រឿងព្រេងប្រទេស ម៉ិចហ្សិកចែងអំពី ឆ្កែព្រៃ និងក្រុមឆ្កែស្រុក

នេះគឺជារឿងឆ្កែព្រៃដែលជាសត្វបោកប្រាស់ ហើយជាសត្វភ្លើផង ។ ចំពោះសត្វនេះ សត្វដទៃទៀតបាននិយាយដោយពិតថា ការឈ្លាសវាងវៃរបស់វា មានទំហំស្មើនឹងដំណើរភ្លើល្ងើរបស់វាដែរ ។

ថ្ងៃមួយ ឆ្កែព្រៃនេះកំពុងតែត្រាច់ចរតាមជ្រលងរាបចន្លោះភ្នំពីរស្រាប់តែឆ្កែស្រុកពីរធំៗ ដែលបោលរកដេញខាំខ្លួនវាយូរហើយនោះ បានលោតពីក្រោយមហាសិលាពីរផ្ទាំងមក ។ ឆ្កែព្រៃយើង ក៏ដាក់មេផាយយ៉ាងលឿនឆ្ពោះទៅរកព្រៃ ។ ប៉ុន្តែឆ្កែស្រុកទៅជាស្មានថា វាបោលទៅរកទីវាលចម្ការវិញ ។ កាលដែលឆ្កែព្រៃបោលជុំវិញព្រៃស៊ុម-ទ្រុម លោកតផ្លោះរំលងថ្ម រំលងព្រែកឥតទឹក បង្ហុយធូលីទ្រលោមឡើងពីក្រោយនោះ វាស្មានថាមុខជាបានរួចពីកណ្ដាប់ដៃឆ្កែស្រុកហើយដោយបានឮសូរសំឡេងព្រុសយ៉ុះ ! យ៉ុះ ! នៃឆ្កែស្រុកយ៉ាងខ្សោយពីចម្ងាយមក ។ វាដង្ហក់ រួចមៀងមើលជុំវិញខ្លួនរកជម្រកដ៏ល្អសម្រាប់សម្រាក ។ ប៉ុន្តែ កាលដែលវាកំពុងតែសម្រេចចិត្តដូច្នេះ ស្រាប់តែលេចឆ្កែស្រុកពីទៀត មិនដឹងជាមកពីកន្លែងណា ស្ទុះដេញវាព្រមគ្នាតែម្ដង ។ ពេលនោះ ឆ្កែព្រៃក៏ត្រូវឆ្កែស្រុកថ្មីទាំងពីរនោះ បំផាយឲ្យត្រឡប់ទៅកន្លែងដើមរបស់ខ្លួនវិញ ។ ពួកឆ្កែស្រុកចេះតែប្រដេញវាមុខក្រោយៗ ឆ្លងកាត់វាលខ្សាច់ ដរាបដល់វាហេវអស់កម្លាំងយ៉ាងខ្លាំង រកបោលឲ្យឆ្ងាយតទៅទៀតមិនបាន ។ ឆ្កែស្រុកពីរនៅខាងក្រោយ កាន់តែជិតមកៗ ហើយនៅខាងមុខឯណោះ មានឆ្កែស្រុកពីរទៀតនោះ កំពុងតែរង់ចាំខ្លួន ម្ល៉ោះហើយវាដឹងថា ត្រូវតែធ្វើការឲ្យរហ័សរហួនទើបរួចខ្លួន ។ នៅលើចំហៀងភ្នំ ឆ្កែព្រៃបានឃើញសភាពខ្មៅងងឹតរាងមូលមួយកន្លែង នាំឲ្យវាមានសេចក្ដីក្លាហានឡើងវិញ ។ វាស្មានថា សភាពខ្មៅនោះកាន់តែខិតមកជិតខ្លួនហើយ គឺជាគុហា (Cave) មួយ ។ ហើយឥឡូវវាមើលទៅឃើញឆ្កែស្រុក ដែលនៅខាងមុខទាំងពីរនោះហើយថែមទាំងឮសូរសន្ទុះឆ្កែស្រុកខាងក្រោយថែមទៀតផង ។ វាបានបោលគេចភ្លែតយ៉ាងរហ័ស ហើយស្ទុះបោលសំដៅជើងភ្នំ ឲ្យផុតពីកណ្ដាប់ដៃពួកឆ្កែស្រុក, ប៉ុន្តែពួកនេះ បោលដេញយ៉ាងលឿនអស្ចារ្យ ហើយកាន់តែខិតចូលទៅជិតឆ្កែព្រៃបន្តិចម្ដងៗ ជិតដរាបដល់ឆ្កែព្រៃឮពួកគេពិភាក្សាគ្នាថា  តើឲ្យនរណាមួយចូលចាប់ខ្លួនវា ។ ឥឡូវវាបោលចូលទៅជិតគុហានោះ តែវាភ័យដោយគិតថា បើវាចូលទៅក្នុងគុហា គុហានោះល្មមឲ្យពួកឆ្កែស្រុកចូលដេញតាមបានមិនខាន។ ប៉ុន្តែ ឥឡូវ ឆ្កែស្រុកបានបោលមកជិតប្រកិតនឹងកន្ទុយរបស់វា ម្ល៉ោះហើយ ដោយការលោតដូចហោះ វាក៏បានជាន់ចុះទៅក្នុងមាត់គុហា ផុតពីកណ្ដាប់ដៃឆ្កែស្រុកភ្លាម ។ ឆ្កែព្រៃ ជាសត្វមានភ័ព្វ ដោយមាត់គុហានោះតូចមិនល្មមឲ្យពួកឆ្កែស្រុកចូលតាមបានឡើយ, ហើយវាបោលយ៉ាងឆ្ងាយពីមាត់គុហា ដែលអាចទៅឆ្ងាយបាន ។ ខាងក្រៅគុហា ពួកឆ្កែស្រុករត់ច្រាស់ច្រាល់ កោះនាយកោះអាយ ជញ្ជ្រំជើងជុំវិញមាត់គុហា,  មួយសន្ទុះក្រោយមកទើបបាត់សូរ ។ នេះជាសេចក្ដីតក់ស្លុតមួយដ៏អាក្រក់បំផុត ដែលឆ្កែព្រៃស្រាប់តែបានជួបប្រទះដោយស្រួលៗ ។ ប៉ុន្តែគ្រាដែលបានជួបនិរទុក្ខខាងក្នុងគុហាហើយ វាក៏មានសេចក្ដីក្លាហានឡើងវិញ ។ វាបែកគំនិតផ្ដើមគិតថា តួខ្លួនវាជាមិត្តម្នាក់របស់វា ដែលអាចរើខ្លួនរួចស្រឡះពីពួកឆ្កែស្រុក, ហើយកាលដែលអវយវៈដ៏ល្ហិតល្ហៃរបស់វា បានសម្រាកស្រួលហើយ, ចំណង់ខាងអួតសរសើរខ្លួនក៏កើតឡើងដល់វា ប៉ុន្តែគ្មាននរណាមួយក្នុងគុហានិយាយជាមួយវាសោះ, ម្ល៉ោះហើយ វាចាប់ផ្ដើមព្រោកប្រាជ្ញជាមួយនឹងអវយវៈផ្សេងៗរបស់វា ដែលមានអវយវៈខ្លះ បានប្រណាំងជាមួយពួកឆ្កែស្រុកនោះថា ៖

