបែបនេះ ខ្ញុំក៏ពេញចិត្តណាស់ លោកនឹងបានរង្វាន់ពាក់ កណ្ដាល ។នាយឆ្មាំតបថា : “ តើអ្នកឯងនិយាយដោយសច្ចវាចាឬ ! អ្នកឯងត្រូវស្បថឲ្យខ្ញុំជឿផង ! “ ។ក្នុងពេលនោះ នាយឆ្មាំក៏អនុញ្ញាតឲ្យបុរសនោះចូលទៅក្នុងព្រះបរមរាជវាំង ។ លុះបុរសដើរពីរជំហានចូលទៅ បុរសនោះក៏ងាកក្បាលមករកនាយឆ្មាំ ហើយសួរថា : “ខ្ញុំមិនស្គាល់ឈ្មោះលោក បន្តិចទៀតខ្ញុំនឹងមករកលោក ដើម្បីនឹងចែករង្វាន់ពាក់កណ្ដាលនោះ"។នាយឆ្មាំឆ្លើយថា : “ខ្ញុំឈ្មោះយក្ខខ្វាក់ អ្នកណាក៏ស្គាល់ខ្ញុំដែរ"។ បុរសក៏ចូលទៅក្នុងព្រះបរមរាជវាំង ថ្វាយបង្គំគាល់ព្រះរាជា រួចទើបថ្វាយត្រីនោះទៅព្រះអង្គៗ ក៏មានព្រះរាជហឫទ័យសោមនស្សឥតឧបមា មានបន្ទូលសួរបុរសថា: “តើអ្នកប្រាថ្នាចង់បានអ្វី ?“។ បុរសនោះក្រ បង្គំទូលថា:  “ទូលព្រះបង្គំជាខ្ញុំមិនចង់បានរង្វាន់អ្វីទេ សូមតែព្រះអង្គទ្រង់ត្រាស់បង្គាប់ឲ្យអាមាត្យវាយមួយពាន់បន្ទះក្ដារ " ។ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ព្រះសណ្ដាប់នូវសេចក្ដីក្រាបបង្គំទូលតបនៃបុរសនោះ ទ្រង់ព្រះសម្រួលជាយ៉ាងខ្លាំង ហើយទ្រង់មានព្រះរាជឱង្ការថា : “បុរសនេះជាមនុស្សលីលាទេដឹង ! បានជាមិនចង់បានរង្វាន់ ចង់ឲ្យគេវាយគាត់ទៅវិញ " ។ ព្រះរាជាទ្រង់មានព្រះរាជបន្ទូលសួរហើយសួរទៀត បុរសនោះនៅតែឆ្លើយតបនូវពាក្យដដែលៗ ។ ព្រោះហេតុដូច្នេះ ព្រះអង្គទ្រង់មិនដឹងជាព្រះតម្រិះយ៉ាងណា ក៏ទ្រង់ត្រាស់បង្គាប់ឲ្យគេវាយ ១០០០ បន្ទះក្ដារ តែទ្រង់ឲ្យវាយតិចៗ ។ អាមាត្យក៏ចាប់ផ្ដេកបុរសនោះ លើផែនប្រថពី ហើយក៏វាយតិចៗ ។ លុះវាយដល់គ្រប់ប្រាំរយដង បុរសនោះក៏ក្រោកឈរឡើងហើយពោលថា : “ប៉ុណ្ណឹងហើយ ខ្ញុំបានទទួលចំណែកខ្ញុំហើយ ឈប់ៗ " ។ អាមាត្យនឹកក្នុងចិត្តថា : “ ចំណែកមួយទៀតគឺអ្វីទៅ ! អ្នកណានឹងត្រូវគេវាយប្រាំរយ ! “ ។ ក្នុងពេលនោះ បុរសក៏ក្រាបបង្គំទូលព្រះរាជានូវព័ត៌មានសព្វគ្រប់ប្រការហើយ បន្ថែមថា : “ទ្រង់ព្រះមេត្តា សូមព្រះអង្គហៅអ្នកយាមម្នាក់នោះមក ហើយទ្រង់ត្រាស់បង្គាប់ឲ្យទទួលរង្វាន់ពាក់កណ្ដាលទៀត " ។ ព្រះរាជាទ្រង់ព្រះក្រោធយ៉ាងខ្លាំង ហើយទ្រង់ត្រាស់បង្គាប់ឲ្យហៅ "យក្ខខ្វាក់" នោះមកប្រញាប់ ។ “យក្ខខ្វាក់" កំពុងតែគិតក្នុងចិត្តថា បើបានរង្វាន់ពាក់កណ្ដាលនោះមក តើអញនឹងគិតធ្វើអ្វី ? ។ កំពុងតែគិតសប្បាយក្នុងចិត្ត ស្រាប់តែនាយសន្តិបាលទៅដល់ ។ "យក្ខខ្វាក់" ក៏លោតត្រេកត្រអាលសប្បាយជាខ្លាំង ។ លុះទៅដល់មុខព្រះភក្ត្រព្រះអង្គ យល់ទ្រង់ក្រោធដូច្នោះ "យក្ខខ្វាក់" មានចិត្តព្រួយបារម្ភជាខ្លាំង ។ ព្រះរាជាទ្រង់បានទតឃើញ " យក្ខខ្វាក់ " ទ្រង់មានព្រះរាជបញ្ជាឲ្យចាប់នាយឆ្មាំនោះមកឲ្យដេក លើផែន ប្រថពី ហើយក៏តាំងវាយប្រាំរយដំបងឫស្សីយ៉ាងខ្លាំង រួចនាយសន្តិបាលប្រាប់ " យក្ខខ្វាក់ " ថា : “នេះគឺរង្វាន់ពាក់កណ្ដាល ចំពោះរឿងអម្បាញ់ មិញនេះ ដែលបុរសបានថ្វាយចំពោះព្រះរាជា ។ "យក្ខខ្វាក់" ឈឺកំពីងគូថជាខ្លាំង តែបានហាមាត់ញញឹមទៅបុរសនោះថា : “នេះចំជារង្វាន់ប្រសើរថ្លៃថ្លា មែនទេមិត្ត !“ ។ “លោភណាស់លាភខូច លោភនេះជាពូជ ហាយនភាព ចង់បានខុសបទ ប្រាំរយរនាប កូនចៅគួរជ្រាប យក្ខខ្វាក់ជាន័យ" ។

                                                                                                                                    ប្រែពីភាសាបារាំង ដោយលោក រ៉ាយ-ប៊ុក

(ចប់)

 

Flag Counter