រឿង ចៅញូង១

  • Print

សេចក្ដីតំណាលរៀងៗមកថា មានបុរសកំសត់ទុរគតម្នាក់ឈ្មោះ ចៅញូង កំព្រាឪពុកនៅនឹងម្ដាយ ។ ចៅញូងនេះមានរូបខ្មៅក្រងែះ កើតដំបៅលេចបាតជើងដើរទៅណាមកណាប៉ះពៀចៗ ។ ថ្ងៃមួយ ចៅញូងទៅសុំនៅបម្រើសេដ្ឋីៗ ទទួលឲ្យនៅបម្រើតាមពាក្យសុំ សេដ្ឋីនោះមានកូនក្រមុំម្នាក់រូបល្អចំណាប់ ។ សេដ្ឋីបានប្រើឲ្យចៅញូងទៅឃ្វាលគោ ៥០០ ក្របី ៥០០ រាល់ៗថ្ងៃ ហ្វូងនោះធំជាងគេ ពួកដទៃៗ គេមិនត្រូវការឲ្យហ្វូងចៅញូងទៅជុំសោះ ។ លុះថ្ងៃក្រោយមកទៀត ចៅញូងដេញគោក្របី ទៅឃ្វាលកន្លែងមួយជិតខ្ទមអ្នកតា  ហើយយកខ្ទមអ្នកតាធ្វើម្លប់នៅអាស្រ័យ ធ្វើសិស្សអ្នកតារៀងទៅ ក្នុងថ្ងៃនោះឯងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយមាននាងនាគមកលេងទឹក ស្រាប់តែពស់អ្នកតាក្រឡេកឃើញនាងនាគលេងទឹករូបល្អកាលណា ក៏វារលូនចេញទៅត្រកងឱបរួតនាងនាគនោះដោយសេចក្ដីស្រឡាញ់ ទទួលចៅញូងមើលឃើញពស់រួតនាងនាគដូច្នោះ     ទើបស្រវាចាប់ដំបងសំពងក្បាលពស់ស្លាប់ក្នុងពេលនោះទៅ ។ ចំណែកនាងនាគបានរួចខ្លួនអំពីកណ្ដាប់ដៃនៃពស់នោះហើយ មានសេច-ក្ដីត្រេកអរយ៉ាងក្រៃលែង ទើបបែរប្រាប់ទៅចៅញូងថា បងៗអម្បាញ់មិញនេះប្អូនភ័យស្ទើរស្លាប់ កុំតែបងឯងជួយខ្ញុំៗ ប្រហែលជានឹងស្លាប់ជាប្រាកដ តែមិនអីទេបង បងឯងជួយខ្ញុំក្នុងវេលាក្រដូច្នេះ ខ្ញុំមិនភ្លេចបងទេ ចាំថ្ងៃក្រោយខ្ញុំសូមតបគុណបងវិញ នាងនាគក៏បាត់ខ្លួនក្នុងពេលនោះ ទៅ ។ មិនយូរប៉ុន្មានស្រាប់តែឃើញតាចាស់ម្នាក់ដើរមក ឃើញពស់ស្លាប់នៅកន្លែងនោះ ទើបសួរថា អ្នកណាវាយពស់ស្លាប់ ? ចៅញូងតបថា ខ្ញុំហ្នឹងហើយវាយពស់ស្លាប់តា ទើបតាសួរថា ហេតុដូចម្ដេចទើបឯងវាយវា ? ចៅញូងតបថា