រឿងសត្វចាប និងដំរីស្ដ

កាលពីព្រេងនាយ មានមេចាបមួយធ្វើសំបុកក្រាបក្រុងកូនខ្ចីនៅជើងភ្នំមួយ ត្រង់ផ្លូវដំរីដើររកស៊ី ។ ថ្ងៃមួយ មានដំរីព្រៃមួយហ្វូង ដើររកស៊ីទៅដល់សំបុកមេចាបៗ ឃើញហ្វូងដំរីដើរត្រង់មកចំសំបុកខ្លួនភិតភ័យខ្លាំងណាស់ ក្រែងដំរីជាន់កូនស្លាប់ ក៏ហើរយ៉ាងប្រញាប់ទៅកាងស្លាប គោរពចំពោះមុខដំរីជាមេហ្វូងនិយាយអង្វរថាសូមលោកអាណិតមេត្តាកុំដើរជាន់កូនខ្ញុំដ្បិតវានៅតូចណាស់មិនទាន់ដុះស្លាបក្រាស់ ហើរទៅណារួចទេ ។ ឯដំរីជាមេហ្វូងឆ្លើយថា អើមិនអីទេ!ឯងកុំភិតភ័យអី ចាំអញជួយការពារឲ្យកូនឯងបានរួចរស់ជីវិត ប្រាប់ហើយក៏ដើរទៅឈរជ្រែងជើងពីលើសំបុកចាប ប្រាប់ដំរីឯទៀតជាបរិវារឲ្យនាំគ្នាចៀសសំបុកចាបហួសអស់ទៅ កូនចាបក៏បានរួចពីសេចក្ដីស្លាប់ ។ ទើបដំរីមេហ្វូងផ្ដាំមេចាបថា នៅមានដំរីស្ដមួយទៀត ដើរមកខាងក្រោយតែម្នាក់វា អាស្ដនោះសាហាវណាស់  បើវាមកដល់សំបុក  ចូរឯងខំអង្វរកឲ្យមែនទែន ក្រែងវាអាណិតអាសូរឯងខ្លះ ផ្ដាំរួចដើរហួសទៅ ។ មេចាបឃើញកូនខ្លួនរួចរស់ជីវិត ត្រេកអរណាស់ និយាយសរសើរនិងអរគុណដំរីមេហ្វូងយ៉ាងក្រៃលែង ។ មិនយូរប៉ុន្មាន ដំរីស្ដសាហាវនោះ ដើរមកដល់សំបុកមេចាបៗ ចូលទៅកាងស្លាបគោរពអង្វរសុំជីវិតកូនដូចលើកមុន ។ ដំរីស្ដស្រែកគំហកមេចាបថា  "ម៉េចក៏ហងឯងមកធ្វើសំបុកទុកកូនត្រង់ផ្លូវអញដើរ អញជាន់សម្លាប់កូនហងឯងឥឡូវហើយ មិនអាណិតទេ កុំថាតែខ្លួនមួយពីរប៉ុណ្ណោះ សូម្បីចាបរាប់ម៉ឺនសែន ក៏អញជាន់ឈ្លីតែនឹងជើងឆ្វេងមួយឲ្យល្អិតខ្ទេចខ្ទីដែរ អញមិនបាច់ជាន់នឹងជើងទាំងបួនទេ" ថារួចស្ទុះទៅជាន់ឈ្លីកូនចាបស្លាប់ភ្លាម ល្អិតល្អោចទាំងសំបុកទៀត រួចវានោមដាក់អណ្ដែតឆ្អឹងឆ្អែងរោមកូនចាបហូរទៅតាមទឹកនោមវា វាសើចក្អាកក្អាយសប្បាយចិត្តដើរហួសទៅ ។ មេចាបឃើញដូច្នោះ គេចហើរទៅទំលើមែកឈើក្បែរទីនោះ យំសោកបោកខ្លួនអាឡោះអាល័យស្ដាយកូនខ្លាំងណាស់ ស្រែកជេរប្រទេចដំរីស្ដថា នែអាពាលកំណាច ! ពេលនេះអាឯងសប្បាយចិត្តចុះ អាឯងអាងខ្លួនធំ អាងមានកម្លាំងខ្លាំងជាងអញ អាធ្វើតាមអំពើពាលទៅចុះ មិនយូរប៉ុន្មានទេ គង់តែអានឹងដឹងកម្លាំងអញជាចាបមិនខាន ។ មេចាបជេរប្រទេចដំរីរួច ហើរទៅរកពឹងក្អែកជាសម្លាញ់ និយាយរឿងរ៉ាវដំរីជាន់សម្លាប់កូនឲ្យក្អែកស្ដាប់ តាំងពីដើមដល់ចប់ ហើយអង្វរក្អែកឲ្យទៅចឹកចោះភ្នែកដំរីស្ដ ។ ក្អែកអាណិតមេចាបណាស់ នឹកក្ដៅក្រហាយខឹងស្អប់ដំរីស្ដយ៉ាងខ្លាំង ឆ្លើយថា "សម្លាញ់កុំព្រួយ ចាំខ្ញុំជួយឲ្យបានដូចចិត្ត" ថារួចហើរទៅរកដំរីស្ដ ឃើញហើយទៅទំលើក្បាលចឹកចោះភ្នែកដំរីទាល់តែធ្លុះបែកប្រស្រីទាំងពីរហូរឈាមរហាម ហើយមេចាបទៅនិយាយពឹងរុយទៀត ។ រុយទទួលយកអាសារ ទៅពងដាក់ភ្នែកដំរីកើតជាដង្កូវចោះបែងភ្នែកឲ្យដំបៅទាល់តែខ្វាក់ទៅ ។ មេចាបទៅពឹងកង្កែបឲ្យជួយទៀត ។ កង្កែបទទួលជួយ ក៏ឡើងទៅស្រែកយំលើភ្នំក្បែរមាត់ជ្រោះជ្រៅ ឯដំរីខ្វាក់ស្រេកទឹកណាស់ដើរស្វះស្វែងរកទឹកផឹក ឮសូរកង្កែបយំ សំគាល់ថាជាត្រពាំងទឹកក៏ដើរយ៉ាងលឿនតម្រង់ទៅដល់ជ្រោះ រអិលជើងមុខនឹងដុំថ្មរមៀលធ្លាក់ក្នុងជ្រោះស្លាប់គ្រានោះទៅ ។ មេចាបឃើញដំរីស្ដធ្លាក់ទៅក្នុងជ្រោះភ្នំស្លាប់ហើយ នឹកត្រេកអរណាស់ ស្រែកផ្ចាញ់ផ្ចាលដំរីថា "នែអាដំរីពាល កម្លាំងកាយបើទុកជាខ្លាំងយ៉ាងណា ក៏មិនអាចធ្វើការគ្រប់ជំពូកឲ្យសម្រេចបានដែរ, កម្លាំងបញ្ញាទើបអាចសម្រេចកិច្ចការសព្វគ្រប់បាន សូម្បីភ្នំធំខ្ពស់ក៏អាចរំលាយឲ្យរាបស្មើនឹងផ្ទៃផែនដីបានដែរ" ។ មេចាបថារួចហើយ ក៏ហើរចេញទៅ ។ និទានមេចាបសម្លាប់ដំរីស្ដនេះ ដើម្បីបញ្ជាក់សេចក្ដីឲ្យឃើញច្បាស់ថា ការសាមគ្គីរួបរួមគ្នា តែងធ្វើកិច្ចការដែលធំៗ ធ្ងន់ៗ ក្រៗ ឲ្យសម្រេចបានដូចជាមេចាប, ក្អែក, រុយ និងកង្កែប តែបួនរូបប៉ុណ្ណោះ  រួមគ្នាជាកម្លាំងមួយ អាចសម្លាប់ដំរីសាបានដោយងាយ តាមកម្លាំងបញ្ញារបស់វា ។ អតីតនិទាននេះ ជារឿងខាងគតិលោក ។ ចំណែករឿងខាងគតិធម៌វិញ ក៏មានចែងទុកថា អ្នកផ្ចាញ់កិលេសមារជាសឹកសត្រូវនៅក្នុងខ្លួនក្ដី អ្នកធ្វើបុណ្យទានទាំងពួង មានកសាងវត្ត, វិហារ, សាលា ជាដើមក្ដី ក៏តែងបានសម្រេចដោយសារកម្លាំងសាមគ្គីព្រមព្រៀងគ្នា ដូចមានសេចក្ដីក្នុងអបរិហានីយសូត្រ គម្ពីរអង្គុត្តរនិកាយ សត្តកនិបាតថា ៖ សម័យពុទ្ធកាល វស្សការព្រាហ្មណ៍ ជាមហាមាត្យនៃព្រះបាទអជាតសត្រូវ ក្រុងរាជគ្រឹះ បានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធលើភ្នំគិជ្ឈកូដ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ! ព្រះបាទអជាតសត្រូវ មានព្រះរាជបំណងនឹងលើកកងទ័ពទៅវាយក្សត្រដែនវជ្ជី ជាដែននៅជិតគ្នា ឲ្យខ្ទេចខ្ទីនៅក្នុងអំណាចរបស់ព្រះអង្គ ។ ព្រះបរមសាស្ដាទ្រង់ត្រាស់ថា"ម្នាលព្រាហ្មណ៍! ក្សត្រដែនវជ្ជី គេព្រមព្រៀងគ្នាប្រព្រឹត្តអបរិហានីយធម៌ ជាធម៌ដឹកនាំអ្នកប្រតិបត្តិតាមមិនឲ្យវិនាសសាបសូន្យ ឲ្យមានតែសេចក្ដីសុខចម្រើនយ៉ាងបរិបូណ៌ គេឧស្សាហ៍ប្រជុំប្រឹក្សាគ្នាពីកិច្ចរបស់ប្រទេស គេស្រុះស្រួលគ្នាជួយធ្វើកិច្ចការជាសាធារណប្រយោជន៍ គេគោរពកោតក្រែង ជឿស្ដាប់ព្រះរាជបញ្ជានៃព្រះមហាក្សត្ររបស់គេគ្រប់ប្រការ គេកាន់ច្បាប់សម្រាប់ប្រទេសរបស់គេយ៉ាងម៉ឺងម៉ាត់ គេមិនហ៊ានធ្វើអ្វីតាមអំពើចិត្តគេឡើយ, អាស្រ័យការប្រព្រឹត្តបរិហានីយធម៌ទាំងនេះហើយ បានជាដែនវជ្ជីមានសេចក្ដីសុខចម្រើនយ៉ាងក្រៃលែង មិនដែលមានសត្រូវណាទៅប្រមាថពាធា សង្កត់សង្កិនបានឡើយ ទោះបីសត្រូវនោះមានឥទ្ធិពលខ្លាំងក្លាយ៉ាងណាក៏ដោយ" ។ វស្សការព្រាហ្មណ៍ស្ដាប់ព្រះពុទ្ធដីកាចប់ហើយ មានចិត្តត្រេកអរណាស់ ក្រាបថ្វាយបង្គំលាព្រះទសពលត្រឡប់ទៅក្រាបទូលព្រះបាទអជាតសត្រូវ សូមទ្រង់ជ្រាបអំពីអបរិហានីយធម៌ របស់ក្សត្រដែនវជ្ជីគ្រប់ប្រការ ។

* * *

 

Flag Counter