រឿង​ ចោរ​ចិត្ត​ជា

រឿង ចោរចិត្តជា
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ៥៧ - ៦៤

    កិរដូចបានឮតៗមកថា : កាលនោះ មានក្មេងប្រុសម្នាក់ នៅស្រុកមួយ អ្នកស្រុកគេហៅថា « អាចោរចិត្តជា » ។ លុះក្មេងនោះ ចម្រើនធំឡើងឪពុកស្លាប់ទៅ នៅតែម្ដាយ ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់កាលណា ដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួង ។ មាតាទូន្មានប្រដៅដូចម្ដេច ក៏មិនព្រមធ្វើតាម ទើបមាតាយកទៅឲ្យនៅវត្ត រៀនអក្សរ ។ ចៅនោះក៏មិនខំរៀនសូត្រឡើយ ប្រព្រឹត្តតែដើរលួចទ្រព្យគេ យកមកចិញ្ចឹមមាតានិងអាត្មា ។ គ្រូរំលឹកប្រដៅដូចម្ដេចម្ដា ក៏មិនព្រមស្ដាប់ ។

    ថ្ងៃមួយស្ដេចក្នុងនគរនោះ ទ្រង់ចេញប្រថាប់ចុងព្រះរាជរោង ឲ្យសេនាបតី នាហ្មឺនសព្វមុខមន្ត្រីចូលគាល់ ទ្រង់មានព្រះរាជឱង្ការថា « មានខេត្តមួយនៅទំនេរ ពុំទាន់មានឈ្មោះណាទៅឈររក្សា បើអ្នកណាយកប្រាក់ ៤០ កហាបណៈ មកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុកក្នុងខេត្តនោះ ។ ត្រាស់ហើយស្ដេចយាងចូលព្រះបរមរាជវាំងវិញ ។ គ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកើតទុក្ខ ចង់ធ្វើចៅហ្វាយស្រុកពន់ពេក ។ លុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថា « នាងអើយ ឥឡូវនេះស្ដេចមានព្រះរាជឱង្ការថា បើឈ្មោះណាមានប្រាក់ ៤០ កហាបណៈ ថ្វាយព្រះអង្គដាក់ឃ្លាំង ទ្រង់នឹងឲ្យធ្វើចៅហ្វាយស្រុកនៅរក្សាស្រុកក្នុងខេត្តមួយ ដែលនៅទំនេរ » ។ ភរិយាឆ្លើយថា « ឱ ! អ្នកអើយ ! ចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាស់ តែសព្វថ្ងៃ យើងក្រលំបាកតោកយ៉ាកពេក នឹងរកប្រាក់ថ្វាយស្ដេចពុំបានទេ » និយាយហើយបន់ទេវតាថា « សូមទេវតាជួយខ្ញុំឲ្យបានប្រាក់ ៤០ កហាបណៈថ្វាយស្ដេច ខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកគ្រានេះ » ។
    ពេលនោះអាចោរចិត្តជា វាដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះ វាបានឮដូច្នោះ មានចិត្តអាណិត ក៏យកប្រាក់ ៤០ កហាបណៈពីផ្ទះវា វេចនឹងកំណាត់សំពត់ជាតី មកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះ រួចត្រឡប់មកវិញ ។ លុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបង្វេចសំពត់ជាតី ក៏ចាប់លើកស្រាយមើលឃើញប្រាក់ ៤០ កហាបណៈ អរណាស់ ប្រាប់ប្រពន្ធថា « យើងបានប្រាក់ ៤០ កហាបណៈហើយ គឺទេវតាឲ្យ » ។ ប្រពន្ធស្ទុះមកមើលឃើញច្បាស់ ក៏មានចិត្តត្រេកអរពន់ពេក ។
    លុះដល់ថ្ងៃរសៀល មន្ត្រីនោះយកប្រាក់ ៤០កហាបណៈ ទៅថ្វាយស្ដេចដាក់ឃ្លាំង ។ ព្រះរាជាក៏តាំងមន្ត្រីនោះ ឲ្យធ្វើជាចៅហ្វាយស្រុកនៅរក្សាក្នុងខេត្តនោះតទៅ ។
    ឯអាចោរចិត្តជា កាលបានដឹងថាមន្ត្រីនោះ បានធ្វើជាចៅហ្វាយស្រុកហើយ ក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះ ធ្វើដំណើរឲ្យគេចាប់ខ្លួនវាបាន, ឯពួកម្ចាស់ទ្រព្យក៏នាំអាចោរចិត្តជានោះ ទៅជូនចៅហ្វាយស្រុក ៗបង្គាប់មេគុកឲ្យដាក់ច្រវាក់ ឃុំទុកក្រោមផ្ទះលោក ។ វេលាយប់ស្ងាត់អាចោរចិត្តជា និយាយរអ៊ូតែម្នាក់ឯងថា « ឱ ! ហេតុតែឯងមានចិត្តអាណិតគេ, កាលគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯង ប្រឹងយកប្រាក់ ៤០ កហាបណៈវេចនឹងកំណាត់ជាតី មកឲ្យគេទាំងយប់, ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយ គេមិនមេត្តាករុណាឯងបន្តិចសោះ គេដាក់ច្រវាក់ ឃុំឯងទុកឲ្យវេទនា » ។ អាចោរចិត្តជា និយាយតែពាក្យដដែលៗម្នាក់ឯងមិនឈប់ ។
    ឯចៅហ្វាយស្រុក និងប្រពន្ធ បានឮចោរនិយាយដូច្នោះ ក៏ប្រឹក្សាគ្នាថា « គួរឲ្យឆ្ងល់ណាស់ ចោរវានិយាយនេះត្រូវដូចរឿងខ្លួនយើង គួរតែយើងចុះទៅសួរវាឲ្យជាក់មើល» ។ ទើបចៅហ្វាយស្រុក ចុះពីផ្ទះទៅសួរចោរនោះថា « ឯងនិយាយរឿងអ្វី យើងឮ តែស្ដាប់បានខ្លះ មិនបានខ្លះ ចូរឯងនិយាយរឿងនោះ ឲ្យយើងស្ដាប់ក្នុងវេលានេះ តាមពិតមកមើល» ។ ទើបអាចោរចិត្តជានិយាយថា «ខ្លួនខ្ញុំនេះ ជាមនុស្សប្រព្រឹត្តចោរកម្ម ដើរតែលួចទ្រព្យគេរាល់យប់ យកមកចិញ្ចឹមជីវិត, កាលដែលលោកនៅជាមន្ត្រីតូច ពុំទាន់បានធ្វើចៅហ្វាយស្រុកនៅឡើយ វេលាយប់មួយនោះ ខ្ញុំដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះលោក ឮលោកនិងប្រពន្ធនិយាយថា «យើងនឹងរកប្រាក់ ៤០ កហាបណៈពីណាបានយកទៅថ្វាយស្ដេច ដើម្បីឲ្យបានធ្វើចៅហ្វាយស្រុកក្នុងខេត្តមួយ » ។ ប្រពន្ធលោកថា « យើងក្រីក្រម្ល៉េះ នឹងបានប្រាក់ពីណា ? » ។ ខ្ញុំឮដូច្នោះមានចិត្តអាណិតលោក ក៏ទៅយកប្រាក់ ៤០ កហាបណៈពីផ្ទះ វេចនឹងកំណាត់សំពត់ជាតី មកដាក់ជិតក្បាលដំណេក ទុកជូនលោក រួចខ្ញុំត្រឡប់ទៅវិញ, ថ្ងៃក្រោយឮគេនិយាយថា « លោកបានធ្វើចៅហ្វាយស្រុក ខ្ញុំក៏មកលួចគេក្នុងខែត្រនេះ គេចាប់ខ្លួនខ្ញុំបាននាំមកជូនលោក ៗ ក៏ធ្វើទោសខ្ញុំ មិនប្រណី » ។
