រឿង ខ្លា​ចាញ់​ប្រាជ្ញា​គីង្គក់ និង​អណ្ដើក

  • Print

រឿង ខ្លាចាញ់ប្រាជ្ញាគីង្គក់ និងអណ្ដើក
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៩២- ៩៧

    មានសត្វខ្លាមួយ ដើរស្វែងរកស៊ីតាមទម្លាប់វា លុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លោត ៗ ក៏ស្រែកសួរទៅថា «យើ ! បងម៉ាំងកាយេ (ខ្លះហៅថាមាំងកាជា) ឯងដើររកស៊ីអ្វីហ្នឹង ?» ។ គីង្គក់តបថា «ចុះបងខ្លាឯងដើរមករកអ្វីដែរ ?» ។ ខ្លាថា «យើងដើររកស៊ី» ។ គីង្គក់តបថាយើងក៏ដើររកស៊ី ដូចបងឯងដែរ» ។ ខ្លាថា «ចុះដើររកស៊ីអ្វីនឹងបាន បើបងឯងលោតម្ដងបានមួយសុញដូច្នេះ តើចាប់សត្វអ្វីនឹងបាន?»។ គីង្គក់ក៏អួតអាត្មា ប្រាថ្នាខ្លាកោតខ្លាចថា «យើ ! ថ្វីបើឃើញយើងលោតតិចៗដូច្នេះ បើចង់លោតយ៉ាងណាក៏បាន ចង់ចាប់សត្វតូចក្ដី ធំប៉ុន្មានក្ដី ក៏បានទាំងអស់ មិនចាញ់បងឯងទេ » ។

ខ្លាថា បើបងឯង ពូកែដូចសំដីថានេះ យើងលោតប្រឡងគ្នា ពីត្រើយព្រែកម្ខាងទៅត្រើយម្ខាងមើល, បើបងឯងលោតឆ្លងដល់ យើងជឿថាពូកែមែន ។ គីង្គក់ជាសត្វមានប្រាជ្ញា គិតឃើញថា «សត្វខ្លានេះ តែកាលណាវារៀបនឹងលោតរមែងចោលកន្ទុយទៅខាងក្រោយ, បើដូច្នេះអញចាំខាំកន្ទុយវា កាលមុនវានឹងលោតទៅនោះ» ទើបគីង្គក់តបទៅថា « ខ្លាចអ្វីបងខ្លាឯង ! បើចង់លោត ពីត្រឹមណាទៅត្រឹមណា ក៏បានដែរ ហើយយើងហ៊ានឲ្យបងឯងទៅឈរពីមុខយើងទៀតផង, តែកាលណាយើងស្រែកថា ហ៍ ! ត្រូវបងឯងលោតទៅចុះ » ។ ខ្លាជាសត្វឆោត មិនអាចគិតដឹងគំនិតគីង្គក់ វានឹងខាំកន្ទុយខ្លួននោះសោះ, ឯខ្លួនទៀតក៏មិនបានគិតឃើញពីរបៀបខ្លួន ដែលរៀបនឹងលោតទៅនោះ ធ្វើកិរិយាយ៉ាងណាៗដែរ ក៏ព្រមសន្យាទៅឈរនៅពីមុខគីង្គក់ ។ ឯគីង្គក់កាលខ្លាមកឈរពីមុខ ឃើញពេលល្អហើយ ក៏ប្រាប់ថា « បងឯងប្រុងស្ដាប់ » ។ រីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់ ចោលឯកន្ទុយនោះទៅត្រង់ពីមុខគីង្គក់ ៗ ស្រែកថា ហ៍ ! ហើយខាំកន្ទុយជាប់ ។ ខ្លាលោតផ្លោតទៅភ្លាមដល់ត្រើយម្ខាងមួយរំពេច ។ អំណាចកន្ទុយខ្លាវាត់ទៅមុខនោះ ដោយទាំងគីង្គក់ទៅផង ដូចជាដុំដីដែលគេចោលនឹងឈើដង្ហក់ ធ្លាក់ហួសទៅមុខខ្លាស្ទើរតែនឹងស្លាប់ ។ ខ្លាក៏មិនអាចដឹងបាន ប្រែប្រាណទៅខាងក្រោយវិញ ស្រែកហៅថា « បងម៉ាំងកាយេអើយ ! មក » ។ គីង្គក់ឆ្លើយ «គូក ! នៅឯនេះហើយ» ។ ខ្លាឮគីង្គក់ឆ្លើយពីមុខដូច្នោះក៏ថា « បងម៉ាំងកាយេ ! ពូកែមែនហើយ ប៉ុន្តែខាងការចាប់សត្វនោះ យើងមិនទាន់ឃើញរឹទ្ធិបងឯងនៅឡើយ, បើដូច្នេះ យើងនឹងចាប់សត្វល្បងគ្នាទៀត » ។ គីង្គក់ព្រមក៏តបវិញថាបងទៅចាប់សត្វចុះ បានសត្វប៉ុន្មាន ៗ មកជួបគ្នានៅកន្លែងនេះ យើងនឹងរើសាច់នោះល្បងគ្នាមើល តើអ្នកណាច្រើនជាង ? » ។ ខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងៗ បានច្រើន ។
    ឯគីង្គក់ ក្រោយខ្លាចេញទៅនោះ ខំសង្វាតលោតទៅមិនដឹងនឹងទៅចាប់សត្វណាបានទេ ព្រោះធ្លាប់តែចាប់ជន្លេននឹងស្រមោចសង្អារ, លោតបន្តិចទៅឃើញមានធ្យូងមួយដុំប៉ុនគ្រាប់សណ្ដែក ក៏លេបធ្យូងនោះចូលទៅ, លោតបន្តិចទៅទៀតឃើញឆ្អឹងត្រីស្លាតមួយតូចនៅកណ្ដាលផ្លូវ លេបថែមទៅទៀត លោតបន្តិចទៅទៀត ឃើញគ្រាប់អង្ក្រេមអង្ក្រមមួយ ក៏លេបទៅទៀត, បានជា ៣ មុខល្មមតែពេញនោះ រួចក៏ត្រឡប់វិលមកចាំខ្លាខាងទីដដែលវិញ ។
    ឯខ្លា កាលបើស្វែងរកសត្វបានសព្វគ្រប់ហើយ ក៏ត្រឡប់មកឯកន្លែងដើមតាមសន្យា, លុះមកដល់ ឃើញគីង្គក់អង្គុយចាំ ច្រប៉ុកប៉ុកក៏សួរថា «យើ ! បងមាំងកាយេមកដល់ហើយហេះ» គីង្គក់តបថា យើងមកចាំឯងយូរណាស់ហើយ, មើល៍ ! បងខ្លាឯងបានប៉ុន្មានមុខ ? បងឯងរើចេញមកមើល ! យើងនឹងកត់ត្រា ។ ខ្លារើសសាច់នានាជាច្រើនមុខ ប្រាប់គីង្គក់, រើសចេញអស់ទើបប្រាប់ថា« អស់តែប៉ុណ្ណេះហើយ » ។ គីង្គក់រើចំណែករបស់ខ្លួនវិញឲ្យខ្លាមើលម្ដង ។
    ទី ១ រើបញ្ចេញធ្យូងមកមុន ។ ខ្លាសួរថា « សត្វអីបង ! » ។ គីង្គក់ថា : ហ្នឹងគេហៅថា គាសរម៉ុយ " ខ្»ស្ដាប់មិនបានអង្វរថា កុំនិយាយបាលីបាគូបង ! សូមប្រាប់ជាសម្រាយមកចុះ ។ គីង្គក់ប្រាប់ថា «  នេះកុយរមាស » ។ ខ្លាក៏កោតថា « យើ ! ខាំដល់ទៅរមាសផង » ។
    ទី ២ រើឆ្អឹងត្រីស្លាតចេញមកទៀត ។ ខ្លាសួរថា « សត្វអីសស្គុះដូច្នេះបង ? គីង្គក់ប្រាប់ថា « ផ្លដំរីស៊ុក» ។ ខ្លាថា « អាណិតទៅ កុំនិយាយបាលីបាគូអ្វី » ។ គីង្គក់ថា « ហ្នឹងគេហៅភ្លុកដំរីស » ។ ខ្លារឹតតែកោតថា «អៃយ៉ា ! លេងដល់ភ្លុកដំរីសទៀតផង, ចុះអស់ប៉ុណ្ណឹងហើយឬនៅទៀតបង ? » ។ គីង្គក់ថា « យើ ! អស់ប៉ុណ្ណឹងអ្នកម៉ែ ! នៅច្រើនមុខណាស់ បងឯងចាំតែរាប់ចុះ » ។
