រឿងព្រេងពស់លេបមន្ត្រីធំ

  • Print

តាមសេចក្ដីតំណាលថា កាលពីព្រេងនាយ នៅនគរមួយមានកុមារម្នាក់ជាកូនអ្នកកម្សត់ទុគត៌ អាយុប្រហែល ១០ ឆ្នាំ ។ ថ្ងៃមួយកុមារទៅឃ្វាលគោតាមភ្លឺស្រែ ស្រាប់តែឃើញកូនពស់តូចមួយវារក្បែរជើង មិនស្គាល់ជាពស់អ្វី ក៏ចាប់យកកូនពស់នោះមកផ្ទះចិញ្ចឹមទុកមើលលេង រកអាហារចំណីឲ្យពស់ស៊ីរាល់ថ្ងៃ ហើយចេះតែស្ទាបអង្អែលលើកពស់បីត្រកងលេងព្រឹកល្ងាច ទាល់តែពស់នោះទៅជាសាំងស្លូត ស្រឡាញ់ម្ចាស់ មិនដែលខាំម្ចាស់វាទេ វាចេះស្ដាប់ ចេះនិយាយភាសាមនុស្សផង ដោយសារវាស្ដាប់ វានិយាយជាមួយម្ចាស់វារាល់ថ្ងៃ ខែ ដរាបដល់ម្ចាស់វាធំខ្លួនអាយុច្រើន មានប្រពន្ធហើយមានកូនបីនាក់ផង ។ ចំណេរយូរមក ពស់នោះកាន់តែធាត់ធំឡើង គ្មានកន្លែងដេកនៅផង គ្មានអាហារចំណីស៊ីឲ្យឆ្អែតឆ្អន់ផង ថែមទាំងពួកអ្នកស្រុកខ្លាចពស់នោះពេក ចេះតែបង្ខំបុរសម្ចាស់ពស់ឲ្យយកពស់ទៅលែងក្នុងព្រៃ ។ បុរសម្ចាស់ពស់ទ្រាំមិនបាន   ក៏កាត់ចិត្តអង្វរពស់កុំឲ្យខឹងសម្បារ ទើបបណ្ដើរពស់យកទៅលែងក្នុងព្រៃធំ ប្រាប់ថា  «ចូរសម្លាញ់ឯងនៅក្នុងព្រៃនេះឲ្យសុខសប្បាយចុះ បើឯងរលឹកអញ កុំបាច់ទៅរកអញឯស្រុកភូមិ ក្រែងអ្នកស្រុកគេភិតភ័យព្រួតវាយឯងស្លាប់ទៅ យូរៗចាំអញមករកលេងនឹងឯង បើឯងឮមាត់អញស្រែកហៅ ត្រូវឯងលូនមករកអញកុំខាន» ។ ពស់ឮដូច្នោះ ក៏នឹកអាឡោះអាល័យម្ចាស់ណាស់ ឆ្លើយទាំងអួលអាក់ថា «អើសម្លាញ់ ចាំអញធ្វើឲ្យត្រូវតាមបណ្ដាំសម្លាញ់ឯង ចូរសម្លាញ់ទៅនៅផ្ទះឲ្យសុខសប្បាយចុះ យូរៗមកលេងនឹងអញម្ដងកុំខាន» ។ បុរស និងពស់លាគ្នាស្រេចហើយ ក៏បែកគ្នាទៅ ។  ចំណែកពស់នៅក្នុងព្រៃនោះយូរៗទៅ រកចាប់សត្វអ្វីស៊ីមិនបាន ព្រោះសត្វឯទៀតវាខ្លាចពស់ស៊ី វារត់គេចចេញពីព្រៃនោះបាត់អស់ទៅ ។ ពស់ធំមានសេចក្ដីអត់ឃ្លានជាខ្លាំង ទ្រាំមិនបាន ពេលរាត្រីស្ងាត់លបលូនចូលទៅក្នុងស្រុកភូមិជិតព្រៃចាប់ឆ្កែ ឆ្មា មាន់ ទា ជ្រូក របស់អ្នកស្រុកស៊ីរាល់តែយប់ ។ ក្រោយមកអ្នកស្រុកដឹងថាពស់ធំណាស់ចូលខាំសត្វរបស់ខ្លួនស៊ី ក៏ភិតភ័យឆោឡោប្រមូលផ្ដុំគ្នាពួនចាំស្ទាក់វាយពស់សម្លាប់ ប៉ុន្តែដល់ឃើញពស់ធំពេកលូនមក ក៏ស្លុតស្លន់ទាំងអស់គ្នា