រឿង បុរស​ចាក់​ស្មុគ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១១០-១១១

    កាលពីដើមម្នាក់ចេះចាក់ស្មុគ ។ បុរសនោះ ចង់បានខ្ញុំប្រើ ក៏ឡើងទៅចាក់ស្មុគលើចុងត្នោត ហើយគិតតែម្នាក់ឯងថា " បើអញចាក់ស្មុគបាន ១ លក់បាន ១០ សេន, បើចាក់ស្មុគបាន ១០០០ នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ, បើប្រើមិនបានដូចចិត្ត អញនឹងធាក់វាយវា" ។ បុរសនោះមិនគ្រាន់តែគិតក្នុងចិត្ត ក៏យារដៃលើកទាំងជើង ធាក់ធាងត្នោត ក៏របូតខ្លួនធ្លាក់ពីលើចុងត្នោត តែបានដៃប្រវាចាប់ស្លឹកត្នោតជាប់ទាន់ ក៏នៅតែកតោកៗ ដូចជាគេព្យួរ ។ គ្រានោះ មានទ្រមាក់ដំរីម្នាក់ ជិះដំរីមកជិតនោះ ។ បុរសនោះស្រែកថា " បើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបាន ខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់ ១ ជីវិត " ។ ទ្រមាក់ដំរីឮហើយ មានចិត្តត្រេកអរ បរដំរីចូលទៅដល់ក្រោមដើមត្នោត ឈរលើខ្នងដំរីដៃតោងជើងបុរសនោះជាប់ ដូចជាអង្រួនខ្នងដំរីនោះ ដំរីក៏ដើរទៅ ។ ទ្រមាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះ ។ គ្រានោះមានមនុស្សទំពែក ៤ នាក់ ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នា លុះដើរទៅដល់ក្រោមដើមត្នោតនោះ ទ្រមាក់ដំរីនិងបុរសចាក់ស្មុគស្រែកថា "បើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុងត្នោតនេះ ខ្ញុំទាំងពីរនាក់ សុខចិត្តទៅនៅបម្រើលោកអស់១ជីវិត ។ ទំពែកទាំង ៤ នាក់នោះឮហើយត្រេកអរណាស់ គិតថាបានដូចសេចក្ដីប្រាថ្នា ក៏ស្រែកថា " យើងទាំង ៤ នាក់នឹងជួយអ្នកឲ្យរួច" ។ ទំពែកទាំង ៤ ឈក្រោមដើមត្នោត យកសំពត់ចងកខ្វែងទល់ មុខគ្នាជា ៤ ជ្រុង ហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគ និងទ្រមាក់ដំរីថា " ចូរអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះ ! " ។ បុរសចាក់ស្មុគនិងទ្រមាក់ដំរីទម្លាក់ខ្លួនទាំងបីនាក់ មកលើសំពត់ដែលបុរសទំពែកទាំង ៤ នាក់ចងនោះ ដូចជាគេទាញសំពត់ជាប់នឹងកទំពែកទាំង ៤ ជល់ក្បាលគ្នាស្លាប់ទាំងបួននាក់ទៅ ។ ឯទ្រមាក់ដំរីនិងបុរសចាក់ស្មុគ ឃើញទំពែកទាំង ៤ នាក់ស្លាប់ដូច្នោះ ភ័យណាស់ ទៅនិយាយនឹងយាយចាស់ម្នាក់ថា "បើនិយាយគិតដូចម្ដេចឲ្យបានសុខ យើងទាំងពីរនាក់ នឹងនៅបម្រើយាយ ទាល់អស់ជីវិត" ។ យាយចាស់ មានចិត្តត្រេកអរ ដោយប្ដីខ្លួនទៅកាប់ចម្ការឯព្រៃ ហើយនិយាយថា " បើដូច្នោះ អ្នកទៅយកខ្មោចទាំង ៤ នោះមកដាក់ក្នុងផ្ទះ ចងរុំឲ្យស្រេច " រួចយាយចាស់ឲ្យយកខ្មោច ១ ចេញពីផ្ទះមក គាត់ស្រែកយំ ។ អ្នកស្រុកសួរ, គាត់ប្រាប់ថា " ប្ដីគាត់ស្លាប់" អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុត, យាយចាស់ប្រាប់ថា "សូមអ្នកទាំងអស់ដុតធ្វើឲ្យល្អ ត្បិតប្ដីខ្ញុំគាត់ ស្រឡាញ់ខ្ញុំណាស់ កាលដែលគាត់នៅរស់ " ។ លុះគេយកខ្មោច ១ ទៅដុតហើយយាយចាស់ស្រែកថា " ប្ដីគាត់ទៅផ្ទះទៀតហើយ " ។ អ្នកស្រុក ក៏ទៅយកមកដុតទៀត ។ លុះដុតទៅគម្រប់ ៤ លើក ទើបឃើញតាចាស់ប្ដីយាយនោះចេញមកពីព្រៃចម្ការ មានខ្លួននោះប្រឡាក់សុទ្ធតែធ្យូង ពួកអ្នកស្រុកឃើញ ក៏នាំគ្នាដេញចាប់តាចាស់នោះ យកទៅដុតទាំងរស់ឲ្យស្លាប់ទៅ ។