    ចៅហ្វាយស្រុក បានស្ដាប់ ក៏ជឿជាក់ឥតសង្ស័យហើយថា ឱ ! អាសម្លាញ់អើយ ឯងនិយាយនេះពិតប្រាកដមែន, ដែលអញបានធ្វើចៅហ្វាយស្រុក ពីព្រោះតែឯងជួយ, វេលានេះឯងកុំភ័យ កុំតូចចិត្ត, អញនឹងដោះឯងឲ្យរួចចេញពីទោស, មួយទៀតឯងនិងអញត្រូវយកគ្នាជាសម្លាញ់តទៅ ។
    ចៅហ្វាយស្រុកសួរថា « ឯងឈ្មោះអី ? ។ បុរសនោះជម្រាបថា « ខ្ញុំឈ្មោះអាចោរចិត្តជា » ។ សួររួចហើយ លោកចៅហ្វាយស្រុកក៏ឡើងទៅលើផ្ទះវិញ ។
    លុះភ្លឺច្បាស់ចៅហ្វាយស្រុក បង្គាប់មេគុកឲ្យដោះអាចោរចិត្តជារួចពីទោស ហើយនិយាយថា «អាសម្លាញ់ឯងនៅនឹងអញចុះ អញចិញ្ចឹមឯងពីថ្ងៃនេះតទៅ ឯងកុំលួចគេទៀត» ។ អាចោរចិត្តជាឆ្លើយថា «រឿងលួចនោះ អញមិនឈប់ទេ ដែលអញលួចទ្រព្យគេនេះ គ្រាន់យកទៅចិញ្ចឹមមាតាមេម៉ាយ » ។ ចៅហ្វាយស្រុក ក៏ឲ្យប្រាក់ ៣០ កហាបណៈឲ្យទៅឲ្យមាតា ។ អាចោរចិត្តជាមិនព្រមយក ។ ចៅហ្វាយស្រុកសួរថា ផ្ទះសម្លាញ់ឯងនៅឯណា ? ចូរឯងប្រាប់អញឲ្យត្រង់ ។ អាចោរចិត្តជាប្រាប់ថា «អញនៅផ្ទះនោះ» ហើយលាចៅហ្វាយស្រុកទៅផ្ទះវិញ ។
    គ្រានោះ លោកយមរាជ និងមន្ត្រីតូចម្នាក់ កើតក្ដីវិវាទទាស់ទែងគ្នា ជាយូរខែហើយ, មន្ត្រីតូចនោះ គុំគិតសម្លាប់លោកយមរាជនោះឲ្យបាន ។ មន្ត្រីតូចនោះ មានស្រីបម្រើម្នាក់ជាទីទុកចិត្ត ប្រើដូចម្ដេចបានទាំងអស់ ។ ស្រីបម្រើនោះខំផ្គាប់ផ្គុនចៅហ្វាយមិនឲ្យទាស់ចិត្ត ។ វេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបម្រើថា « វេលានេះ ចូរឯងអាណិតអញ ពីព្រោះអញស្អប់លោកយមរាជណាស់ អញចង់សម្លាប់ចោល តែមិនដឹងរកអ្នកណាជួយរឿងនេះ, សព្វថ្ងៃអញឃើញតែឯងមានប្រាជ្ញា ហើយមន្ត្រីនោះបង្គាប់ស្រីបម្រើថា « ចូរឯងចេញពីអញទៅយកប្រាក់លោកយមរាជ នៅនឹងគេចុះ រួចឯងខំផ្គាប់ផ្គុនគេ ឲ្យដូចកាលនៅនឹងអញ, បើឯងបម្រើខាងក្រៅ ដល់លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាល ត្រូវឯងចូលបម្រើខាងក្នុង, លុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់ ចូរឯងរំលាយសំណឲ្យក្ដៅពុះ រួចយកទៅចាក់ក្នុងមាត់ទៅ លោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយ បើឯងធ្វើបានដូចគំនិតនេះ អញនឹងចេញប្រាក់លោះឯងមកវិញឲ្យរួចពីខ្ញុំគេ» ។ ស្រីបម្រើនោះទទួលការសព្វគ្រប់ ។
    វេលាយប់នោះ អាចោរចិត្តជា ដើរលួចគេ ហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះ, កាលមន្ត្រីនោះកំពុងនិយាយបង្គាប់ស្រីបម្រើ ឲ្យសម្លាប់យមរាជដូចម្ដេច ៗ ក៏វាស្ដាប់ការណ៍បានទាំងអស់ ។