រត់យកតែអាយុជីវិតរៀងខ្លួន ។ ឯពស់ក៏ចេះតែមកចាប់សត្វក្នុងភូមិស៊ីជារឿយៗ ។ ថ្ងៃមួយ ពួកអ្នកស្រុកខ្លាចពស់ក្រែងស៊ីមនុស្សទៀត ទើបបបួលគ្នាចូលទៅជម្រាបលោកមន្រ្តីធំក្នុងនគរ ឲ្យលោកជួយសម្លាប់ពស់ ។ លោកមន្រ្តីនោះ នាំរឿងពស់ឡើងក្រាបទូលព្រះមហាក្សត្រសព្វគ្រប់តាមពាក្យអ្នកស្រុក ។ ព្រះមហាក្សត្រាធិរាជទ្រង់ត្រាស់បង្គាប់ឲ្យប៉ាវគងទូងភេរី ស្រែកប្រកាសរកអ្នកខ្លាំងពូកែ ហ៊ានទៅសម្លាប់ពស់នោះបាននឹងឲ្យរង្វាន់ជាច្រើន ហើយឲ្យជាមន្រ្តីធំផង ។ បុរសកម្សត់ឮព្រះរាជប្រកាសដូច្នោះ ក៏គិតថា «អញសព្វថ្ងៃនេះ ទ័លក្រណាស់ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ពេលនេះគួរតែអញទៅសម្លាប់ពស់ជាសម្លាញ់ យកប្រាក់យកយសសក្តិ» គិតដាច់ស្រេចហើយ ក៏កាន់កាំបិតចែតមួយដើរទៅរករាជអាមាត្យជម្រាបថា ខ្លួនធានាទៅសម្លាប់ពស់ធំនោះតាមព្រះរាជប្រកាស ។ អាមាត្យក៏កត់ត្រាឈ្មោះ និងទីលំនៅរបស់បុរសនោះទុកជាសំគាល់ រួចបើកឲ្យទៅសម្លាប់ពស់ ។ បុរសទុគ៌ត ដើរសំដៅទៅរកព្រៃដែលខ្លួនលែងពស់នោះតែម្នាក់ឯង ឥតហៅអ្នកណាឲ្យជូនទៅផងទេ ព្រោះខ្លាចគេដឹងរឿងខ្លួនជាម្ចាស់ពស់ លុះដល់កន្លែងដែលខ្លួនលែងពស់ក៏ឈប់ ឈរហើយស្រែកហៅថា «អើពស់សម្លាញ់ ! អញនឹករលឹកឯងណាស់ ចូរឯងមកជួបនឹងអញពេលនេះឲ្យឆាប់ៗ» ។ ពស់ឮសម្លេងបុរស ក៏ចាំបានជាមាត់ម្ចាស់ខ្លួនពីដើម ទើបលូនចូលមកមើល ឃើញស្គាល់ច្បាស់ជាម្ចាស់មែនហើយ ត្រេកអរណាស់ ដោយនឹករលឹកជារឿយៗ ចូលមកដល់ជិតខ្លួនធ្វើអាការស្និទ្ធស្នាលប្រឡូកប្រឡែងដូចកាលធ្លាប់នៅជាមួយម្ចាស់  ហើយសួរសុខទុក្ខម្ចាស់សព្វគ្រប់ប្រការ ។  បុរសកម្សត់ ឃើញកិរិយាពស់ដូច្នោះ ក៏ស្លុតចិត្តអាណិតអាសូរណាស់ ទន់ដៃលើកកាំបិតមិនរួច គិតថា «ឱ ! សត្វតិរច្ឆានចិត្តត្រង់ណាស់ តើ បែកមកជិត ១០ ឆ្នាំហើយ នៅតែចាំចិត្តដដែល ឥតប្រែប្រួលសោះ ប្លែកតែអញ បែរជាចិត្តអាក្រក់គិតសម្លាប់វាទៅវិញ» ។ បុរសសួរសុខទុក្ខពស់សព្វគ្រប់ហើយ ក៏អង្គុយស្ងៀមស្ងាត់ដកដង្ហើមធំឃូរៗ ។  ពស់ឃើញអាការម្ចាស់ប្លែកដូច្នោះនឹកសង្ស័យ សួរថា «លោកម្ចាស់មកនេះតើដោយមានទុក្ខធុរៈអ្វី ចូរប្រាប់ខ្ញុំឲ្យត្រង់ ខ្ញុំនឹងជួយដោះទុក្ខធុរៈនោះ» ។ បុរសអាណិតពស់ណាស់ ទ្រាំមិនបានប្រាប់តាមពិតត្រង់ថា «លាក់បាំងអីសម្លាញ់ ! អញមកនេះប្រុងនឹងសម្លាប់ឯង  ព្រោះឯងទៅខាំសត្វរបស់អ្នកស្រុកស៊ីរាល់យប់ គេខឹងទៅទូលហ្លួងៗ ប្រើអញឲ្យមកសម្លាប់ឯង ហើយនឹងប្រទានរង្វាន់អញជាច្រើន និងឲ្យធ្វើជានាម៉ឺនធំផង អញចង់បានប្រាក់ ចង់ធ្វើធំ បានជាធានាមកសម្លាប់ឯង» បុរសនិយាយប្រាប់ពស់បណ្ដើរ ស្រក់ទឹកភ្នែកបណ្ដើរ ។ សូម្បីពស់ដឹងថាម្ចាស់មកសម្លាប់ខ្លួនដូច្នោះ ក៏គ្មានអាក់អន់ចិត្តនឹងម្ចាស់សោះ ត្រឡប់ជាអាណិតម្ចាស់យ៉ាងខ្លាំង គិតថា «ឱហ្ន ! សេចក្ដីលោភរបស់មនុស្សអាចបំផ្លាញជីវិតមិត្តសម្លាញ់ ប្ដី, ប្រពន្ធ និងកូនបានជាប្រាកដ  បើដូច្នេះ   ពេលនេះគួរតែអញជួយសង្រ្គោះម្ចាស់អញចុះ» ទើបប្រាប់ម្ចាស់ថា «មិនអីទេ ខ្ញុំនឹងជួយម្ចាស់ឲ្យបានសម្រេចប្រយោជន៍ដូចបំណង ម្ចាស់មិនបាច់សម្លាប់ខ្ញុំទេ ប៉ុន្តែ ត្រឡប់ទៅផ្ទះវិញទូលស្ដេចថាសម្លាប់ខ្ញុំស្លាប់ទៅហើយ ឲ្យស្ដេចប្រទានរង្វាន់ និងយសសក្តិចុះ ព្រោះខ្ញុំលែងចូលទៅស៊ីសត្វអ្នកស្រុកទៀតហើយ ទុកដូចជាខ្ញុំស្លាប់ដែរ សូមម្ចាស់ត្រឡប់ទៅវិញចុះ បើមានធុរៈអ្វីទៀតសូមមករកខ្ញុំៗនឹងជួយទៀត» ។ (អស់លោកអ្នកអាន ! ដល់ត្រង់សំដីពស់នេះ អស់លោកយល់ដូចម្ដេច ចំពោះចិត្តសត្វ និងចិត្តមនុស្ស តើវាផ្ទុយគ្នាយ៉ាងណា ? លោកអ្នកប្រាជ្ញបានទូន្មានថា យើងនៅជាមួយសត្វសាហាវបានសុខជាងនៅជាមួយមនុស្សពាល    ដ្បិតសត្វសាហាវ   បើចិត្តវាត្រង់ៗរហូតដល់ស្លាប់ បើចិត្តវាវៀច ខាំសម្លាប់យើងភ្លាម, ចំណែកចិត្តមនុស្សពាលមិនត្រង់ទេ ក្រឡិចក្រឡុចណាស់ ថ្ងៃខ្លះចិត្តល្អ ថ្ងៃខ្លះចិត្តអាក្រក់ ធ្វើឲ្យយើងទុកចិត្តខ្លះ មិនឲ្យទុកចិត្តខ្លះ ចេះតែធ្វើឲ្យលំបាកចិត្តរាល់ថ្ងៃ) ។ បុរសកម្សត់ឮសំដីពស់ ត្រេកអរណាស់ ឆ្លើយថា «អើបើឯងអាណិតជួយអញយ៉ាងនេះ អញនឹងដឹងគុណឯងទៅមុខឥតភ្លេចទេ» ថារួចលាពស់ចូលទៅស្រុកជម្រាបអាមាត្យថា ខ្លួនបានសម្លាប់ពស់នោះហើយ ។ អាមាត្យយកសេចក្ដីក្រាបទូលស្ដេចៗ ទ្រង់ប្រោសព្រះរាជទាន មាសប្រាក់ជាច្រើន ហើយឲ្យធ្វើជាសេនាបតីផង ។ លោកសេនាបតីនេះ  ល្បីឈ្មោះថាជាអ្នកខ្លាំងពូកែ  