រយោងដូចសម្លកំពឹស


១-ដកស្រង់ពីកម្ពុជសុរិយា ឆ្នាំ ១៩៣៥ ខ្សែ១.២ រួមគ្នា ទំព័រ ៦៩ ។

រឿង ស្រី​កណ្ដុរ​ល្អោច គឺ​កណ្ដុរ​បំផ្លាញ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ១០៩

    កាលពីដើម មានបុរសម្នាក់មានប្រពន្ធ ។ បុរសនោះតែងទៅកាប់ចម្ការសព្វថ្ងៃ លុះកាប់ចម្ការទៅដល់ដើមជ្រៃមួយ ស្ដេចកណ្ដុរស ដែលនៅនឹងដើមជ្រៃនោះ មានសេចក្ដីភិតភ័យ ហើយហើយទៅអង្វរបុរសដែលកាប់ព្រៃធ្វើចម្ការនោះថា "សុំឲ្យបុរសទុកតែដើមជ្រៃមួយនេះ ខ្ញុំនឹងឲ្យរង្វាន់ជាមាស ក្នុងមួយថ្ងៃមួយដុំ" ។ បុរសនោះ ក៏ព្រមទុកដើមជ្រៃឲ្យ ។ ស្ដេចកណ្ដុរស បានយកមាសមកប្រគល់ឲ្យបុរសនោះតែរាល់ថ្ងៃ ។ បុរសបានមាសហើយ យកទៅប្រគល់ឲ្យប្រពន្ធតែរាល់ថ្ងៃ ។ ប្រពន្ធសួរថា " អ្នកបានមាសពីណា? " ។ ប្ដីថា "នាងកុំចង់ដឹងអី ចេះតែទុកទៅ" ។ ប្រពន្ធថា "បើអ្នកមិនប្រាប់ខ្ញុំ ខ្ញុំនឹងទៅប្ដឹងអ្នករាជការចៅទៃ ឬទៅទូលស្ដេចថា អ្នកលួចព្រះរាជទ្រព្យ" ។ បុរសនោះ ឮប្រពន្ធថាដូច្នោះ ក៏ភ័យ ហើយបានថ្លែងប្រាប់ទៅប្រពន្ធ តាមដំណើរដែលបានមាសពីស្ដេចកណ្ដុរសនោះ ។ នាងប្រពន្ធបានដឹងដូច្នោះហើយ ក៏ប្រាប់ទៅប្ដីវិញថា " អ្នកនេះ ហៅពេញជាឆោត ចាញ់ប្រាជ្ញាសត្វ បើអ្នកកាប់ដើមជ្រៃនោះឲ្យ រលំហើយពុះបំបែកយកមាសពីក្នុងដើមជ្រៃនោះ នឹងបានច្រើន ព្រោះស្ដេចកណ្ដុរស វាយកមាសតែពីក្នុងដើមជ្រៃនោះ " ។ បុរសបានឮសំដីប្រពន្ធហើយ ក៏ជឿ លុះព្រឹកឡើង ទៅកាប់រលំដើមជ្រៃនោះរលំទៅ ហើយក៏ពុះមើល ពុំឃើញមានមាសអ្វីបន្តិចសោះ ។ ស្ដេចកណ្ដុរសក៏រត់ចោលដើមជ្រៃនោះទៅ ។ វេលាយប់ស្ដេចកណ្ដុរស នាំគ្នាទៅលួចយកមាស ពីផ្ទះបុរសនោះអស់មកវិញ ។