    ថ្ងៃក្រោយ ស្រីបម្រើនោះ លាម្ចាស់ទៅរកប្រាក់លោកយមរាជ ហើយសុំនៅផង លោកយមរាជក៏ទទួលចេញប្រាក់ លោះឲ្យទៅបម្រើរៀងមក ។ នាងនោះខំបម្រើផ្គាប់ផ្គុនលោកយមរាជ និងលោកជំទាវមិនឲ្យទាស់ចិត្ត ។  លោកយមរាជនិងជំទាវ ក៏ទុកចិត្តស្និទ្ធស្នាល ឲ្យចេញចូលក្នុងក្រៅ បម្រើជិតដិតរៀងមក ។ វេលាមួយនោះ ពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថា លោកយមរាជ និងលោកជំទាវសម្រាន្តលក់ហើយ វាដុតភ្លើងរំលាយសំណឲ្យក្ដៅពុះ ហើយវាលើកសំណនោះចាក់ក្នុងមាត់លោកយមរាជ ៗ ស្លាប់ទៅរួចត្រឡប់ទៅដេកតាមកន្លែងវិញ ។
    លុះព្រឹកឡើង លោកជំទាវភ្ញាក់ បានដឹងថាប្ដីខ្លួនស្លាប់ ក៏ស្រែកទ្រហោយំ ។ មនុស្សផ្អើលមកមើល ឃើញលោកយមរាជស្លាប់មែន តែមិនដឹងជាស្លាប់ដោយរោគអ្វី ព្រោះគ្មានស្លាកស្នាមបន្តិចសោះ ។ លោកជំទាវនោះ ទៅក្រាបថ្វាយបង្គំទូលស្ដេចតាមរឿងដែលស្លាប់ ។ ព្រះរាជាទ្រង់ចាត់ឲ្យមន្ត្រីមកមើល តែមិនដឹងជាស្លាប់ដោយរោគអ្វី ព្រោះគ្មានហេតុស្លាកស្នាម ក៏ទៅក្រាបបង្គំទូលតាមរឿង ។ ព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះទុកតាមសមគួរ ។
    ក្រោយនោះជារដូវបុណ្យទ្វាទសមាស នាហ្មឺនសព្វមុខមន្ត្រី ចូលគាល់ព្រះមហាក្សត្រ ៗ ទ្រង់មានព្រះរាជឱង្ការថា បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់យមរាជ បានដឹងច្បាស់ប្រាកដ យើងឲ្យធ្វើទីយមរាជ, រួចទ្រង់ស្ដេចយាងចូលទៅខាងក្នុងវិញ ។ សេនាបតី នាហ្មឺនសព្វមុខមន្ត្រី ក៏ទៅផ្ទះរៀងខ្លួន ។
    គ្រានោះ ចៅហ្វាយស្រុក ដែលជាសម្លាញ់នឹងអាចោរចិត្តជា ចង់ធ្វើយមរាជណាស់បានទៅរកអាចោរចិត្តជា ៗសួរថា « អាសម្លាញ់ឯង មករកអ្វី ? » ។ ចៅហ្វាយស្រុកប្រាប់ថា « អញមក មានការសួរឯងបន្តិច ត្បិតលោកយមរាជស្លាប់ ដោយឥតមាននរណាដឹងថាជាស្លាប់ព្រោះរោគអ្វី ឥឡូវស្ដេចមានព្រះរាជឱង្ការថា : បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដ ទ្រង់នឹងឲ្យធ្វើទីយមរាជ, រឿងនេះ អាសម្លាញ់ឯងបានដឹងឬទេ ? ត្បិតអញចង់ធ្វើយមរាជណាស់ » ។ អាចោរចិត្តជាឆ្លើយថា រឿងនេះអញបានដឹងច្បាស់ ព្រោះនៅវេលារាត្រីមួយនោះ អញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់ នៅខាងជើងផ្ទះលោកយមរាជ ឆ្ងាយពីគ្នាបន្តិច, មន្ត្រីនោះប្រាប់ស្រីបម្រើម្នាក់ថា « អញស្អប់លោកយមរាជពេក ចង់សម្លាប់ចោល ព្រោះជាសត្រូវនឹងអញ, ក្នុងគ្រានេះ ត្រូវឯងជួយអញជាប្រាកដ ដូច្នេះត្រូវឯងចេញពីផ្ទះអញ ទៅរកផ្ទះលោកយមរាជនៅ បើគេព្រមទទួលឲ្យនៅ ត្រូវឯងខំបម្រើឲ្យត្រូវចិត្តគេ បើគេទុកចិត្តស្និទ្ធស្នាល ប្រើចេញចូលខាងក្នុងវេលាណា លុះដល់យប់ស្ងាត់ ឯងត្រូវដុតភ្លើងរំលាយសំណឲ្យក្ដៅពុះ ហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់ គង់ស្លាប់មិនខាន ។ រឿងនេះអញលបស្ដាប់បានចាំប្រាកដ, ចូរសម្លាញ់ឯងទៅទូលស្ដេចតាមរឿងនេះចុះ តែត្រូវឲ្យគាស់ខ្មោចលោកយមរាជនោះយកមកវះមើល បើឃើញសំណនៅក្នុងពោះខ្មោចនោះមែន អាសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខាន » ។ ចៅហ្វាយស្រុកស្ដាប់យកការណ៍បានហើយ ត្រឡប់ទៅផ្ទះវិញ ។
    ថ្ងៃក្រោយចៅហ្វាយស្រុក ទៅទូលស្ដេចតាមរឿង, ស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រី និងស្រីនោះ យកមកឃុំទុក ហើយទ្រង់ឲ្យគាស់ខ្មោចលោកយមរាជយកមកវះមើល ឃើញសំណនៅក្នុងពោះមែន ទើបទ្រង់ឲ្យជំនុំជម្រះរឿងនោះ ឯមេស្រីនោះឆ្លើយថា «ខ្ញុំសម្លាប់លោកយមរាជពិតប្រាកដ » ទ្រង់ឲ្យប្រហារជីវិតទាំងពីរនាក់ចោលទៅ ហើយទ្រង់ក៏តាំងចៅហ្វាយស្រុកនោះ ឲ្យធ្វើទីយមរាជ ។
    ឯចៅហ្វាយស្រុក កាលបើបានធ្វើទីយមរាជហើយ ឲ្យបម្រើទៅហៅអាចោរចិត្តជា ជាសម្លាញ់, លុះវាមកដល់ប្រាប់ថា អាសម្លាញ់អើយ ! ឯងមានគុណនឹងអញច្រើនណាស់ ឥឡូវនេះអញបានធ្វើយមរាជហើយ , ដែលអញបានធ្វើយមរាជនេះ គឺដោយសារឯងជួយអញ ពីថ្ងៃនេះទៅឯងកុំលួចទៀត អញចិញ្ចឹមមាតាឯង និងសម្លាញ់ឯងលុះអស់ជីវិត » ។
    អាចោរចិត្តជាឆ្លើយថា « អញសុំលួចតែម្ដងទៀត » ។ ថាតែប៉ុណ្ណោះវាក៏ត្រឡប់ទៅផ្ទះវិញ, លុះយប់អាចោរចិត្តជា ទៅលួចដង្ខៅម្នាក់បានប្រាក់និងសំពត់អាវជាច្រើនយកមកជូនមាតា ។ លុះព្រឹកឡើង អាចោរចិត្តជាមកប្រាប់លោកយមរាជថា « អាសម្លាញ់យប់មិញ អញលួចគេ បានប្រាក់និងសំពត់អាវច្រើនណាស់, ពីថ្ងៃនេះតទៅ អញលះចោលរឿងរកស៊ីលួចគេហើយ អាសម្លាញ់ឯងជឿចុះ » ។ លោកយមរាជតបថា «បើឯងឈប់រកស៊ីលួចគេនោះ អញអរណាស់ បើខ្វះខាតអ្វីមករកអញ ៗ ឲ្យឯងកុំទើសទាល់ អញចិញ្ចឹមឯងលុះអស់ជីវិត» ។
    អាចោរចិត្តជា ក៏លាលោកយមរាជទៅផ្ទះវិញ ទៅនៅរក្សាមាតាជាសុខសប្បាយ ។
    លោកយមរាជ និងអាចោរចិត្តជាស្រឡាញ់រាប់អានគ្នា ចិញ្ចឹមគ្នាដរាបអស់ជីវិត ដូចបានសន្យាគ្នាមក ។

មនុស្សចិត្តជា តែងមានគ្នាជាទីពឹង
1-កម្ពុជសុរិយា លេខ ១ – ២ – ៣ ឆ្នាំ ១៩៣៣ – ៤ ទំព័រ ១៦២ រៀបរៀងដោយឧកញ៉ាបញ្ញាធិបតី យិន ចាងហ្វាងព្រះរាជនិពន្ធ ។

Flag Counter