ព្រោះខ្ញុំចង់ជួយសង្គ្រោះនាគដែលធ្លាក់ខ្លួនក្នុងគ្រាក្រ។ តាចាស់បានឮសំដីចៅញូងនិយាយប្រាប់ដូច្នោះ ក៏តាំងឲ្យពរសព្ទសាធុការចំពោះចៅញូងសព្វគ្រប់ហើយ ទើបប្រាប់ថា យើងនេះហើយជាឪពុកនាងនាគក្នុងស្ថានពិភពនាគ ដែលយើងក្លែងខ្លួនជាតាចាស់មកនេះដោយយើងចង់ដឹងថា ចៅឯងនិយាយត្រង់ទៅត្រង់មក ក៏និយាយម្ដងដូច្នេះម្ដងដូច្នោះ តែឥឡូវនេះយើងដឹងច្បាស់ថាចៅឯងជាមនុស្សមានចិត្តស្លូតត្រង់ចំពោះការសង្គ្រោះអាយុសត្វមែនៗ បើដូច្នេះតានឹងឲ្យប្រាក់ ១ បង្វេច មាស ១ បង្វេច  ដល់ចៅឯង ។ ចៅញូងឮសំដីព្រះឥន្ទថាដូច្នោះ មានសេចក្ដីត្រេកអរពន់ពេក ទើបប្រាប់តាថា លោកតាៗ ខ្ញុំបាទសព្វថ្ងៃនេះចៅបម្រើគេទេ ខ្ញុំមិនចង់បានទេបង្វេចប្រាក់មាសច្រើនម្ល៉េះ  ខ្ញុំគ្មានកន្លែងទុកដាក់ទេលោកតា  ទើបថាបើដូច្នោះចៅឯងចង់បានអ្វី ? ចៅញូងប្រាប់ថា ខ្ញុំបាទចង់បានតែរបស់ណាដែលទុកដាក់ងាយៗ   ទើបតាប្រាប់ថា  បើចង់បានរបស់ទុកដាក់ងាយ ចូរចៅឯងហារមាត់ឡើង តានឹងស្ដោះទឹកមាត់ឲ្យ ចៅញូងក៏ហាមាត់ ១ រំពេច តាស្ដោះទឹកមាត់ឲ្យភ្លាម ហើយប្រាប់ថាៈ ពីថ្ងៃនេះទៅចៅឯងចង់បានអ្វី ហៅបានទាំងអស់ដោយសំដីប្រើទូទៅ តែចៅឯងកុំមើលងាយមនុស្សឲ្យសោះ កុំទុកចិត្តមនុស្ស ។ ថាដូច្នេះហើយ ព្រះឥន្ទក៏បាត់ខ្លួនទៅ ចំណែកចៅញូងបានរបស់ពូកែកាលណា ក៏និយាយប្រាប់ហ្វូងគោក្របីថា នែ ! ពួកយើង ឯងចូរនាំគ្នាទៅចូលក្រោលទៅល្ងាចហើយ ហ្វូងគោក្របីក៏ទៅចូលក្រោលមែន ព្រឹកឡើងប្រាប់ថា ថ្ងៃហើយនាំគ្នាចេញទៅស៊ីស្មៅក្បែរមាត់ស្ទឹងជិតខ្ទមអ្នកតាទៅ ហ្វូងគោក្របីក៏នាំគ្នាចេញមែនតាមពាក្យចៅញូងទាំងអស់ ។ និយាយពីសេដ្ឋីមានកូនក្រមុំល្អនោះឯង ស្ដេចក្រុងចិនចូលមកដណ្ដឹង សេដ្ឋីឪពុកតម្រូវសំពត់កោសេយ្យ ភស្ដុ ១ គូ ស្ដេចក្រុងចិនក៏យល់ព្រម ហើយចរចេញទៅ ។ ចំណែកខាងចៅញូងឮថាស្ដេចពីណាមកចង់បានកូនក្រមុំសេដ្ឋីដូច្នោះ នឹកខឹង ក៏ពោលម្នាក់ឯងថា អញអើយអញ ! ដែលខំចូលខ្លួនទៅសុំបម្រើសេដ្ឋីនោះ ព្រោះអញមើលឃើញកូនក្រមុំហ្នឹងឯង តែមិនហ៊ាននិយាយ ព្រោះខ្លួនអ្នកកម្សត់ខំប្រឹងប្រែងព្យាយាមធ្វើការ ដំបៅលេចបាតជើងឈាមរហាម ស៊ូតែអត់មិនចេញស្ដី ព្រោះមានសេចក្ដីប្រាថ្នាចង់បានកូនក្រមុំសេដ្ឋីនេះធំណាស់ ហើយពាក្យអ្នកប្រាជ្ញលោកថា ខន្តីក្ដី វីរិយក្ដី នឹកឃើញទាំងពីរនេះជាគូដៃសម្រាប់បបួលគ្នាដើររកសេចក្ដីចម្រើន ។ ហេតុនេះខ្លួនអញតាំងពីដើមរហូតមក ក៏បានប្រព្រឹត្តធម៌ទាំងពីនេះហើយ បើដូច្នេះអញត្រូវប្រដេញយកកូនក្រមុំនេះឲ្យបាន ចៅញូងពោលម្នាក់ឯងមិនទាន់ផុតមាត់ ស្រាប់តែកប៉ាល់ជំនួញមួយមកដល់ភ្លាម ចៅញូងស្រែកថាៈ កប៉ាល់ឈប់ៗ ! កប៉ាល់ក៍ទៅមិនរួច ទើបចៅញូងសួរទៅថៅកែកប៉ាល់ ឈប់ធ្វើ អ្វី ? ថៅកែឆ្លើយថាមិនឈប់ទេ តែវាកឿងទៅមិនរួច ។ ទើបចៅញូងប្រាប់ថា ថៅកែឯងអ្នកមាន ខ្ញុំអ្នកក្រ បើថៅកែជួលខ្ញុំៗ ជួយធ្វើឲ្យកប៉ាល់ទៅបាន ថៅកែថាខ្ញុំសុខចិត្តជួលបើអ្នកឯងធ្វើឲ្យទៅបាន ទើបចៅញូងថា ថៅកែឲ្យអ្វីខ្ញុំ ? ថៅកែថាអ្វីក៏ឲ្យបើកប៉ាល់ទៅបាន ចៅញូងថាបើដូច្នោះថៅកែឲ្យសំពត់ជាកោសេយ្យភស្ដុខ្ញុំ ១ គូមក ថៅកែក៏ឲ្យសំពត់ ១ រំពេច ចៅញូងប្រាប់ថាកប៉ាល់ទៅចុះ កប៉ាល់ក៏ទៅមែន ចៅញូងបានសំពត់កោសេយ្យភស្ដុវេលាណា ក៏យកទៅផ្ទះ  ។ លុះសេដ្ឋីបានឃើញសំពត់ល្អកាលណា ទើបប្រាប់ខ្ញុំបម្រើទៅវាយសម្រាតយកពីម្ដាយចៅញូងៗ ក៏សន្លប់នូវនឹងកន្លែង ដំណឹងនោះឮដល់ចៅញូងៗ ខឹងខ្លាំងពេកក៏រត់ម្នីម្នាលើកម្ដាយ ថាម៉ែក្រោក ម្ដាយក្រោកភ្លាមទៅផ្ទះទៅ ។

