រឿង ប្រវត្តិ បឹងល្វា ក្នុងខេត្តកំពង់ធំ

ខ្ញុំបាទបានឮតៗពីចាស់ជាន់ដើមនិយាយថា នៅស្រុកសន្ទុក ខេត្តកំពង់ធំ មិនប្រាកដជាសតវត្សប៉ុន្មាន កាលស្ដេចចាមមិនចាំព្រះនាមប្រាកដឈ្មោះ អ៊ុយ តែ ព្រះមហាក្សត្រអង្គនោះ មានអគ្គមហេសី និងព្រះរាជបុត្រ ព្រមទាំងស្នំសាក់អគ្គនារី ពលថ្មើរជើង និងទាហានរក្សាព្រះអង្គ នាម៉ឺនសេនាបតី បុត្រស្នំធ្វើរាជការក្រោមបង្គាប់ ព្រះរាជការព្រះអង្គ បានឱ្យកាប់ឆ្ការធ្វើប្រាសាទនៅតំបន់ព្រៃ សឹងមានគុកគុហានៅសព្វថ្ងៃនេះជាភស្ដុតាងស្រាប់ បានជាសន្មតហៅថាភូមិឃុំប្រសាទ នៅដល់សព្វថ្ងៃនេះ ។ រួចព្រះរាជការឲ្យឆ្ការព្រៃមួយអន្លើឆៀងខាងជើង ខាងលិចភូមិប្រសាទធ្វើជាកំផែង សម្រាប់ស្រីស្នំ អគ្គនារី សឹងមានគុក ១ នៅសព្វថ្ងៃនេះ  បានជាសន្មតហៅថាភូមិវាំងដល់មកសព្វថ្ងៃនេះ រួចព្រះរាជការឲ្យឆ្ការព្រៃមួយអន្លើទៀត នៅខាងលិចភូមិប្រសាទ សង់ព្រះឃ្លាំងសម្រាប់ដាក់ព្រះរាជទ្រព្យ សឹងមានសសរនៅគល់កប់ក្នុងដី ជាការសំអាងស្រាប់ បានជាសន្មតភូមិនោះហៅភូមិសង់ឃ្លាំង ដល់ហៅយូរមក ក៏ក្លាយហៅជាភូមិតាំងក្រសាំងវិញ បានជាតាំងសាលាស្រុកសន្ទុក និងនាមភូមិនោះ ហៅថាភូមិតាំងក្រសាំងដល់សព្វថ្ងៃនេះ ។ ព្រះរាជការទ្រង់ធ្វើកន្លែងមួយទៀត ខាងលិចភូមិតាំងក្រសាំង ឆៀងខាងត្បូង សម្រាប់ដាក់ពលអ្នកងារចាំបក់ស្ដេច បានជាប់មកភូមិនោះហៅថាភូមិចំបក់ដល់សព្វថ្ងៃនេះ ។ មានបឹងមួយធំ នៅខាងលិចឆៀងខាងត្បូងភូមិចំបក់ បឹងនោះ ព្រះរាជការតែងនាំអគ្គមហេសី និងព្រះរាជបុត្រ សុំពលយាងទៅក្រសាលសប្បាយជាដរាប និងចាប់ត្រីរើសខ្យងដកព្រលឹតបេះត្រកួនជាក្រយាស្ងោយ ដល់ថ្ងៃមួយព្រះរាជបុត្រមិនស្រួលព្រះកាយ ព្រះអង្គទ្រង់ព្រះកន្សែង ឮស្រីស្នំបានច្រៀងបំពេបីបមថ្នមថ្នាក់បបោសអង្អែលលួងលោមព្រះរាជបុត្រ ព្រះរាជាបានបាត់ទ្រង់ព្រះកន្សែង ទើបព្រះរាជាឲ្យសន្មតហៅថាបឹងបំពេ និងបឹងខ្យង មកដល់សព្វថ្ងៃនេះ ។  ព្រះរាជាតែងនាំព្រះអគ្គមហេសី