ចង់ស៊ីកុំតាមឃ្លាន


១-ដកស្រង់ពីទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ ១៩៣៧ ទំព័រ ២២៦ ។

រឿង អាឡេវ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៨៨-១០៨

    កាលពីព្រេងនាយ មានបុរសម្នាក់ឈ្មោះអ្នកង៉េះ ប្រពន្ធនាងង៉ោះ មានកូនប្រុសម្នាក់ឈ្មោះ អាឡេវ ។ កូននោះ លុះធំឡើងអាយុ ៧ ឆ្នាំ ជាក្មេងមានប្រាជ្ញាដឹងថាម្ដាយឪពុកល្ងង់ មិនចេះធ្វើការរកស៊ី ជាអ្នកក្រលំបាក វាក៏និយាយនឹងម្ដាយ ឪពុកថា «ម៉ែអើយ! ឪអើយ! ឥឡូវនេះ យើងគ្មានរបរធ្វើការរកស៊ីអ្វីនឹងគេបានជាយើងក្រ បើដូច្នេះ ខែវស្សាយើងធ្វើស្រែ ខែប្រាំងយើងទៅធ្វើចម្ការ ឯខ្ញុំទៅធ្វើស្រែជាមួយនឹងឪឯង បើយើងអត់ស្លាម្លូអង្ករម្ហូបចំណីអ្វី សឹមខ្ញុំមករកយកពីផ្ទះនេះ ទៅស៊ី» ។ អាឡេវនិងឪពុកម្ដាយ គិតគ្នាព្រមហើយ ក៏រៀបប្រដាប់ប្រដាឡើងទៅធ្វើស្រែ ។ លុះនៅស្រែយូរទៅ អាឡេវនឹកចង់ស៊ីនំ ហើយវាគិតថា «បើដូច្នេះអញនឹងបញ្ឆោតម៉ែឪអញយកនំស៊ី» គិតហើយប្រាប់ឪពុកវាថា «ឪៗ! ខ្ញុំទៅផ្ទះយកស្លាម្លូមកស៊ី» ។ ឪពុកក៏ឲ្យកូនទៅផ្ទះ ។ អាឡេវ ដើរទៅដល់កណ្ដាលផ្លូវបានឃើញវត្តលោក ក៏ចូលទៅថ្វាយបង្គំរកលោកកោរសក់ឲ្យ, លុះកោររួចហើយក្រាបថ្វាយបង្គំលាលោកទៅ ។ លុះទៅដល់ជិតផ្ទះ អាឡេវ មកសំពត់ទទូរក្បាលហើយធ្វើជាយំ ដើរចូលទៅក្នុងផ្ទះ ។ ឯម្ដាយឃើញកូនយំដូច្នោះ ក៏សួរទៅកូនថា «ថ្វីក៏កូនយំ?» ។ អាឡេវ ធ្វើជាយំខ្លាំងឡើងទៀត ។ ម្ដាយឃើញកូនរឹតតែយំខ្លាំងឡើងដូច្នោះ ក៏ស្ទុះទៅឱប ហើយបើកសំពត់អំពីក្បាលកូនចេញ ឃើញក្បាលកោររលីង រឹតតែសង្ស័យ ហើយសួរទៀតថា «ហេតុអ្វី ក៏បានជាកោរសក់ហើយយំដូច្នេះ?» ។