    ទី ៣ រើទម្លាក់គ្រាប់អង្ក្រេមអង្ក្រមចេញមក ។ ខ្លាសួរថា « សត្វអ្វីក្រហមផង ខ្មៅផងដូច្នេះ ? ។ គីង្គក់តបថា « ផ្នាអាឃ្លែក » ។ ខ្លាថា « សុំនិយាយជាសម្រាយទៅវិញមើល ! » គីង្គក់តបថា  ហ្នឹងហើយ គេហៅថា « ភ្នែកអាខ្លាឯង » ។
    ខ្លាឮថា ភ្នែករបស់ខ្លួន ក៏ស្ទុះរត់ភ្លាម មិនហ៊ាននៅ ។ គីង្គក់ស្រែកថា « ឈប់សិន ឯងទៅណា ចាំអញយកភ្នែកឯងស៊ីសិន » ។ ខ្លារឹតភ័យខ្លាំងឡើងទៀត ចេះតែរត់ទៅ ។ គីង្គក់ខំដេញតាមពីក្រោយ, លុះឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងអណ្ដើក ៗសួរថា « បងមាំងកាយេរត់ទៅណា ? » គីង្គក់ថា « បងជាបុរិល ! ខ្ញុំដេញតាមខ្លាវារត់ទៅមិញ ៗបងប្រទះដែរឬ ? ។ អណ្ដើកថា « ឃើញវារត់ទៅហើយ បើដូច្នេះខ្ញុំជួយតាម » ។ គីង្គក់និងអណ្ដើកក៏នាំគ្នាតាម, ដើរបន្តិចទៅ ឃើញខ្លាសម្ងំពួនលើគុម្ពឫស្សី ។
    អណ្ដើកឃើញស្រែកប្រាប់ទៅគីង្គក់ថា « វានៅ ៗនេះទេ » ។ គីង្គក់ថា « បងឯងចាំនៅត្រង់ទីនេះចុះ ខ្ញុំនឹងឡើងទៅចាប់វា» ។ គីង្គក់ខំឡើងតាមវល្លិ និងមែកឈើទៅបានពាក់កណ្ដាលគុម្ពឫស្សី ស្រាប់តែរបូតដៃធ្លាក់មកដីឮសូរប្រោក ។ អណ្ដើកថា « អើបង ? » ។ គីង្គក់ថា « ខ្ញុំចុះមកបោចវល្លិយកទៅចងវាតែម្ដង » ។ ខ្លាឮដូច្នោះស្ទុះលោតចុះ រត់ទៅទៀត ទៅឃើញដើមឈើមួយដើមធំ ក៏ត្រេកអរខំឡើងទៅនៅសម្ងំ មិនឲ្យសត្វទាំងពីរដឹង ។ ឯគីង្គក់ និងអណ្ដើកខំតាមដានទៅ បាត់ដានត្រង់ដើមឈើនោះ មើលលើ ឃើញឯខ្លាពួនក្រាបនៅលើមែកឈើគ្រមាមៗ ទើបស្រែកប្រាប់គ្នាថា « កនយើង ! វានៅ ៗនេះទេ » ។ គីង្គក់ប្រាប់ថា « បងជាបុរិលឯង ចាំនៅគល់នេះចុះ ខ្ញុំនឹងឡើងទៅចាប់វាឯលើ» ។ គីង្គក់ខំប្រវេប្រវាឡើងទៅជិតប្រគាបមែកឈើ ស្រាប់តែសម្បកឈើរបេះធ្លាក់ចុះមក ដោយទាំងខ្លួនវាមកដល់ដី ។ អណ្ដើកឃើញសួរថា « ម្ដេចដូច្នេះ ? » ។ គីង្គក់ថា « យើងគិតរលំឈើនេះវិញ ឲ្យដួលមកនឹងចាប់ »។ អណ្ដើកបោលទង្គិចគល់ឈើនោះឮសូរប៉ូកៗ រួចគីង្គក់ធ្វើបញ្ចេញសំឡេងឮតែក្រតៗ ហើយស្រែកបន្ទរទៀតថា « ហ៍ ! រលំឈើហើយ » ។ ខ្លាឮថាវារលំ ទទួលក្រឡេកមើលទៅលើ ឃើញពពករសាត់លឿនស្លៅស្មានថារលំមែន ក៏ស្ទុះរត់ចុះទៅទៀត ។ សត្វទាំងពីរចេះតែដេញតាមទៅ ។
