រឿងព្រះនាង អារ៉ាបុស្កា

ក្នុងកាលកន្លងទៅ មានព្រះចៅរាជាធិរាជមួយព្រះអង្គ មានរឹទ្ធានុភាពជាពន់ពេក គឺថា បើត្រង់ទីណាទ្រង់ស្ដេចយាងចេញទៅធ្វើសង្រ្គាមហើយ សត្រូវត្រង់ទីនោះ ទៀងតែបាក់បបខ្លបខ្លាចព្រះចេស្ដាជាមិនខាន ។ ព្រះរាជរដ្ឋានៅជិតខាងទាំងប៉ុន្មាន លុះក្នុងអំណាចរបស់ព្រះអង្គគ្មានសល់ ។ ព្រះរាជាមានព្រះរាជបុត្រាបីព្រះអង្គ ប្រកបដោយរូបឆោមលោមពណ៌ល្អៗដូចគ្នា ហើយសេចក្ដីក្លាហានក៏មានប៉ុនគ្នា ។ លុះកាលណាទ្រង់ជ្រាបថា សេចក្ដីស្លាប់ជិតមកដល់ហើយ ព្រោះទ្រង់ព្រះជរាណាស់ ព្រះចៅមានព្រះរាជឱង្ការប្រាប់ដល់ព្រះរាជបុត្រ ឲ្យចេះតែបន្តការធ្វើសង្រ្គាមទៅទៀត ដើម្បីពង្រីកនូវព្រះរាជអាណាចក្រ ខាងក្រោយការទិវង្គតនៃព្រះអង្គ ។ ប៉ុន្តែ ចូរកូនកុំទៅធ្វើសង្រ្គាមតនឹងព្រះរាជរដ្ឋានៃព្រះនាង អារ៉ាបុស្កា ដែលជាដែនមួយតាំងនៅក្នុងទិសបូព៌ជាប់នឹងព្រះរាជរដ្ឋារបស់យើងឡើយ ដ្បិតថា បើអ្នកទៅធ្វើចម្បាំងតនឹងព្រះនាងនោះ អ្នកមុខជានឹងចោលឆ្អឹងនៅទីនោះជាមិនខាន ។ ពី-ព្រោះ មិនដែលមានអ្នកណាចូលក្នុងនគរនោះ  ហើយត្រឡប់មកវិញបានឡើយ ។ មិនយូរពេលប៉ុន្មាន មច្ចុរាជក៏យកដួងវិញ្ញាណរបស់ព្រះចៅនាំចេញចាកព្រះកាយទៅ ។ ព្រះរាជបុត្រទាំងបីព្រះអង្គ ឡើងសោយរាជ្យ ជំនួសព្រះវររាជបិតាព្រមគ្នា ព្រោះទ្រង់ស្រឡាញ់គ្នាណាស់ ហើយមិនចង់បែកចេញពីគ្នាសោះ ។ លុះគ្រងរាជសម្បត្តិហើយភ្លាម ព្រះចៅទាំងបីព្រះអង្គទ្រង់ប្រឹក្សាគ្នា សម្រេចនឹងចូលទៅវាយយកនគរនៃព្រះនាងអារ៉ាបុស្កា ដោយជំនុំគ្នាថា ព្រះវរបិតាយើង មិនគួរបើនឹងខ្លាចដោយឥតពិចារណាសោះ ព្រោះនៅក្នុងព្រះរាជរដ្ឋាទិសបូព៌ គេមិនឃើញមានអ្វីក្រៅពីទីវាលដាច់កន្ទុយភ្នែក រកក្រុង រកភូមិ រកមនុស្សម្នាគ្មាន ។ ម្ល៉ោះហើយព្រះយុវរាជាទាំងបីព្រះអង្គ ទ្រង់សម្រេចឲ្យសម្ដេចព្រះរៀមស្ដេចយាងទៅមុន ជាមួយនឹងពលយោធាមួយកងយ៉ាងក្លាហាន ។ ប្រសិនបើមានគ្រោះថ្នាក់ដល់សម្ដេចព្រះរៀម ហើយពេលដំណាច់ឆ្នាំមិនឃើញទ្រង់ស្ដេចយាងត្រឡប់មកវិញទេ សម្ដេចព្រះរៀមទី២ ត្រូវលើកកងយោធាចេញទៅតាម។ ជាទីបំផុត បើដល់ដំណាច់ឆ្នាំមួយទៀត ហើយមិនឃើញសម្ដេចព្រះរៀមទី២ ទ្រង់ស្ដេចយាងមកវិញទេ នោះព្រះរាជបុត្រពៅនឹងលើកកងទ័ពចេញទៅដោយព្រះអង្គឯងតែម្ដង ។ គិតភ្លាមធ្វើភ្លាម ។ លុះបានកេណ្ឌកងយោធាច្រើនល្មមគ្រប់-គ្រាន់ហើយ សម្ដេចព្រះរៀមច្បង នាំកងទ័ពចូលបន្តិចម្ដងៗ សន្សឹមៗទៅក្នុងដែននៃព្រះនាង អារ៉ាបុស្កា ។ ពួកកងទ័ពចេះតែត្រាច់ទៅៗ អស់កាលដ៏យូរ ឥតបានឃើញអ្វីសោះ ឃើញតែមេឃ និងដីវាលក្រៀមក្រោះ ហើយពួកទាហានមានសេចក្ដីលំបាកវេទនា ដោយរកទឹកមួយដំណក់ផឹកគ្មាន ។ ប៉ុន្តែ ថ្ងៃមួយនៅពេលម៉ោង ១២ ថ្ងែត្រង់ គេបានប្រទះប្រាសាទមួយភ្លឺចិញ្ចាចដូចថ្ងៃ។ ព្រះចៅទ្រង់ចាត់ឲ្យរៀបកងទ័ពតាមក្បួនចម្បាំងមួយរំពេច ហើយទ្រង់ព្រះរាជបញ្ជាឲ្យព័ទ្ធវាំងនោះ ។ ប៉ុន្តែនៅទីនោះ គេមិនឃើញមានមនុស្សម្នាក់សោះ សូម្បីតែស្នាមជើងមនុស្សក៏គ្មាន មានតែទួលប្រាសាទយ៉ាងល្អអស្ចារ្យ, ឥដ្ឋក្រាលយ៉ាងរលោង បន្ទប់ទូលាយ មានពន្លឺរាប់រយពាន់ មានរស្មីចាំងផ្លេកៗ ល្អជាងពន្លឺព្រះអាទិត្យ ទ្វារនិងបង្អួចធ្វើពីឈើនាងនួន ប្រកបដោយក្បាច់ចម្លាក់ផ្សេងៗ ក្លោងទ្វារជ័យលំអដោយត្បូងពេជ្រ មានរស្មីចាំងចិញ្ចែង ។ មិនតែប៉ុណ្ណោះ គេឃើញតុមួយយ៉ាងធំសម្បើម ហើយនៅលើនោះ មានម្ហូបអាហារពាសពេញគ្រប់បែបយ៉ាង ឆ្ងាញ់ពិសា មួយណាដូចមួយណា ។ ហើយមានឧម្មង្គមួយយ៉ាងវែង ដើរបីថ្ងៃមិនផុត ដាក់ពេញសុទ្ធតែធុងស្រាទំពាំងបាយ-ជូរ ជាទីពេញចិត្តដល់អ្នកផឹក ដែលកាន់កែវរាំលេងយ៉ាងសប្បាយ ។ លុះបានរកឃើញកន្លែងនោះកាលណា ពួកទាហានរត់ដាក់ឧម្មង្គភ្លាម នាំគ្នាផឹកស៊ីច្រៀងរាំតាមអំពើចិត្ត ទាល់ស្លឹកត្រចៀកឡើងក្រហមរៀងខ្លួន តាំងពីកូនទាហានដល់នាយទាហានធំៗ ព្រមទាំងព្រះចៅរាជាធិរាជ  ហើយនាំគ្នាដេករដូករណែលឥតដឹងខ្លួនប្រាណ ។ វេលារាត្រី មានស្រ្តីក្រមុំម្នាក់រូបល្អអស្ចារ្យ បើអ្នកណាឃើញសឹងភ្លឹកបាត់ស្មារតី ហោះមកភ្លែត ។ នាងពញ្ញាក់ពួកទាហានដោយសូរសន្ធឹក ប៉ុន្តែនាងរះតែមួយខ្វាប់នូវមនុស្សទាំងឡាយ ដោយកាំបិតបន្ទោះ ដែលនាងកាន់នៅដៃស្ដាំ ហើយចាក់ឆ្កឹះមួយម្ដងៗទៅខាងក្រៅប្រាសាទលើគំនរសាកសពទាំងឡាយដទៃ ។ រួចនាងលាងឈាមដែលប្រឡាក់ពាសពេញ បិទធុងស្រាដែលហូរហៀរចេញចោល រៀបចំម្ហូបចំណីជាថ្មី បរិភោគដោយខ្លួននាង