អានបន្ត ៖ រឿង អាឡេវ

រឿង អន្ទង់​វែង​ឆ្នាំង​វែង

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៨៧

    ក្នុងកាលកន្លងទៅហើយ មានមនុស្សពីរនាក់ ជាប្ដីប្រពន្ធ ។ ថ្ងៃមួយ ប្ដីចេញទៅរកអន្ទង់ដើម្បីជាអាហារ បានអន្ទង់១ យកមកប្រគល់ឲ្យប្រពន្ធ ប្រាប់ថា «ចូរឯងយកអន្ទង់នេះទៅស្លស៊ី» ។ ប្រពន្ធឆ្លើយថា «ចុះបើអន្ទង់នេះវែងម្ល៉េះ បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន?» ។ ប្ដីឮហើយ នឹកក្នុងចិត្តថា «ប្រពន្ធអញល្ងង់អីម្ល៉េះ!» ហើយប្រាប់ប្រពន្ធថា «បើឯងរកឆ្នាំងវែងពុំបានទេ ឯងយកអន្ទង់នេះទៅព្យួរទុកទៅ!» ។ ប្រពន្ធក៏យកអន្ទង់ទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ ។ ប្ដីក៏យកអន្ទង់នោះមកកាប់ចិញ្ច្រាំ ហើយយកឆ្នាំងមកដាក់ស្ល-កកូរ, លុះឆ្អិនក៏ដោះដួស រួចហៅប្រពន្ធឲ្យមកស៊ី ៗ រួចលាងចានទុក តែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង, ប្ដីមិនលាងឆ្នាំងនោះទេ ហើយចេញទៅភ្ជួរស្រែបាត់ទៅ ។ ឯប្រពន្ធ ដឹងថាប្ដីចេញទៅបាត់ហើយ នឹកដល់សម្ល-កកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង ទៅយកឆ្នាំងនោះមកលិទ្ធ, ដល់ខំលិទ្ធណាស់ទៅ ក្បាលនាំងនោះ ចូលទៅក្នុងឆ្នាំង ៗ គ្របជាប់ពីលើ, មិនដឹងធ្វើដូចម្ដេចនឹងយកឆ្នាំងនោះចេញបាន ក៏វាទៅពួនក្នុងមុង ។ លុះប្ដីត្រឡប់មកពីភ្ជួរស្រែវិញ រកប្រពន្ធពុំឃើញក៏ស្រែកហៅ ឮសូរឆ្លើយសំឡេងនោះក្រងូរងល់ ហាក់ដូចជាចម្លែកណាស់, ប្ដីដើរចូលមករកមើល ទើបរកដំបងវាយឆ្នាំងនោះបំបែកទៅ ។ ប្រពន្ធលាន់មាត់ស្រែកថា «យ៉ា! អញពួននឹងគាត់ឯងសោះ» ។ ប្ដីនឹកអស់សំណើច ក៏ដើរចេញទៅ ។

អន្ទង់វែងឆ្នាំងវែង

រឿង ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៧៥-៨៦

    កាលពីព្រេងនាយ មានបុរសម្នាក់ ជាអ្នកកម្សត់ក្រលំបាក, ម្ដាយឪពុកស្លាប់ចោលពីតូច នៅតែម្នាក់ឯង តែងរកស៊ីចិញ្ចឹមអាត្មាគ្រាន់តែឆ្អែតពោះ ។ ដល់បុរសនោះចម្រើនធំដឹងសេចក្ដីឡើង ក៏ចង់ដឹងថា «ក្នុងនគរនោះ នឹងមានស្ត្រីពិត ម្ដាយពិត ឪពុកពិត ឬទេ? » ។ ថ្ងៃមួយ ស្ដេចក្នុងនគរនោះ ទ្រង់គិតធ្វើបុណ្យកម្សាន្តសប្បាយមួយ ។
    ស្ដេចទ្រង់មានព្រះបន្ទូលហៅនាហ្មឺនធំម្នាក់ ឲ្យចូលមកគាល់ ។ មកដល់ទ្រង់បង្គាប់ឲ្យនាហ្មឺននោះ ចេញទៅធ្វើរោងសង់សាលាបុណ្យនៅត្រើយស្ទឹងម្ខាង ។ ឯស្ទឹងនោះ មានស្ពានសួរឆ្លងទេ ។ នាហ្មឺននោះ ទៅធ្វើរោងសង់សាលារួចស្រេចវិលមកក្រាបទូលស្ដេច ៗ ទ្រង់ឲ្យរៀបភ្ញីផ្កា ស្លាម្លូ គ្រប់បរិក្ខារ ជារណ្ដាប់បុណ្យ ហើយស្ដេចយាងចេញកាន់ចុងព្រះរាជរោង ដោយជួនជុំមន្ត្រីតូចធំហែស្ដេចយាងចូលរោងបុណ្យ ។

អានបន្ត ៖ រឿង ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត

Flag Counter