    ឯខ្លារត់កាន់តែឆ្ងាយបានប្រទះនឹងតាចាស់ម្នាក់ ធ្វើជាងដែកខ្លាចូលទៅសំពះតាចាស់នោះថា « សូមឲ្យជួយយកអាយុខ្ញុំផង ត្បិតគីង្គក់និងអណ្ដើកវាដេញចាប់ខ្ញុំនឹងប្រហារជីវិត » ។ តាចាស់តបទៅនឹងខ្លាថា «នៅចុះ សឹមអញជួយឯងឲ្យរួចពីស្លាប់ កុំឲ្យអាគីង្គក់អណ្ដើកធ្វើអ្វីបាន » ។ យូរបន្តិចឃើញអណ្ដើកទៅដល់មុន ។ ខ្លាប្រាប់តាចាស់ថា « អុញហ្ន មកទៀតហើយតា » តាចាស់ថា «មិនអីទេបើខ្លាចណាស់ត្រូវខំសប់ខ្លាំង ៗទៅ ។ ខ្លារឹតតែសប់ខ្លាំងឡើង ៗ ។ តាចាស់ចាប់អណ្ដើកនោះបានយកទ្រាប់គូថអង្គុយ ហើយថា « ជាហើយចាំតែធ្វើដែករួចសឹមស្ងោរ » ។ បន្តិចឃើញគីង្គក់ទៅដល់ទៀតខ្លាថា « អាហ្នឹងហើយ វាប្រាថ្នាតែភ្នែកខ្ញុំទេ » ។ តាចាស់ប្រាប់ថា «បើឯងខ្លាចណាស់ត្រូវយកខ្សែចងស្នប់ផ្ទាប់នឹងចង្កេះទៅ ។ ខ្លាធ្វើតាម ។ ឯតាចាស់នោះគាត់ស្លៀកខោជើងធំ ៗពេក អង្គុយលើអណ្ដើកកំពុងតែពើតរូសកោសកាំបិត ភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោមធ្លាក់ស្តោកនៅកណ្ដាលវាល ។ គីង្គក់ក្រឡេកឃើញប្រាប់ទៅអណ្ដើកថា « បងជាបុរិលឯង មើលខាងក្រោម ។ អណ្ដើកក្រឡេកទៅ ឃើញប្រដាប់តាចាស់នោះទាំងអស់ ក៏មានចិត្តអរព្រួច ហើយអើតក្បាលចូលទៅក្នុងជើងខោខាំគ្រឹបដោយចង្កូម ដាច់ត្រឹមគល់ទៅទាំងអស់ ។ តាចាស់ដួលបះជើងច្រោង ។ គីង្គក់ស្រែកថា « ទៅ ! កនយើងដួលមួយហើយ » ។ ខ្លាឃើញតាចាស់ដួល ក៏ស្ទុះរត់ទៅ ដោយទាំងស្នប់នោះទៅផង ។ គីង្គក់ដេញតាមទៅដល់ជិតមាត់ស្ទឹងមួយ មានទឹកជ្រៅ គីង្គក់ស្រែកឲ្យអណ្ដើកថា « បងប្រយ័ត្ន ! ខំស្ទាក់កុំឲ្យវាលោតទឹក ក្រែងបាត់ដាន » ។ ខ្លាឮក៏លោតទៅក្នុងទឹក ៗ ចូលក្នុងស្នប់, ទឹកហូរខ្លាំង ក៏នាំខ្លាលិចស្លាប់ទៅ ។

ផ្ចាញ់កម្លាំងកាយ  ដោយកម្លាំងប្រាជ្ញា
ផ្ចាញ់មនុស្សក្លៀវក្លា ដោយការអង់អាច
1-កម្ពុជសុរិយាលេខ ៤- ៥–៦ ឆ្នាំ ១៩៣៣ – ៤ ទំព័រ ១៩១ រៀបរៀងដោយព្រះមេត្រីតេជោសុគតោ ក្រមការដើមខ្សែថ្នាក់លេខ ២ ។