និយាយពីកូនក្រមុំសេដ្ឋីទាំងពីរ មានគេមកដណ្ដឹង វេលាឪពុកខំត្បាញសំពត់រាល់ថ្ងៃ ចៅញូងខឹងខ្លាំងពេកក៏ប្រាប់កីតម្បាញថា បើអ្នកណាមកត្បាញក្ដី ប៉ះពាល់ក្ដី ឲ្យជាប់គ្នាទាំងអស់ កុំឲ្យទៅណាមកណារួច លុះដល់ពេលបាយ កូនក្រមុំដែលត្បាញក្រោកឡើងមិនរួច   ហៅសេដ្ឋីទៅជួយជាប់ថែមទៀត   ហៅខ្ញុំប្រុសស្រីទៅជួយ ជាប់ទាំងអស់គ្នាទៀត ឃើញលោកសង្ឃនិមន្តដើរ ស្រែកឲ្យលោកជួយក៏ជាប់ទាំងលោកសង្ឃ ទាំងបាសកច្រឡំគ្នាវរ លុះដល់ពេលល្ងាច ចៅញូងដេញគោក្របីចូលក្រោល ទើបសេដ្ឋីថា ចៅញូងឯងជួយអញផង អញទាំងអស់គ្នានេះជាប់នឹងកីក្រោកទៅណាមិនរួចទេ ទើបចៅញូងឆ្លើយថា សេដ្ឋីឲ្យកូនក្រមុំខ្ញុំទើបខ្ញុំជួយ សេដ្ឋីឮដូច្នោះខឹងខ្លាំងណាស់  តែមិនដឹងធ្វើដូចម្ដេចក៏ថា អើអញឲ្យកុំភ័យ ឯងជួយអញសិន ហើយចៅញូងប្រាប់ថា នាំគ្នាក្រោកឡើងលោកសង្ឃអីច្រឡំគ្នានឹងឧបាសកដូច្នេះ នេះទៅលោកសង្ឃទៅវត្តទៅ ឧបាសកទៅផ្ទះទៅ អ្នកទាំងនោះបានរួចអំពីគ្រោះថ្នាក់ទាំងនោះអស់ហើយ ក៏នាំគ្នាថ្វាយបង្គំចៅញូងថា អ្នកមានបុណ្យទេតើ ដោយសេចក្ដីអស្ចារ្យខ្លាំងណាស់ ព្រោះធ្លាប់តែឃ្វាលគោសព្វថ្ងៃ ឥឡូវនេះក៏មាត់ទិព្វអីភ្លាម ។ ចៅញូងដឹងច្បាស់ថាសេដ្ឋីលើកកូនក្រមុំឲ្យដូច្នោះ តាំងយកសំពត់កោសេយ្យភស្ដុ ១ គូនោះទៅជូនសេដ្ឋី សូមដណ្ដឹងសេដ្ឋីដោយការស្រួល ទើបសេដ្ឋីប្រាប់ថាកូននេះយើងមិនថាអីទេ តែពីថ្ងៃមុនស្ដេចក្រុងចិនគេមកដណ្ដឹង យើងថាឲ្យគេផុតទៅហើយ បើដូច្នេះឪពុកនឹងផ្សំផ្គុំឲ្យកូនឯងវិញចុះ ។ ចៅញូងទទួលពាក្យថាមិនអីទេលោកឪពុក រឿងរ៉ាវអម្បាលមាណស្រេចលើខ្ញុំទាំងអស់ ។ រឿងនោះឮដល់ស្ដេចក្រុងចិនៗ គិតថាឧបសគ្គកើតឡើងដល់អញហើយតើ បើដូច្នេះសេនាអាមាត្យពួកទាំងអស់គ្នា ចូរលើកទ័ពទៅដណ្ដើមយកកូនក្រមុំសេដ្ឋីឲ្យបាន  លុះមកដល់មុខទ្វារនៃផ្ទះ សេដ្ឋីក្រឡេកឃើញមានសេចក្ដីព្រួយខ្លាំងណាស់ ហៅចៅញូងប្រាប់ថា កងទ័ពមកដល់ហើយ ចៅញូងថាលោកឪពុកកុំឲ្យភ័យអីចាំខ្ញុំវិញ ថាហើយចេញដើរតម្រង់ទៅប្រាប់ថា ពួកលីអាវុធឈរត្រង់ហ្នឹងហើយ ពួកនោះក៏ឈរមែនៗ ចៅញូងប្រាប់ថាយកអាវុធចូលមកឲ្យអញ នាំគ្នាថ្វាយបង្គំអញ ហើយនាំគ្នាចេញទៅទីលំនៅរបស់ខ្លួនវិញចុះ ។ កងទ័ពស្ដេចក្រុងចិនក៏ធ្លាក់ក្នុងអំណាចរបស់ចៅញូងៗ ថាយ៉ាងណាធ្វើតាមទាំងអស់ តាំងពីថ្ងៃដែលចៅញូងបានប្រពន្ធក្រមុំនោះមក     ពួកអ្នកស្រុកស្រីប្រុសមកចំណុះចុះចូលធ្វើជាខ្ញុំបម្រើចៅញូងៗ ក៏បានទទួល ឋានៈជាសេដ្ឋីតំណាងបិតាតរៀងមក ។

ពណ៌នាដោយសេចក្ដីសង្ខេបខ្លីៗ តែប៉ុណ្ណេះ ។

 

 

* * *