និងព្រះរាជបុត្រទៅក្រសាលលេង លើភ្នំធំ ស្រះខ្ចៅ ភ្នំពែនជុំ ភ្នំបីនេះជាប់គ្នានៅខាងជើងបឹងបំពេ ព្រះរាជាតែងតែយាងឡើងទៅក្រសាលបេះផ្លែឈើ មានផ្លែស្រកុំ ភ្នំភ្នេង ប្រស់ ព្នៅ បង្កោ សេមាន់ ជើងចាប និងផ្លែឈើឯទៀតជាច្រើន តែងសប្បាយព្រះអង្គពុំដែលទុក្ខអ្វី ។ លុះដល់ថ្ងៃមួយ  ព្រះរាជាបាននាំព្រះអគ្គមហេសី ព្រះរាជបុត្រ យាងទៅក្រសាលនៅលើភ្នំនោះទៀត ព្រះរាជបុត្រព្រះរាជាទ្រង់ប្រឈួនខ្លាំង ព្រះអង្គនឹងគង់នៅលើភ្នំពុំបានៗ ចាត់ឲ្យឆ្ការព្រៃមួយអន្លើធ្វើព្រះពន្លានៅជើងភ្នំ ក៏នាំព្រះអគ្គមហេសី និងព្រះរាជបុត្រ ព្រមទាំងស្រីស្នំ និងពលចុះពីលើភ្នំបណ្ដោះមក តាមផ្លូវខាងឆ្វេង ខាងលិចមកសំចតនៅព្រៃ១កន្លែងសម្រាកបានជាសន្មតហៅទីនោះឈ្មោះភូមិបណ្ដោះ លុះយូរមកហៅថាភូមិត្រកោះមកដល់សព្វថ្ងៃនេះ រួចព្រះរាជាបាននាំព្រះរាជបុត្រមកដល់ព្រះពន្លា ដែលឲ្យធ្វើនៅជើងភ្នំនោះ បានរើព្រះរោគព្រះរាជបុត្រ រកពេទ្យ ថ្នាំឱសថមើល មិនមានធ្វេសប្រហែស ទុកជាមានឱសថថ្នាំបម្រើពូកែយ៉ាងណាយកទៅដាក់មើល ព្រះរោគព្រះរាជបុត្រព្រះរាជានោះ ក៏មិនបានធូរស្បើយស្រាកស្រន់សោះ និងរឹតតែប្រឈួនខ្លាំងឡើង ក៏សោយព្រះវិលាល័យអស់ព្រះជន្មនៅទីនោះ ព្រះរាជា ព្រះអគ្គមហេសី និងពួកស្នំ ពួកពលសឹងសោយវិយោគយំស្រែក  រួចសព្វគ្រប់នឹងរៀបពិធីធ្វើបុណ្យឈាបនកិច្ចជាឱឡារិកនៅទីនោះ បានជាព្រះរាជាសន្មតភ្នំនោះ ហៅថាភ្នំអាស្នំមានទុកត្រង់ទីដែលធ្វើព្រះពន្លាព្រះរាជានៅថែព្រះរោគ លុះដល់ព្រះរាជបុត្រសោយទិវង្គតនោះ ហៅថាភូមិអាសន្នមានទុក្ខ លុះដល់តៗមកហៅថាភ្នំសន្ទុក និងភូមិសន្ទុកវិញ បានជាដាក់នាមស្រុកនោះថាស្រុកសន្ទុក តាមនាមភ្នំនោះ និងភូមិនោះ ដល់មកសព្វថ្ងៃនេះ ។ ព្រះរាជា និងព្រះអគ្គមហេសីបានសោយរាជ្យនៅកម្ពុជរដ្ឋ បានធ្វើព្រះរាជដំណើរទៅឈប់សំចតនៅស្ទឹងសែន គ្រានោះហើយ ព្រះរាជហឫទ័យគ្រាន់រំដោះទុក្ខ និងកាន់តែកើតទុក្ខធ្ងន់ធ្ងរឡើង បានជួបនឹងសាមណេរមួយអង្គ លោកនិមន្តទៅ ជួបនឹងព្រះរាជានៅទីនោះ លោកសាមណេរបានឃើញព្រះរាជា និងអគ្គមហេសីសោយទុក្ខជាទម្ងន់ដូច្នោះ លោកបានថ្លែងសេចក្ដីសួរសាកទៅព្រះរាជាដែលមានទុក្ខជាទម្ងន់នោះ ទើបព្រះរាជាថ្លែងសេចក្ដីទុក្ខ ដែលព្រះរាជបុត្រទិវង្គតរលត់ខន្ធនោះលោកសាមណេរបានអធិប្បាយ ចាប់ធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធយ៉ាងណា ព្រះរាជានិងអគ្គមហេសី មិនបាត់យំកើតទុក្ខសោះ លុះលោកសាមណេរអធិប្បាយថា បើព្រះរាជាចង់ឃើញព្រះរូបព្រះរាជបុត្ររបស់ព្រះអង្គ ត្រូវឲ្យរកជាងយកម្សៅ ឬដីមកសូន្យធ្វើជាព្រះរូបព្រះរាជបុត្រ   ទុកគ្រាន់ទតជាលំហើយព្រះទ័យរំដោះទុក្ខ ។ ព្រះរាជាបានឮព្រះពុទ្ធដីកាលោកសាមណេរនោះហើយ  ក៏មានព្រះទ័យត្រេកអរ បានចាត់ឲ្យរកជាងមកធ្វើសំណាកព្រះរូបព្រះរាជ-បុត្រនៅទីព្រៃ ១ លុះធ្វើរូបព្រះរាជបុត្ររួចហើយ ព្រះរាជាសព្វព្រះហឫទ័យបានស្រាកទុក្ខសោកនោះ ដោយបានសំយោគព្រះរូបព្រះរាជបុត្រ គ្រាន់ទតជាតំណាង បានទ្រង់សន្មតត្រង់កន្លែងជួបនឹងលោកសាមណេរនោះ ហៅថា ភូមិប្រាជ្ញាជី ត្រង់កន្លែងធ្វើសំណាកព្រះរូបព្រះរាជបុត្រ សន្មតហៅថាភូមិសំណាក ព្រះរាជាបាននាំព្រះអគ្គមហេសី និងសុំទុកពលទៅក្រសាលនៅទី ១ ខាងជើងភូមិសំណាក ទ្រង់ឃើញឆ្អឹងក្បាលក្រពើ ១ ធំ ដែលស្លាប់យូរហើយចោលនៅទីនោះ បានជាសន្មតទីនោះហៅថា ភូមិត្បូងក្រពើ ។ល។

តពីនោះមកច្រើនរាជ មិនដឹងជាព្រះនាមព្រះមហាក្សត្រឈ្មោះអ្វីមិនប្រាកដ មានស្ដេចត្រាញ់មួយព្រះអង្គ នៅស្ដីការរាជការនៅទីកំពង់ធំ មានឫទ្ធិខ្លាំងពូកែ ឮតែឈ្មោះស្ញប់ស្ញែង មិនមាននរណា និងសត្រូវណានឹងតទល់បាន ស្ដេចត្រាញ់នេះឈ្មោះពញាតេជោក្រហមក នៅក្រោមព្រះមហាអំណាចព្រះមហាក្សត្រ បើមានសឹកសង្គ្រាមជ័យមកទីណាៗ ព្រះរាជាខ្មែរយើងតែងចាត់ពញាតេជោក្រហមក  ឲ្យទៅតតាំងច្បាំងឈ្នះសត្រូវគ្រប់អន្លើ សុទ្ធតែមានជ័យជំនះទាំងអស់ ព្រះរាជាតែងសព្វព្រះរាជហឫទ័យនឹងពញាតេជោក្រហមកនោះណាស់ទ្រង់ប្រទានរង្វាន់ជារឿយៗមិនដែលដាច់ ពញាតេជោក្រហមក ក៏បានយកចិត្តទុកដាក់គោរព ប្រណិប័តន៍ព្រះបាទព្រះរាជាដោយស្មោះចំពោះ លុះដល់ពញាតេជោក្រហមកចាញ់ពស់មានរោគជាទម្ងន់ក៏លុះមរណា តទៅក៏បានទៅកើតជាអ្នកតានៅលើកំពូលភ្នំសន្ទុក ហៅថាអ្នកតាក្រហមក ជាមួយនឹងអ្នកតាឃ្លាំងមឿងនេះ នៅក្នុងភ្នំសន្ទុកអ្នកស្រុកមានសង់ខ្ទមធំមួយនៅលើកំពូលភ្នំសន្ទុក សន្មតហៅថាខ្ទមអ្នកតាក្រហមក មានរូបសឹងតែងបន្ទាន់សុពារសុខទុក្ខគ្រប់ជំពូកក្នុងស្រុក ហើយតែងរៀបពលីការលើអ្នកតានោះ ក្នុងមួយឆ្នាំត្រូវរៀបឡើងអ្នកតាម្ដង តែកាលណារៀបឡើងអ្នកតា មានភ្នាក់ងារអ្នកតាដើររៃស្រូវអង្ករ និងស្រាពីអ្នកស្រុកដែលនៅជិតខាង យកទៅរៀបឡើងអ្នកតានោះបើកាលណាមានផ្លាស់លោកចៅហ្វាយស្រុកសន្ទុក ហើយមានលោកចៅហ្វាយថ្មីចូលមកស្ដីការ ត្រូវរៀបឡើងអ្នកតា ដែលជាទំនៀមទម្លាប់ស្រុក តរៀងមកយូរណាស់ហើយ ។

   បឹងល្វា នៅថ្ងៃ ១ ខែ ណូវ៉ម ឆ្នាំ ១៩៦៦

* * *

រឿង ចៅញូង១

សេចក្ដីតំណាលរៀងៗមកថា មានបុរសកំសត់ទុរគតម្នាក់ឈ្មោះ ចៅញូង កំព្រាឪពុកនៅនឹងម្ដាយ ។ ចៅញូងនេះមានរូបខ្មៅក្រងែះ កើតដំបៅលេចបាតជើងដើរទៅណាមកណាប៉ះពៀចៗ ។ ថ្ងៃមួយ ចៅញូងទៅសុំនៅបម្រើសេដ្ឋីៗ ទទួលឲ្យនៅបម្រើតាមពាក្យសុំ សេដ្ឋីនោះមានកូនក្រមុំម្នាក់រូបល្អចំណាប់ ។ សេដ្ឋីបានប្រើឲ្យចៅញូងទៅឃ្វាលគោ ៥០០ ក្របី ៥០០ រាល់ៗថ្ងៃ ហ្វូងនោះធំជាងគេ ពួកដទៃៗ គេមិនត្រូវការឲ្យហ្វូងចៅញូងទៅជុំសោះ ។ លុះថ្ងៃក្រោយមកទៀត ចៅញូងដេញគោក្របី ទៅឃ្វាលកន្លែងមួយជិតខ្ទមអ្នកតា  ហើយយកខ្ទមអ្នកតាធ្វើម្លប់នៅអាស្រ័យ ធ្វើសិស្សអ្នកតារៀងទៅ ក្នុងថ្ងៃនោះឯងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយមាននាងនាគមកលេងទឹក ស្រាប់តែពស់អ្នកតាក្រឡេកឃើញនាងនាគលេងទឹករូបល្អកាលណា ក៏វារលូនចេញទៅត្រកងឱបរួតនាងនាគនោះដោយសេចក្ដីស្រឡាញ់ ទទួលចៅញូងមើលឃើញពស់រួតនាងនាគដូច្នោះ     ទើបស្រវាចាប់ដំបងសំពងក្បាលពស់ស្លាប់ក្នុងពេលនោះទៅ ។ ចំណែកនាងនាគបានរួចខ្លួនអំពីកណ្ដាប់ដៃនៃពស់នោះហើយ មានសេច-ក្ដីត្រេកអរយ៉ាងក្រៃលែង ទើបបែរប្រាប់ទៅចៅញូងថា បងៗអម្បាញ់មិញនេះប្អូនភ័យស្ទើរស្លាប់ កុំតែបងឯងជួយខ្ញុំៗ ប្រហែលជានឹងស្លាប់ជាប្រាកដ តែមិនអីទេបង បងឯងជួយខ្ញុំក្នុងវេលាក្រដូច្នេះ ខ្ញុំមិនភ្លេចបងទេ ចាំថ្ងៃក្រោយខ្ញុំសូមតបគុណបងវិញ នាងនាគក៏បាត់ខ្លួនក្នុងពេលនោះ ទៅ ។ មិនយូរប៉ុន្មានស្រាប់តែឃើញតាចាស់ម្នាក់ដើរមក ឃើញពស់ស្លាប់នៅកន្លែងនោះ ទើបសួរថា អ្នកណាវាយពស់ស្លាប់ ? ចៅញូងតបថា ខ្ញុំហ្នឹងហើយវាយពស់ស្លាប់តា ទើបតាសួរថា ហេតុដូចម្ដេចទើបឯងវាយវា ? ចៅញូងតបថា ព្រោះខ្ញុំចង់ជួយសង្គ្រោះនាគដែលធ្លាក់ខ្លួនក្នុងគ្រាក្រ។ តាចាស់បានឮសំដីចៅញូងនិយាយប្រាប់ដូច្នោះ ក៏តាំងឲ្យពរសព្ទសាធុការចំពោះចៅញូងសព្វគ្រប់ហើយ ទើបប្រាប់ថា យើងនេះហើយជាឪពុកនាងនាគក្នុងស្ថានពិភពនាគ ដែលយើងក្លែងខ្លួនជាតាចាស់មកនេះដោយយើងចង់ដឹងថា ចៅឯងនិយាយត្រង់ទៅត្រង់មក ក៏និយាយម្ដងដូច្នេះម្ដងដូច្នោះ តែឥឡូវនេះយើងដឹងច្បាស់ថាចៅឯងជាមនុស្សមានចិត្តស្លូតត្រង់ចំពោះការសង្គ្រោះអាយុសត្វមែនៗ បើដូច្នេះតានឹងឲ្យប្រាក់ ១ បង្វេច មាស ១ បង្វេច  ដល់ចៅឯង ។ ចៅញូងឮសំដីព្រះឥន្ទថាដូច្នោះ មានសេចក្ដីត្រេកអរពន់ពេក ទើបប្រាប់តាថា លោកតាៗ ខ្ញុំបាទសព្វថ្ងៃនេះចៅបម្រើគេទេ ខ្ញុំមិនចង់បានទេបង្វេចប្រាក់មាសច្រើនម្ល៉េះ  ខ្ញុំគ្មានកន្លែងទុកដាក់ទេលោកតា  ទើបថាបើដូច្នោះចៅឯងចង់បានអ្វី ? ចៅញូងប្រាប់ថា ខ្ញុំបាទចង់បានតែរបស់ណាដែលទុកដាក់ងាយៗ   ទើបតាប្រាប់ថា  បើចង់បានរបស់ទុកដាក់ងាយ ចូរចៅឯងហារមាត់ឡើង តានឹងស្ដោះទឹកមាត់ឲ្យ ចៅញូងក៏ហាមាត់ ១ រំពេច តាស្ដោះទឹកមាត់ឲ្យភ្លាម ហើយប្រាប់ថាៈ ពីថ្ងៃនេះទៅចៅឯងចង់បានអ្វី ហៅបានទាំងអស់ដោយសំដីប្រើទូទៅ តែចៅឯងកុំមើលងាយមនុស្សឲ្យសោះ កុំទុកចិត្តមនុស្ស ។ ថាដូច្នេះហើយ ព្រះឥន្ទក៏បាត់ខ្លួនទៅ ចំណែកចៅញូងបានរបស់ពូកែកាលណា ក៏និយាយប្រាប់ហ្វូងគោក្របីថា