គ្មានសត្រូវណាហ៊ានប្រមាថមើលងាយទេ នៅជាសុខសប្បាយរៀងមក ។  កន្លងមកប្រហែលប្រាំឆ្នាំ ព្រះមហាក្សត្រទ្រង់ប្រឈួនជាទម្ងន់ គ្រូពេទ្យក្រាបទូលថា «ព្រះអង្គប្រឈួនថ្លើម កម្រមើលឲ្យសះជាណាស់ បើបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយ ទើបសះជា» ។  ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ពាក្យគ្រូពេទ្យដូច្នោះ ក៏ត្រាស់ហៅសេនាបតីដែលសម្លាប់ពស់ពីមុនឲ្យចូលគាល់ ហើយទ្រង់ត្រាស់ថា «បើអ្នកទៅរកថ្លើមនាគឲ្យយើងបាន យើងនឹងតាំងអ្នកឲ្យធ្វើជាអគ្គមហាសេនា» ។ លោកសេនាបតីនោះក្រាបទូលថា     សូមទទួលតាមបន្ទាល់ ទើបក្រាបថ្វាយបង្គំលាមកផ្ទះ ដល់ហើយប្រាប់ប្រពន្ធថា «ព្រឹកស្អែកអញនឹងទៅព្រៃភ្នំរកសម្លាប់នាគយកថ្លើមមកថ្វាយស្ដេច ត្រូវឯងរៀបស្បៀងឲ្យអញពីព្រលឹម» ប្រាប់រួចចូលដេកទៅ ។ បុរសព្រួយចិត្តពេកដេកមិនលក់សោះ គិតថា «ឱអញអើយ ! មុខជាស្លាប់ហើយគ្រានេះ មិនដឹងទៅសម្លាប់នាគឯណាបានទេ ប៉ុន្តែ ណ្ហើយចុះ ពស់ជាសម្លាញ់អញនោះវាធំណាស់ដែរ ខ្លួនប៉ុនដើមត្នោតទៅហើយ គេហៅថានាគ គួរតែអញទៅសម្លាប់យកថ្លើមវាមកថ្វាយស្ដេច ឲ្យតែបានរួចជីវិតអញ» គិតយល់យ៉ាងនេះហើយដេកទៅ, ព្រឹកឡើង ចេញពីផ្ទះទៅទាំងព្រហាមស្ងាត់តែម្នាក់ឯង  មិនឲ្យអ្នកណាឃើញ  ទៅដល់ទីព្រៃដែលពស់នៅ   ក៏ស្រែកហៅដូចមុន ។ ពស់ឮលូនមករកជួបសួរសុខទុក្ខគ្នាគ្រប់ប្រការ ។ លោកសេនាបតីគិតថា «អញមិនហ៊ានសម្លាប់ពស់នេះទេ ព្រោះវាធំណាស់មុខជាអញមិនឈ្នះវាទេ វាលេបអញទាំងរស់ឥឡូវនេះក៏បាន ដូច្នេះគួរតែអញនិយាយសុំថ្លើមវាតាមត្រង់ទៅចុះ ក្រែងជួនជាវាអាណិត» រួចនិយាយប្រាប់ពស់អំពីរឿងស្ដេចប្រឈួន ប្រើឲ្យមករកថ្លើមពស់យកទៅធ្វើថ្នាំ ហើយអង្វរពស់ថា «សូមសម្លាញ់អាណិតជួយអញម្ដងទៀតចុះ  បើឯងមិនជួយទេ  មុខជាអញស្លាប់មិនខាន ឲ្យអញសុំថ្លើមឯងបន្តិច» ។ ពស់ឆ្លើយថា «ម្ចាស់ចូលតាមមាត់ខ្ញុំទៅកាត់យកថ្លើមបន្តិចចុះ កុំកាត់ធំពេកក្រែងខ្ញុំឈឺស្លាប់ ព្រោះម្ចាស់មានគុណធ្លាប់បានចិញ្ចឹមរក្សាឲ្យអាហារចំណីខ្ញុំពីតូច ខ្ញុំសូមតបគុណម្ចាស់ពេលនេះ» ថារួចហាមាត់ចង្រ្គុង ។ លោកសេនាបតីលូនចូលទៅកាត់យកថ្លើមបានបន្តិចចេញមកវិញភ្លាម ។ (អស់លោកអ្នកអាន ជ្រាបចិត្តពស់យ៉ាងណា នៅគ្រាដែលពស់ហាមាត់ឲ្យសេនាបតីចូលទៅកាត់ថ្លើមខ្លួន ជាពស់ខ្លាចលោកសេនាបតីមិនហ៊ានលេបស៊ីឬអ្វី ?) ។ លោកសេនាបតីបានថ្លើមពស់យកទៅថ្វាយស្ដេច ទូលថា ថ្លើមនាគ គ្រូពេទ្យយកថ្លើមពស់នោះផ្សំថ្នាំថ្វាយស្ដេចសោយ សះជាព្រះរោគមួយរំពេចទៅ ទើបទ្រង់លើកលោកសេនាបតីនោះឲ្យធ្វើជាទីអគ្គមហាសេនាល្បីល្បាញកេរ្តិ៍ឈ្មោះ ថាជាអ្នកមានឫទ្ធីខ្លាំងពូកែណាស់ ហ៊ានទៅសម្លាប់នាគយកថ្លើមបាន អ្នកនគរខ្លបខ្លាចគ្រប់គ្នា ។ ឯលោកសេនាបតីក៏ខំបិទបាំងរឿងពស់ជាសម្លាញ់ខ្លួននោះ មិនឲ្យលេចឮសោះឡើយ ។ លំដាប់ពីនោះមក ព្រះបរមក្សត្រាធិរាជទ្រង់គង់ជាសុខសាន្តក្នុងសិរីរាជសម្បត្តិបានប្រមាណ ២ ឆ្នាំ ព្រះរោគចាស់នោះរើកម្រើកឡើងវិញធ្ងន់លើសដើម ។ គ្រូពេទ្យក្រាបទូលថា «ព្រះអង្គទ្រង់ប្រឈួនព្រះរោគដដែល ព្រះរោគចាស់នោះរើឡើងវិញ ព្រោះកាលនោះបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយតិចពេក មិនល្មមនឹងកម្លាំងព្រះរោគ បើបានថ្លើមនាគច្រើនជាងមុនមកទៀត ទើបព្រះរោគជាដាច់ជ្រះស្រឡះ លែងរើឡើង វិញ»  ។ ព្រះមហាក្សត្រទ្រង់ត្រាស់ប្រើលោកអគ្គមហាសេនាថា  «បើលោក ទៅរកថ្លើមនាគឲ្យបានច្រើនជាងពីមុនមកឲ្យខ្ញុំម្ដងទៀត ខ្ញុំនឹងតាំងលោកឲ្យធ្វើជាមហាឧបរាជ» ។  គ្រានោះ លោកអគ្គមហាសេនាឮព្រះរាជឱង្ការភ្លាម ក៏កើតលោភចេតនាខ្លាំងក្លាធំធាត់លើសដើម គិតថា «មុនដំបូង អញទ័លក្រណាស់ បានឆ្អែតព្រឹកខ្វះល្ងាច ឥឡូវអញមានធនធានចាយវាយមិនអស់ ទាំងយសសក្តិក៏ធំដាច់គេទៀត បើអញបានធ្វើជាមហាឧបរាជហើយ មិនយូរទេ មុខជាអញបានធ្វើព្រះមហាក្សត្រមិនខាន បើដូច្នេះ ត្រូវតែអញទៅសុំថ្លើមពស់សម្លាញ់អញម្ដងទៀត យកមកថ្វាយស្ដេច» គិតឃើញយ៉ាងនេះហើយក៏ទទួលយកអាសាតាមព្រះរាជឱង្ការ ក្រាបថ្វាយបង្គំលាចេញទៅ។ នៅពេលដែលលោកអគ្គមហាសេនាទៅជួបនឹងពស់នោះ បានថ្លែងប្រាប់ពស់សព្វគ្រប់តាមព្រះរាជតម្រាស់ហើយ អង្វរពស់សុំថ្លើមបន្តិចទៀត ។ ពស់នឹករលឹកឃើញឧបការគុណរបស់ម្ចាស់ កាលចិញ្ចឹមរក្សាពី តូច ក៏ឆ្លើយថា «សូមម្ចាស់យកថ្លើមខ្ញុំបន្តិចទៀតចុះ កុំអារយកធំពេកក្រែងខ្ញុំឈឺដល់ស្លាប់» ។  លោកអគ្គមហាសេនាត្រេកអរណាស់ នឹកសង្ឃឹមញញឹមក្នុងចិត្តថា អញមុខជាបានធ្វើមហាឧបរាជមិនខានឡើយ ទើបកាន់កាំបិតស្លាលូនចូលទៅអារថ្លើមពស់ បំណងអារឲ្យបានធំច្រើន បើទុកជាពស់ឈឺដល់ស្លាប់ ក៏ស្លាប់ទៅចុះ គ្មានចិត្តអាណិតអាសូរពស់បន្តិចសោះ ។ នៅពេលដែលលោកអគ្គមហាសេនាកំពុងតែអារថ្លើមនោះ ពស់ឈឺខ្លាំងណាស់ ខំអត់សង្កត់ទាល់តែស្រក់ទឹកភ្នែក រហូតដល់ភ្លេចនឹកថា ម្ចាស់ខ្លួននៅក្នុងមាត់ពាក់កណ្ដាលខ្លួនកំពុងតែអារថ្លើម ក៏ខាំមាត់សង្កៀតធ្មេញយ៉ាងមាំ ដើម្បីខំទប់ទល់នឹងការឈឺចាប់ក្នុងថ្លើម មិនដឹងជាម្ចាស់ត្រូវនឹងចង្កូមខ្លួនស្លាប់ក្នុងមាត់វេលានោះសោះ ។  មួយស្របក់ក្រោយមក ទើបពស់ភ្ញាក់ស្មារតីថាម្ចាស់ស្លាប់ក្នុងមាត់ខ្លួន ក៏រើខ្ជាក់មកក្រៅ នឹកអាឡោះអាល័យស្ដាយម្ចាស់ណាស់ ដោយគ្មានចេតនាប៉ុនប៉ងសម្លាប់ម្ចាស់សោះ ប្រុងតែជួយម្ចាស់ឲ្យបានធ្វើជាមហាឧបរាជ ។ កន្លងពីនោះមកបានពីរថ្ងៃ ពស់ក្ស័យជីវិតទៅដែរ ដោយសារជម្ងឺដាច់ថ្លើមពាក់កណ្ដាល ។ ដល់មកទីបញ្ចប់រឿង  លោកអគ្គមហាសេនាក៏ស្លាប់  ពស់ធំក៏ស្លាប់ ។  ត្រង់នេះ  អស់លោកអ្នកអានសន្និដ្ឋានយ៉ាងណា ? លោកអគ្គមហាសេនាសម្លាប់ពស់ ឬក៏ពស់សម្លាប់លោកអគ្គមហាសេនា ? សូមជួយវិនិច្ឆ័យក្នុងរឿងស្លាប់នេះផង ។បើតាមយោបល់ខ្ញុំអ្នកសរសេររឿងនេះ យល់ឃើញថា «មិនមែនលោកអគ្គមហាសេនាសម្លាប់ពស់ទេ, ឯពស់សោតទៀត ក៏មិនសម្លាប់លោកអគ្គមហាសេនាដែរ, តាមការពិត គឺសេចក្ដីល្មោភរបស់មនុស្សរមិលគុណទេតើ ដែលសម្លាប់ទាំងលោកអគ្គមហាសេនា សម្លាប់ទាំងពស់» ។ប៉ុន្តែដំណឹងមរណភាពនៃលោកអគ្គមហាសេនានេះ ត្រឡប់ជាល្បីលេចឮទូទៅពេញស្រុកភូមិថា «ពស់នាគរាជលេបមន្រ្តីធំ» ទៅវិញ, មិនឮថា មន្រ្តីធំចូលទៅក្នុងពោះអារយកថ្លើមពស់នាគរាជទេ ។ ព្រោះអ្នកស្រុកមិនដឹងរឿងអាថ៌កំបាំងរបស់លោកអគ្គមហាសេនា និងពស់នោះសោះ ។ ហេតុនេះ បានជាអ្នកស្រុកនិយាយគ្នារត់មាត់ថា «ពស់លេបមន្រ្តីធំ» ជាប់រហូតមកដល់សព្វថ្ងៃនេះ ។

ភ្លើងមិនចេះឆ្អែតនឹងការឆេះ

មហាសមុទ្រមិនចេះឆ្អែតនឹងទឹក

មនុស្សល្មោភមិនចេះឆ្អែតនឹងសម្បត្តិ ឬយសសក្តិ ។ 

* * *