ហើយព្រឹកឡើងពេលស្រាងៗក៏ហោះទៅវិញបាត់ ។ ម្ល៉ោះហើយ ប្រាសាទនោះស្អាតធេង គ្មានប្រឡាក់ដិតដាមដោយស្នាមរឿងដែលកន្លងទៅហើយនោះឡើយ ។ ព្រះអនុជទាំងពីរ ទ្រង់មិនឃើញព្រះរៀមស្ដេចយាងត្រឡប់មកវិញ ក៏នៅរង់ចាំអស់ពេលមួយឆ្នាំ ។ លុះដល់ពេលដំណាច់ឆ្នាំ ត្រូវវេនព្រះរៀមទី២ ជាអ្នកចេញទៅម្ដង ជាមួយនឹងទាហានទាំងឡាយដែលប្រមូលបានមក បានទៅដល់ប្រាសាទដដែល ហើយត្រូវទទួលគ្រោះកាចដូចជាព្រះរៀមច្បងដែរ ។ លុះដល់ដំណាច់ឆ្នាំមួយទៀត ព្រះរាជបុត្រពៅចាប់ធ្វើដំណើរចេញទៅ ។ ព្រះរាជបុត្រអង្គនេះគឺជាអ្នកវាងវៃឆ្លាតក្នុងឧបាយកល ជាងក្នុងបណ្ដាព្រះរាជបុត្រទាំងបី។ ដូច្នេះ កាលព្រះអង្គទ្រង់ស្ដេចយាងទៅដល់ប្រាសាទនោះ ពួកទាហានទាំងប៉ុន្មាន បានប្រព្រឹត្តអំពើដូចទាហានមុនៗទាំងឡាយ ។ ចំណែកឯព្រះអង្គ ទ្រង់មិនសោយសុរាឡើយ បែរជាទ្រង់ស្ដេចរត់ចេញទៅពួននៅក្បែរប្រាសាទ លើមែកឈើមួយដើមយ៉ាងស៊ុបទ្រុប គ្មាននរណាអាចមើលឃើញ ។ ព្រះអង្គទ្រង់ប្រថាប់ក្នុងទីនោះអស់ទិវសភាគ ។ ដល់ពេលរាត្រី ព្រះអង្គព្រះសណ្ដាប់ឮសូរដូចជាខ្យល់ព្យុះបក់មកយ៉ាងខ្លាំង ហើយទ្រង់ស្ដេចទតឃើញព្រះនាងអារ៉ាបុស្កាមកដល់ភ្លែត ឃើញចូលក្នុងប្រាសាទ ឃើញចាក់ឆ្កឹះខ្មោចទាហានរបស់ព្រះអង្គបោះចោល ។ ព្រះអង្គទ្រង់ពុះពោរក្នុងព្រះរាជហឫទ័យដោយព្រះពិរោធ និងដោយព្រះទ័យមេត្តា តែទ្រង់មិនអាចនឹងធ្វើដូចម្ដេចកើត  ។លុះព្រឹកឡើង ព្រះមហាក្សត្រ ទ្រង់ទតឃើញនាងនោះហោះទៅវិញ ដោយមានកាំបិតបន្ទោះនៅដៃ ។ ប៉ុន្តែ ដោយទ្រង់ទតឃើញរូបនាងល្អប្រកបដោយសម្ផស្សយ៉ាងក្រៃពេក ព្រះរាជា ក៏ទ្រង់ឈប់នឹកគិតដល់សេចក្ដីអន្តរាយ ទើបទ្រង់យាងចុះពីដើមឈើ ទ្រង់លោតគង់លើព្រះទីនាំងអស្សតរ ដែលទុកជាទាហានមួយរបស់ទ្រង់ ហើយបំផាយដេញតាមនាងពីក្រោយ ។ ហេតុតែកុសលរបស់ទ្រង់ បានជាព្រះនាងអារ៉ាបុស្កាមិនងាកក្រោយ ព្រោះអ្វី ប្រសិនបើនាងបានឃើញ នោះ សមព្រះចៅនឹងផុតព្រះជន្មត្រឹមហ្នឹងស្រេច ។ ព្រះចៅចេះតែទ្រង់ស្ដេចយាងតាម! ទ្រង់បរបំផាយព្រះទីនាំងអស្សពាហ៍ឆ្លងកាត់ភ្នំ កាត់ទីវាល កាត់ព្រៃព្រឹក្សា ! ជាទីបំផុត សេះហត់អស់ជើង ព្រះអង្គក៏ហត់ ទើបបានដល់នគររបស់សត្វចាប គឺជាព្រៃមួយកន្លែងនៅលើកំពូលភ្នំ ។ ត្រង់ទីនេះ ព្រះរាជាបាត់ដានព្រះនាងអារ៉ាបុស្កា មិនដឹងជាទៅខាងណា ។ បើដូច្នេះ តើធ្វើដូចម្ដេច?