-ជើងតើជើងឯងបានធ្វើការអ្វីខ្លះ ?  (វានិយាយដោយចោលភ្នែកមើលទៅជើងទាំងបួនរបស់វា) ។ជើងឆ្លើយដោយមាត់របស់វាថា ៖ ពួកយើងបាននាំខ្លួនអ្នកឯងឲ្យឃ្លាតឆ្ងាយមកកាន់ទីនេះយើងបង្ហុយធូលីឲ្យហុយទ្រលោមឡើង ដើម្បីធ្វើឲ្យខ្វាក់ភ្នែកឆ្កែស្រុកចង្រៃ,យើងលោត ផ្លោះថ្ម, ផ្លោះព្រៃស៊ុមទ្រុម ហើយនាំខ្លួនអ្នកឯងមកដល់គុហានេះ! ។ អើល្អ! ល្អ! ជើងឯងធ្វើការល្អណាស! ។ ចុះត្រចៀក? ត្រចៀកឯងបាន ធ្វើអ្វីដែរ?។ យើងស្ដាប់ឆ្វេងស្ដាំ ស្ដាប់ឲ្យដឹងចម្ងាយដែលឆ្កែស្រុកបោល ដេញពីក្រោយ ដើម្បីឲ្យសញ្ញាដល់ជើងដែលត្រូវបង្កើនល្បឿនប៉ុន្មានៗ ទើបផុតពីអន្តរាយ។ -អើ! អស្ចារ្យមែន! ។ -ចុះភ្នែកឯងធ្វើការអ្វីដែរ ? ។ -យើងបង្ហាញផ្លូវឲ្យដឹងកន្លែងថ្មព្រៃស៊ុមទ្រុម ជ្រលងដងអូរ, យើងគយគន់ទៅឆ្ងាយ ដើម្បីរកកន្លែងនិរទុក្ខឲ្យអ្នក ហើយយើងឃើញគុហានេះ! ។ - អើ!ខ្ញង់មែន!។ ឆ្កែព្រៃនិយាយសួរខ្លួនឯង ឆ្លើយខ្លួនឯង យ៉ាងនេះហើយក៏សើចសប្បាយចិត្តយ៉ាងអស្ចារ្យ ដោយបន្លឺសំដីថា ៖ -ចុះភ័ព្វអ្វីអញក៏មានមិត្តភ័ក្តល្អៗ ដូចជាភ្នែក ត្រចៀកយ៉ាងហ្នឹងហ្ន៎ ! ។ឆ្កែព្រៃ ដែលមានជ័យជំនះដោយសារអវយវៈខ្លួន បានធ្វើការគ្រប់បែបឥតទំនេរក្នុងជីវិតដូច្នេះហើយ ក៏ងើបក្បាលបែរទៅក្រោយ ប៉ងនឹងទះខ្នងខ្លួន (បែបឥស្សរជនគាប់ចិត្តចំពោះអ្នកតូចណាមួយហើយ ទះខ្នងអ្នកនោះតិចៗ) ។ ស្រាប់តែឃើញកន្ទុយខ្លួនឯង ក៏លាន់មាត់ថា ៖

-អូ៎កន្ទុយ ! អញរកកលតែនឹងភ្លេចឯងទៅហើយ ! មក ! ប្រាប់អញមើល៍ តើឯងបានធ្វើអ្វីខ្លះប្រឆាំងនឹងឆ្កែស្រុក ក្នុងជ័យជំនះរបស់យើងនេះ ? ។ កន្ទុយ ក៏និយាយប្រាប់ដោយសំឡេងឆ្កែព្រៃខ្លួនឯងថា ៖ -អ្នកឯងមិនសូវជាគិតដល់ខ្ញុំប៉ុន្មានទេ ! ។ ដូច្នេះហើយ បានជាកន្ទុយគ្មានចម្លើយថាដូចម្ដេចឡើយ ។ វានិយាយទៅរកកន្ទុយទៀតថា ៖ -ជាទូទៅ អាឯងនេះ គ្រាន់តែជាអវយវៈបន្ថែមមួយ ឥតផលដល់យើង អាឯងនាំឲ្យយើងថយក្រោយជាងអ្វីៗទៅទៀត ថែមទាំងវិះតែឲ្យគេចាប់ខ្លួនអញបានផងទៀត អាឯង នាំឲ្យពួកឆ្កែស្រុកចាប់ចុងអាឯងកន្ត្រាក់ទៅក្រោយ, ប៉ុន្តែ យើងចាំស្ដាប់ពីគាត់ឯងម្ដង និយាយមក ! អាឯងបានធ្វើអ្វីខ្លះ ? ។ ខ្ញុំបានធ្វើអ្វីទៅ ? គឺខ្ញុំបានបក់ចុះឡើងយ៉ាងនេះទៅរកពួកឆ្កែស្រុក ហើយប្រាប់ពួកវាឲ្យមកចាប់អ្នកឯង កាលអ្នកកំពុងតែបោល ខ្ញុំនៅខាងក្រោយអ្នក បង្ខំពួកឆ្កែស្រុកឲ្យវាបោលកាន់តែជិតមក, ទុកណាជាមានធូលីហុយឡើងក៏ដោយ ពួកវានៅតែអាចឃើញខ្ញុំ ដោយសារចលនាពណ៌សរបស់ខ្ញុំ ។ មុខក្រញូវរបស់ឆ្កែព្រៃ កាន់តែខ្មៅឡើងៗ ហើយស្រែកគំហករអាក់រអួលជាប់ៗ ដោយកំហឹងថា ៖ -ស្ងៀមទៅ ! កុំមាត់ ! អាឯងនិយាយបែបហ្នឹង តើវាមានន័យយ៉ាងម៉េច ? ពេលនោះ វាបែរទៅរកខ្នង រួចតប់កន្ទុយយ៉ាងធ្ងន់មួយដៃ ដោយពាក្យថា ៖ អាឯង មិនត្រូវនៅក្នុងគុហានេះ ជាមួយអវយវៈដ៏វិសេសរបស់យើងទៀតទេ ! អាឯងនេះ ជាអ្នកក្បត់ ! ។ ថាហើយ ឆ្កែព្រៃក៏រុញកន្ទុយខ្លួនឆ្ពោះទៅទ្វារគុហា ! -ទៅក្រោយ ! កុំនៅជាមួយអញ ! ទៅក្រៅទៅ, គ្មានបន្ទប់ឯណាសម្រាប់អាចង្រៃឯងក្នុងទីនេះទេ, អាឯងត្រូវតែទៅនៅខាងក្រៅ ព្រោះអាឯងជាបក្សពួកខាងឆ្កែស្រុក, អាឯងជួយគេឲ្យចាប់អញ រួចហើយអាឯងអួតសរសើរពីវា ! ទៅក្រៅទៅ ! ។ ឆ្កែព្រៃ បានចង្អុលទៅកន្ទុយខ្លួនដោយដៃម្ខាង ហើយចង្អុលទៅទ្វារគុហាដែលមានពន្លឺថ្ងៃចាំងចូលមក ដោយដៃម្ខាងទៀត ។ - ទៅក្រៅទៅ ! ។ ពេលនោះ វាបានរុញកន្ទុយឲ្យចេញទៅខាងក្រៅទ្វារដែលជាលំហអាកាស ។ ពួកឆ្កែស្រុក ដែលចាំស្ដាប់ការនិយាយរបស់ឆ្កែព្រៃខាងក្នុងគុហា បានលាក់ខ្លួនពួននៅខាងក្រៅ កាលបានឃើញកន្ទុយឆ្កែព្រៃលេចឆ្កុយចេញមកតាមទ្វារគុហាដូច្នោះ ក៏នាំគ្នាទៅចាប់ទាញឡើង ។ ម្ល៉ោះហើយ ឆ្កែព្រៃនោះក៏ត្រូវពួកឆ្កែស្រុកទាំងអស់ កន្ត្រាក់ទាញចេញមកក្រៅគុហា ពីព្រោះតែកន្ទុយនោះឯង ។

                                                                          ភិក្ខុ ម៉ែន - រៀម សិក្សាពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជ ប្រែពីភាសាអង់គ្លេស

(ចប់)

Flag Counter