១៤. រឿងព្រេង ក្ងាន និង កំពឹស

  • Print

មិត្តពិសោធដោយយកស្រូវមួយក្លាំ ហើយកប់កូនកំពឹសមួយនៅក្នុងនោះ យកទៅឲ្យក្ងានស៊ី តើវាដូចម្តេចទៅ ? នោះមិត្តនឹងឃើញសត្វបក្សីស៊ីស្រូវដោយឥតដោយកំពឹសសោះ ។ តើមកពីអ្វី ? វាខ្លាចពុលឬ ? មិនដូច្នោះទេ គឹក្ងានគោរពដឹងគុណកំពឹស ដូចមាននិទានតទៅនេះ ៖ក្នុងកាលសម័យពីព្រេងនាយយូរលង់ហើយ មានសេដ្ឋីម្នាក់ជាអ្នកបរបាញ់ តែងត្រាច់ចរដោយសេះទៅក្នុងព្រៃជ្រៅមួយ ដើម្បីបាញ់ម្រឹគីម្រឹគា និងអស់បក្សាបក្សី ។ នៅដំបូកមួយដាច់ស្រយាល នៅក្រោមដើមរាំង ញ្រនសេដ្ឋីបានគយគន់ជាញឹកញាប់ ឃើញពស់មួយគូញីឈ្មោលស្រឡាញ់គ្នារួមជីវិតមួយ ។ ពេលដែលពស់ជាភរិយាសកហើយ ខ្លួននៅខ្ចីទន់ទុរន់ទុរាទៅរកស៊ីពុំរួច,  ពស់ឈ្មោលជាប្ដីតែងលូនទៅរកអាហារ ពាំយកមកផ្ដល់បញ្ចុកឲ្យពស់ប្រពន្ធ រហូតដល់រឹងប៉ឹង មានកម្លាំងកំហែងមាំទាំ ទើបទៅរកស៊ីទាំងគូ ។ ពេលមួយ វេលាដែលសេដ្ឋីញ្រនជិះសេះមកដល់ដំបូកពស់ឈ្មោលដែលមានខ្លួនខ្សោយ ទើបនឹងសកសំណកថ្មីៗ ធ្វើក្បាលងីងើភ្នែកភ្លឹសៗ ដូចជាទន្ទឹងនរណាមួយដែលជាត្រួយជីវិតវាប្រាកដ ។ ញ្រនអ្នកមានដឹងជាក់ក្នុងចិត្តថា សត្វអាសិរពិសឈ្មោលនេះ ចាំមើលផ្លូវប្រពន្ធវា ដែលប្រហែលជាផ្លាស់វេនគ្នា ទៅរកចំណីមកបញ្ចុកប្ដីសម្លាញ់វាហើយមើលទៅ ។ គិតដូច្នោះ ញ្រនសេដ្ឋីក៏បង្ហួសជំនិះទៅមុខទៀត ។ មិនឆ្ងាយប៉ុន្មាន ស្រាប់តែញ្រនឃើញពស់មួយគូលូនទន្ទឹមគ្នាធ្វើរេរាៗមកពីនាយ ។ ញ្រនយល់ជាក់ជាពស់ញី គឺពស់ប្រពន្ធពស់ឈ្មោលដែលសកនៅនាដំបូក ។ ញ្រនកាត់យល់ក្នុងចិត្តភ្លាមថា មេពស់ញីនេះគ្មានពាំយកអ្វីក្នុងមាត់ទៅផ្ដល់ឲ្យប្ដីសោះ បែរជាធ្វើម្ញិកម្ញក់នាំឈ្មោលសហាយទៅលឿនស្លៅ គួរឲ្យសង្ស័យថា មុខជាវានាំអានេះទៅប្រហារឬព្យាបាទប្តីកំសត់ទន់ខ្សោយនៅឯរូងជាប្រាកដ  ។  គិតយល់ដូច្នោះ  ញ្រននឹកថា ឱហ្ន៎ !  សត្វតិរច្ឆានអើយ អីក៏សាមាន្យដូចមនុស្សលោកម្ល៉េះហ្ន៎ ! វេលាឯងមានទុក្ខ គ្នាជាប្ដីឈ្មោលខំត្រាច់រកអាហារ មិនខ្លាចនឿយហត់ មិនខ្លាចស្លាប់យកមកឲ្យស៊ី ដើម្បីស្មន់មកយាយីគ្នាទៅវិញ ឱហ្ន៎ ! ចិត្តញី ! ចិត្តអីក៏ឆ្លុះម៉្លេះ ! នេះបានចំជាចិត្តកាំបិត ចិត្តកាំភ្លើង ចិត្តអាវុធ គិតមកដល់ត្រង់នេះ ញ្រនសេដ្ឋីនឹកសង្វេគអាណិតដល់ជីវិតសត្វឥតទោសនៅឯនាយ ក៏តាំងគំនិតថា នឹងបាញ់អាចោរសាមាន្យពស់ឈ្មោលជាសហាយមីញីនេះឲ្យបាន កុំឲ្យវាទៅព្យាបាទយាយីគេខ្សោយ ។ ញ្រនក៏យឹតធ្នូដំឡើងព្រួញបាញ់តម្រង់ទៅពស់ឈ្មោល តែ.. តែអកុសលអ្វី ខណៈនោះពស់ញីចិត្តយក្សនាំខ្លួនវារឹបមកទទួលផ្លែព្រួញដល់សេចក្ដីស្លាប់ ដោយកម្លាំងថ្វីដៃមច្ចុរាជភ្លាម ។ ពស់សហាយស្លាំងកាំងមិនដឹងនឹងទៅឯណា ក៏គេចលូនភ្លាមមួយរំពេច, ប្រាស់យកតែអាយុទៅក្នុងគុម្ពោតព្រៃ ។ ញ្រននឹកស្ដាយក្រោយ  ក៏បរសេះទៅមុខទៀត ដើម្បីទៅរកព្រឹក្សាធ្វើទ្រនំស្នាក់បរបាញ់បានយូរថ្ងៃ។ ថ្លែងឯពស់ឈ្មោលជាប្ដីពស់ញីចិត្តចោរ មើលផ្លូវប្រពន្ធយូទៅៗ រហូតដល់យប់ក៏មិនឃើញមកវិញ ទើបនឹកថា ប្រហែលប្រពន្ធរងគ្រោះ ឬមានភ័យយ៉ាងណា គិតតែពីសោកសង្រេង អាឡោះអាល័យម្នាក់ឯង   លុះកន្លងពេលបន្តិចទៅមានកម្លាំងល្មម ពស់នេះក៏លូនតិចៗចេញទៅរកប្រពន្ធ ហើយក៏ប្រទះឃើញដេកស្លាប់នៅលើធរណី ដោយមានព្រួញយ៉ាងមុតមួយជាប់នឹងក្បាលប្រឡាក់ឈាមស្រមក ។ ពស់កំសត់ខ្សឹកខ្សួលអួលអាក់យំសស្រាក់ឯកោ ។ ក្រោយមកពស់នេះក៏ស្រងក្លិនព្រួញ ដឹងជាក់ជាញ្រនសេដ្ឋី ជិះសេះជិតរន្ធខ្លួនបាញ់ប្រពន្ធស្លូតត្រង់ឥតទោសស្លាប់ទទេៗ ក៏នឹកឆួលឆេះក្នុងបេះដូង តាំងគំនុំថានឹងទៅដល់ផ្ទះញ្រននេះចឹកវាឲ្យស្លាប់ដូចបំណង ។ សត្វឥតវិចារណញ្ញាណនេះ លូនតាមស្នាម និងក្លិនជើងសេះថយក្រោយរហូតទាល់តែដល់ផ្ទះសេដ្ឋីចិត្តបុណ្យ។ ក៏លូនឡើងទៅលើផ្ទះស្ងាត់ៗ ទៅពួននៅជិតទត្រង់សំយាប ចាំឲ្យសេដ្ឋីត្រឡប់មកពីបរបាញ់ នឹងលោតមកចឹកបញ្ចូលពិសឲ្យស្លាប់តៃហោងដូចបំណង ។ឯនាយសេដ្ឋីញ្រន លុះគម្រប់ថ្ងៃត្រឡប់ពីព្រៃមកផ្ទះ, គាប់ជួនថ្ងៃពស់រង់ចាំលើទនាសំយាបនោះ គាត់មិនឡើងចូលក្នុងផ្ទះ តាមហោណាំងមុខដូចសព្វមួយដងទេ,គាត់ឡើងតាមជណ្ដើរក្រោយចូលទៅក្នុងផ្ទះ ។ ដោះអាវជូតញើសស្រួលបួល សេដ្ឋីមកប្រជុំញាតិផៅគាត់នៅកណ្ដាលផ្ទះ ហើយនិយាយរាប់រៀបនូវអស់រឿងចៅពស់កម្សត់ប្ដីប្រពន្ធ រហូតដល់គាត់សម្លាប់មេញីសាហាវ ដោយឥតបំណងសោះនោះ ។  ពស់ឈ្មោលដែលចិត្តកន្ទះរាហើយពេញទៅដោយទោសៈលុះបានត្រងត្រាប់ស្ដាប់ឮនូវសេចក្ដីពិតនៃមរណភាពយ៉ាងអាសអាភាសរបស់ប្រពន្ធខ្លួនដូច្នេះ, វាក៏ទន់ចិត្តនឹកអរគុណសេដ្ឋីញ្រន ដោយយល់ថា "អើហ្ន៎" គំនិតអញពេញជាបាប អញគិតនឹងប៉ងខុសការពិតស្រឡះ លោកសេដ្ឋីនេះចិត្តបុណ្យ ចង់ជួយយកអាសាជីវិតអញសោះបើគាត់កុំបាញ់មេចោរអន្យតិរ្ថិយនេះស្លាប់ទេ,កុំអីវានឹងនាំសហាយមកខាំសម្លាប់អញកម្លាំងខ្សោយទន់ខ្លួនទេឬ ! ឱ! លោកនេះមានគុណធំចម្បងដល់អញណាស់ អញត្រូវតែសងគុណលោកឥឡូវឲ្យសមបំណង ។ ថាហើយ ពស់កំសត់ក៏ហាមាត់ក្អែរនូវដុំគជ់មួយគ្រាប់ទម្លាក់មកឲ្យសេដ្ឋីហើយក៏លូនចុះទៅលំនៅជាសុខសាន្ត ។ សេដ្ឋីអរណាសដោយបានរើសយកនូវដុំគជ់នេះហើយយកមករក្សាទុកនឹងខ្លួនយ៉ាងឋិតថេរ។តាំងពីថ្ងៃសេដ្ឋីបានដុំគជ់នេះមក សោតប្បសាទក៏ប្រែជាចេះស្ដាប់នូវភាសាសត្វទាំងឡាយ ដែលប្រាស្រ័យឆ្លើយឆ្លងគ្នាឥតចន្លោះឡើយសេដ្ឋីរីករាយណាស់។ ថ្ងៃមួយសេដ្ឋីត្រូវធ្វើដំណើរចូលទៅភូមិមួយដាច់ស្រយាលដែលខ្លួនធ្លាប់ទៅ។ ពេលទៅដល់ភូមិគាប់ជួនជាល្ងាច សេដ្ឋីមិនចូលទៅស្នាក់ផ្ទះមិត្តអ្នកមានៗទេ គាត់ចូលទៅផ្ទះបុរសភរិយាស្វាមីមិត្តគាត់ម្នាក់ដែលក្ររហាម នៅខ្ទម ដំបូលប្រក់មេឃមានត្រឹមតែក្ងានមួយគូញីឈ្មោល ជាទ្រព្យក្រោមផ្ទះប៉ុណ្ណោះ ។ បុរសប្ដីប្រពន្ធអរកខិបកខុបរៀបបាយទឹកអម្រស់អម្រ មកជូនមិត្តសេដ្ឋីពិសា។ នាយសេដ្ឋីនៅស្នាក់ផ្ទះនេះក្នុងយប់នោះ។នាកណ្ដាលអាធ្រាត្រស្ងាត់ បុរសជាប្ដីនិយាយទៅកាន់ភរិយាថា "ឯងអើយឥឡូវមិត្តយើងគេអ្នកមានធំមកលេងនឹងយើងៗ គ្មានបានម្ហូបអ្វីឆ្ងាញ់ពិសាជូនគេពិសាសោះពីល្ងាចមិញ ។ ឥឡូវស្អែកនេះ ពេលព្រឹក យើងនឹងឃាត់មិត្តយើងឲ្យគេនៅពិសាបាយមួយពេលនឹងយើងទៀត ។ ភរិយាឆ្លើយថា  "អើហ្ន៎  អ្នកអើយ  បើលុយគ្មាន  ខ្លួនក្រយ៉ាងនេះ តើ ស្អែកយើងបានអីជូនលោកសេដ្ឋីពិសា  មានតែអំបិលប្រហុកដូចពីម្សិលទៀត!” ។ ប្ដីឆ្លើយកាត់ថា "ឯងអើយគិតអីក៏វែងម៉្លេះ ស្លឹកគ្រៃ, ម្ទេស,  ខ្ទឹម,  ឆ្នាំង,  ចង្រ្កាន,  ទឹក,  ភ្លើង  យើងមានស្រេចហើយ   ឯក្រោមផ្ទះ ក្នុងទ្រុងក្រោមកន្លែងយើងនេះ ក្ងានយើងមួយគូទុកវាធ្វើអ្វីចាប់វាមួយសម្លាប់ស្លស្លុកទៅខ្វះអីម្ហូបឆ្ងាញ់នៅមុខសោះ!”។ប្រពន្ធឮដូច្នោះក៏អស់សំណើចហើយសាទរនាំគ្នាដេកទម្រាំព្រឹកនឹងសម្រេច រឿងនេះ ។ ថ្លែងឯក្ងានប្ដីប្រពន្ធទាំងគូនៅក្នុងទ្រុងក្រោមដំណេកម្ចាស់វា លុះឮការពិគ្រោះប្ដីប្រពន្ធ តម្រូវសម្លាប់មួយដូច្នោះ ក៏ដេកលែងលក់ នឹកស្រណោះស្រណោក យំស្រែកប្រាស្រ័យគ្នាជាភាសាសត្វដូច្នេះ  "ឱប្អូនសម្លាញ់ដួងជីវិតបងអើយនេះគឺសំដីក្ងានប្ដី, ឥឡូវម្ចាស់ថា សម្លាប់មួយមិនដឹងជាប៉ះលើរូបនរណាទេអូន !" ។ "ឱបងបណ្ដូលជីវិតប្អូន បើប៉ះលើរូបប្អូននោះ ប្អូនបន់ណាស់ សូមឲ្យទេវតាលោកទុកជីវិតបងចុះ !” ។ "ទេ, ទេ ! ប្អូនព្រលឹងមាសតន់ ឲ្យគេចាប់បងចុះ សោះបើគិតឲ្យតែជីវិតពៅនៅ !” ។ "ឱមាសស្នេហ៍បងអើយ បើយ៉ាងនេះ សូមឲ្យលោកម្ចាស់ចាប់យើងទាំងពីរ សម្លាប់មូលគ្នាទៅ សោះនឹងបាត់មួយនៅមួយ ទៅយើងនឹងទៅជួបគ្នាខាងមុខទៀត" ។ ការយំសោកនេះមិនតិចតួច ក៏លាន់ឮដល់ត្រចៀកសេដ្ឋីដែលកំពុងផ្ទៀងស្ដាប់តាំងពីសម្លេងមួយម៉ាត់ដំបូង ។ សេដ្ឋីនឹកអណោចអធម្មដល់ជីវិតនៃគូសង្សាររួមជីវិតនៃសត្វក្ងានទាំងពីរ ។ គាត់គិតថា ឱហ្ន ! ជីវិតគេជីវិតឯង សត្វក៏ដូចមនុស្ស, មានការស្នេហា, មានសេចក្ដីតក់ស្លុតរន្ធត់នឹងការស្លាប់ជាងអ្វីទាំងអស់, មានចិត្តស្រឡាញ់ជីវិតលើសលុបក្នុងលោក, ចុះខ្លួនអញអីក៏អាក្រក់ខ្លាំងម្ល៉េះ ចូលមកជម្រកនេះ ធ្វើឲ្យអំពល់ដល់សេចក្ដីសុខ  និងសុភមង្គលរបស់ក្ងានកម្សត់នេះម្ល៉េះ ! ... សេដ្ឋីត្រិះរិះយ៉ាងនេះរហូតដល់លង់លក់ទៅ ។ លុះភ្លឺស្រាងៗឡើង គាត់ក៏ក្រោកពីដំណេកចូលទៅផ្ទះបាយ ស្រាប់តែឃើញប្ដីប្រពន្ធកំពុងដាំទឹកក្ដៅលើជើងក្រានមួយថ្លាងធំ គាត់លាន់មាត់ថា "នែភ្ញាក់ពីថ្មើរណា ចុះដាំទឹកធ្វើអ្វី ?” ។ បាទអញ្ជើញទៅទម្រេតវិញទៅ នៅងងឹតណាស់ ទុកតាម តែខ្ញុំចុះកុំបារម្ភមិត្ត" ។ "ទេៗ ! ខ្ញុំដឹងហើយ មិត្តធ្វើអីហ្នឹង ។  “បាទ ខ្ញុំប្តីប្រពន្ធបម្រុងធ្វើក្ងានទុកធ្វើម្ហូបជូនពិសាព្រឹកនេះណា៎" ។ "ឱទេៗកុំៗ ! កុំមិត្ត ! កុំ ! ខ្ញុំមិនទទួលទានទេ ! ជីវិតគេក៏ដូចជាជីវិតយើង កុំអំពល់នឹងខ្ញុំ បើគ្មានអ្វី ចាំភ្លឺមានអ្នកទ្រនូលគេទូលអម្រស់អម្រមក ធ្វើតែបន្តិចឲ្យខ្ញុំបានហើយ !” ។ ប្ដីប្រពន្ធក៏ត្រេកអរតាមសំដីឃាត់របស់សេដ្ឋី ហើយក៏នាំគ្នាមកអង្គុយនៅមុខផ្ទះ ចាំមើលទ្រនូលពេលព្រឹក ។ គាប់ជួនមួយរំពេចនោះ មានស្រ្ដីម្នាក់ទូលកំពឹសបឹងមួយកញ្ជើមក សេដ្ឋីក៏បង្គាប់ឲ្យទិញមួយកញ្ចប់ យកមកធ្វើម្ហូបអាស្រ័យជាមួយគ្នាយ៉ាងអភិរម្យ ។ ក្ងានទាំងពីររួចពីសេចក្ដីស្លាប់ដោយសារគុណកំពឹសនេះឯង ទើបវាសច្ចាថា "តាំងពីថ្ងៃនោះមក  វាដឹងគុណកំពឹសជានិច្ច  វាមិនត្រូវស៊ីកំពឹសជាអ្នកមានគុណទេ !” ។ លុះចំណេរក្រោយមក សេដ្ឋីក៏ទទួលអនិច្ចកម្ម ដំណឹងយ៉ាងរន្ធត់នេះបានឮដឹងដល់ក្ងានទាំងគូដែលសេដ្ឋីជួយឲ្យរួចជីវិត ដោយចេះស្ដាប់ភាសាវា វាទាំងពីរក៏នាំគ្នាកាន់មរណសញ្ញា សងគុណសេដ្ឋី ដោយមានឆ្នូតខ្មៅមួយនៅរោម ។ យ៉ាងនេះហើយទើបមានក្ងានខ្លះរហូតមកដល់ឥឡូវនេះមានពណ៌រោមខ្មៅដុំៗ គឺវាកាន់ទុក្ខ ។

 

* * *