ទ្រង់ដណ្ដឹងសួរចាបថា តើចាបទាំងនោះស្គាល់ទីលំនៅរបស់ព្រះនាងឬទេ ? ចាបទាំងអស់ឆ្លើយព្រមគ្នាឡើងថា ៖សូមទ្រង់ព្រះមេត្តាប្រោស ! យើងខ្ញុំរាល់គ្នាមិនស្គាល់ទេ ។ ប៉ុន្តែ បើទ្រង់ត្រូវការ យើងអាចបង្ហាញផ្លូវថ្វាយបាន ព្រោះព្រះអារ៉ាបុស្កាទៅមកជានិច្ចតាមហ្នឹង ពិតមែនតែព្រះនាងមិនដែលឈប់ ។ ហេតុដូច្នេះ ចាបចិត្តស្លូតត្រង់ ហើរនាំផ្លូវទ្រង់ដល់ព្រំប្រទល់ដែននគររបស់ខ្លួន ហើយក៏សូមលាព្រះអង្គមកវិញ ទុកឲ្យព្រះចៅស្ដេចយាងតែមួយព្រះអង្គ ក្នុងការថែរក្សានៃព្រះអាទិទេពជាម្ចាស់ ។ ឯកោ អនាថោ ព្រះរាជាទ្រង់ធ្វើព្រះរាជដំណើរតទៅទៀត ហើយទ្រង់បានដល់នគរសត្វក្អែក នគរសត្វអក នគរសត្វតាដក់ សត្វទាំងនេះ នាំសេចក្ដីក្រាបបង្គំទូលដូចជាចាបដែរ គឺគ្មានដឹងអ្វីច្រើនទៅទៀត មិនដឹងជាព្រះនាងអារ៉ាបុស្កាគង់នៅទីត្រង់ណា គ្រាន់តែឃើញព្រះនាងហោះទៅហោះមកដូច្នេះ ។ព្រះចៅទ្រង់មិនបង្អង់ ក៏ស្ដេចយាងឆ្ងាយទៅទៀត រួចទ្រង់បានដល់នគរសត្វត្រដេវវិច នគរសត្វល្វាចេក នគរសត្វគ្រលីងគ្រលោង ហើយបក្សីទាំងនោះបានប្រជុំអស់ប្រជារាស្រ្ត ដើម្បីសាកសួរថា តើក្រែងមានឈ្មោះណា  ធ្លាប់បានស្គាល់ទីលំនៅនៃព្រះនាងអារ៉ាបុស្កាដែរ ? ប៉ុន្តែមិនមានសត្វណាមួយអាចឆ្លើយក្រាបបង្គំទូលបានសោះ ។ជាទីបំផុត គេបានឃើញសត្វត្រដេវវិចពិការបាក់ជើងម្ខាង ដើរប៉ាក់ពៀចមកដល់ ហើយក្រាបបង្គំទូលថា ៖ បពិត្រព្រះករុណាជាអម្ចាស់ ទូលព្រះបង្គំស្គាល់ព្រះរដ្ឋានៃព្រះនាងអារ៉ាបុស្កា ។ តើឯងស្គាល់ពិតមែនឬ ? សូមទ្រង់ព្រះមេត្តាប្រោសសេចក្ដីពិការនៃទូលព្រះបង្គំនេះ មកតែពីទូលព្រះបង្គំចង់ដឹងនគរនោះឯងជាហេតុ ។ ចុះព្រះនាងអារ៉ាបុស្កានោះជាអ្វី ? បពិត្រព្រះកុរណាថ្លៃវិសេស អារ៉ាបុស្កាជាស្រ្តីក្រមុំម្នាក់ មានកាំបិតបន្ទោះជាកម្លាំង ។ បើគ្មានកាំបិតបន្ទោះនោះទេ គឺជាស្រ្តីធម្មតា ដូចជាអស់ស្រ្តីទាំងផ្ដាស ។ ប៉ុន្តែ បើកាំបិតបន្ទោះនៅក្នុងដៃហើយ ព្រះនាងអាចបំផ្លាញមនុស្សក្នុងសកលលោកទាំងមូលបាន ប្រសិនបើព្រះនាងចង់ ។ ព្រះចៅកំលោះ ទ្រង់សួរថា ៖ ដូច្នេះ បើឯងជូនយើងឲ្យដល់ទៅទីកន្លែងរបស់នាងផង តើបានឬទេ ? សូមទ្រង់ព្រះមេត្តាប្រោស បានប៉ុន្តែពិបាក ។ ពិបាកដូចម្ដេចក៏ដោយ ។ ដូច្នេះ សូមព្រះអាទិទេពជាម្ចាស់ជួយគាំពារទ្រង់ផង ដើម្បីផ្ចាញ់មារសត្រូវ  ។ហើយយកចុងស្លាបទៅប៉ះព្រះភ័ក្រ្តព្រះចៅ សត្វត្រដេវវិច សូមឲ្យព្រះចៅដាំទីងបីដង ។ លុះព្រះចៅធ្វើតាម ស្រាប់តែរូបព្រះអង្គក្លាយទៅជាសត្វរុយមួយ គឺជារុយធម្មតា ប៉ុន្តែចេះនិយាយ និងចេះយល់ការណ៍សព្វគ្រប់ ។ ត្រដេវវិច ក្រាបបង្គំទូលថា  «ឥឡូវ សូមព្រះអង្គទំលើខ្នងទូលព្រះបង្គំមក» ។ លុះព្រះចៅកំលោះ បានថ្លែងសេចក្ដីអរគុណចំពោះសកុណាទាំងឡាយនោះហើយ ត្រដេវវិចស្ទុះហើរភ្លែត បានជាប់ខ្យល់លើរួច ក៏ហើរបន្ទាបបន្តិចម្ដងៗចុះមកដី ។ ព្រះចៅខំទំតោងខ្នងសត្វត្រដេវវិចស្ទើរតែមិនជាប់ ភ័យខ្លាចក្រែងធ្លាក់ ហើយស្រែកសរសើរថា  «អ្នកឯងហើរលឿនមែន» ។ ត្រដេវវិចក្រាបបង្គំឆ្លើយតបថា «បើប្រសិនជាដើរតាមធម្មតា បីឆ្នាំទើបដល់» ។ ហេតុដូច្នេះ  បានជាទូលព្រះបង្គំនិម្មិតព្រះអង្គឲ្យក្លាយទៅជារុយ ។ រួចទទះស្លាបតែបីបួនដងទៀត ជនទាំងពីរក៏បានទៅដល់ ។ គ្រានោះ សត្វត្រដេវវិចក្រាបបង្គំទូលព្រះចៅកំលោះ សូមឲ្យទ្រង់លោតដាំទីងបីដងជាថ្មី ហើយព្រះអង្គក៏ត្រឡប់មកជាមនុស្សវិញ ។ តមកទៀត បក្សីចង្អុលប្រាប់ប្រាសាទនៃព្រះនាងអារ៉ាបុស្កា ដែលតាំងនៅលើកំពូលភ្នំតូចមួយ ។ វាក្រាបបង្គំទូលថា ៖ សូមព្រះអង្គស្ដេចយាងព័ទ្ធប្រាសាទ ព្រះអង្គនឹងទ្រង់ប្រទះទ្វារមួយជាវិការៈនៃមាស បើយាងទៅតាមទ្វារនោះ ទ្រង់នឹងបានដល់បន្ទប់ដែលព្រះនាងអារ៉ាបុស្កាតែងផ្ទំសម្រាកកាយ ក្រោយពេលត្រឡប់មកពីធ្វើដំណើរនេះវិញ ។ សូមព្រះអង្គឈប់ចាំឲ្យព្រះនាងផ្ទំលក់សិន រួចខំចូលយ៉ាងដូចម្ដេចកុំឲ្យព្រះនាងដឹង រួចលួចយកកាំបិតបន្ទោះទៅលាក់ក្នុងទីណាកុំឲ្យព្រះនាងរកឃើញ ។ ទូលព្រះបង្គំសូមទូលថា បើព្រះអង្គយាងចូលដល់ហើយ ទ្រង់ចង់ត្រូវការនឹងរូបព្រះនាងយ៉ាងណា ទ្រង់ចេះតែធ្វើបានតាមព្រះរាជបំណង ឥតមានរឿងហេតុអ្វីឡើយ ។ ព្រះចៅកំលោះ សូមថ្លែងអំណរគុណដល់សត្វត្រដេវវិចច្រើនជាអនេក ប៉ុន្តែ បក្សីចិត្តស្លូតត្រង់មិនត្រូវការនឹងសេចក្ដីគួរសមច្រើនពេក ក៏ស្ទុះហើរត្រឡប់វិលវិញ ដោយថ្វាយពរសព្ទសាធុការ សូមឲ្យព្រះចៅទ្រង់បានសម្រេចដូចព្រះហឫទ័យប៉ុនប៉ង រួចក៏ហើរបាត់ទៅក្នុងអាកាស ។ ព្រះចៅកំលោះ ទ្រង់ធ្វើតាមបណ្ដាំរបស់ត្រដេវវិច ព្រះអង្គសម្រេចលួចយកបានកាំបិតបន្ទោះ ហើយលាក់ទុកយ៉ាងស្រួលបួល ។ រួចទ្រង់វិលមកគង់ជិតព្រះនាងអារ៉ាបុស្កា  ប៉ុន្តែទ្រង់មិនអាចធ្វើដូចម្ដេចឲ្យព្រះនាងតើនឡើងបាន ទើបព្រះចៅចាប់ឱបព្រះនាងតែម្ដង ។ លុះព្រះនាងអារ៉ាបុស្កាទ្រង់ភ្ញាក់ឡើង  ក្នុងព្រះហស្ថនៃព្រះចៅកំលោះ ព្រះនាងចងចញ្ចើមចោលនេត្រទៅរកកាំបិតបន្ទោះ ហើយស្ទុះក្រោកទៅរកយក ។ ប៉ុន្តែ លុះរកពុំឃើញ ព្រះនាងយល់ច្បាស់ថា ព្រះនាងពិតជាលុះក្នុងកណ្ដាប់ព្រះហស្ថនៃព្រះចៅកំលោះ ដែលគង់នៅក្បែរនេះហើយ វេលាដែលព្រះចៅស្ទុះមកឱបម្ដងទៀត ព្រះនាងក៏ត្រឡប់ឱបព្រះអង្គវិញ ។ ព្រះនាងអារ៉ាបុស្កា ខំលួងលោម សូមឲ្យព្រះចៅប្រាប់កន្លែងលាក់កាំបិតបន្ទោះ ប៉ុន្តែព្រះចៅមិនព្រមប្រាប់ ខ្លាចក្រែងមានរឿងដូចលើកមុនទៀត ។ ខាងក្រោយដែលបានឱបថើបគ្នាទៅវិញទៅមក ព្រមបបោសអង្អែលអស់ចិត្តស្រេចហើយ ព្រះចៅទ្រង់នាំនាងវិលត្រឡប់មកព្រះនគរវិញ ។ ព្រះចៅ និងព្រះរាជជាយាយាងតម្រង់ព្រះរាជរដ្ឋា ។ ប៉ុន្តែ ម្ដងនេះខុសពីលើកមុន គឺសុទ្ធតែទីក្រុងមានផ្ទះល្អៗ មានមនុស្សយ៉ាងច្រើនអធិក ។ មនុស្សទាំងនេះ គឺជាព្រះនាងអារ៉ាបុស្កា ដែលជាអ្នកសត្រូវនឹងមនុស្សជាតិ បានបំផ្លាញចោលអស់ដោយប្រើអាវុធ គឺកាំបិតបន្ទោះនេះ ។ឥឡូវកាំបិតនោះបាត់ហើយ វត្ថុទាំងប៉ុន្មាន ព្រមទាំងមនុស្សត្រឡប់មានជីវិតឡើងវិញទាំងអស់ ដោយទាំងព្រះរៀមទាំងពីរព្រះអង្គរបស់ព្រះចៅ ហើយនិងកងពលយោធាទាំងអស់ផង ។ 

                                                        លោក ផេង - ជ្រីវ នៅក្រសួងឃោសនាការជាតិប្រែចាកសៀវភៅ កុងត៍អេឡេសដ៍ ដឺ រោម៉ានី

                                                                                                                           (Contes et Légandes de Roumanie )

(ចប់)

Flag Counter