នែ ! ពួកយើង ឯងចូរនាំគ្នាទៅចូលក្រោលទៅល្ងាចហើយ ហ្វូងគោក្របីក៏ទៅចូលក្រោលមែន ព្រឹកឡើងប្រាប់ថា ថ្ងៃហើយនាំគ្នាចេញទៅស៊ីស្មៅក្បែរមាត់ស្ទឹងជិតខ្ទមអ្នកតាទៅ ហ្វូងគោក្របីក៏នាំគ្នាចេញមែនតាមពាក្យចៅញូងទាំងអស់ ។ និយាយពីសេដ្ឋីមានកូនក្រមុំល្អនោះឯង ស្ដេចក្រុងចិនចូលមកដណ្ដឹង សេដ្ឋីឪពុកតម្រូវសំពត់កោសេយ្យ ភស្ដុ ១ គូ ស្ដេចក្រុងចិនក៏យល់ព្រម ហើយចរចេញទៅ ។ ចំណែកខាងចៅញូងឮថាស្ដេចពីណាមកចង់បានកូនក្រមុំសេដ្ឋីដូច្នោះ នឹកខឹង ក៏ពោលម្នាក់ឯងថា អញអើយអញ ! ដែលខំចូលខ្លួនទៅសុំបម្រើសេដ្ឋីនោះ ព្រោះអញមើលឃើញកូនក្រមុំហ្នឹងឯង តែមិនហ៊ាននិយាយ ព្រោះខ្លួនអ្នកកម្សត់ខំប្រឹងប្រែងព្យាយាមធ្វើការ ដំបៅលេចបាតជើងឈាមរហាម ស៊ូតែអត់មិនចេញស្ដី ព្រោះមានសេចក្ដីប្រាថ្នាចង់បានកូនក្រមុំសេដ្ឋីនេះធំណាស់ ហើយពាក្យអ្នកប្រាជ្ញលោកថា ខន្តីក្ដី វីរិយក្ដី នឹកឃើញទាំងពីរនេះជាគូដៃសម្រាប់បបួលគ្នាដើររកសេចក្ដីចម្រើន ។ ហេតុនេះខ្លួនអញតាំងពីដើមរហូតមក ក៏បានប្រព្រឹត្តធម៌ទាំងពីនេះហើយ បើដូច្នេះអញត្រូវប្រដេញយកកូនក្រមុំនេះឲ្យបាន ចៅញូងពោលម្នាក់ឯងមិនទាន់ផុតមាត់ ស្រាប់តែកប៉ាល់ជំនួញមួយមកដល់ភ្លាម ចៅញូងស្រែកថាៈ កប៉ាល់ឈប់ៗ ! កប៉ាល់ក៍ទៅមិនរួច ទើបចៅញូងសួរទៅថៅកែកប៉ាល់ ឈប់ធ្វើ អ្វី ? ថៅកែឆ្លើយថាមិនឈប់ទេ តែវាកឿងទៅមិនរួច ។ ទើបចៅញូងប្រាប់ថា ថៅកែឯងអ្នកមាន ខ្ញុំអ្នកក្រ បើថៅកែជួលខ្ញុំៗ ជួយធ្វើឲ្យកប៉ាល់ទៅបាន ថៅកែថាខ្ញុំសុខចិត្តជួលបើអ្នកឯងធ្វើឲ្យទៅបាន ទើបចៅញូងថា ថៅកែឲ្យអ្វីខ្ញុំ ? ថៅកែថាអ្វីក៏ឲ្យបើកប៉ាល់ទៅបាន ចៅញូងថាបើដូច្នោះថៅកែឲ្យសំពត់ជាកោសេយ្យភស្ដុខ្ញុំ ១ គូមក ថៅកែក៏ឲ្យសំពត់ ១ រំពេច ចៅញូងប្រាប់ថាកប៉ាល់ទៅចុះ កប៉ាល់ក៏ទៅមែន ចៅញូងបានសំពត់កោសេយ្យភស្ដុវេលាណា ក៏យកទៅផ្ទះ  ។ លុះសេដ្ឋីបានឃើញសំពត់ល្អកាលណា ទើបប្រាប់ខ្ញុំបម្រើទៅវាយសម្រាតយកពីម្ដាយចៅញូងៗ ក៏សន្លប់នូវនឹងកន្លែង ដំណឹងនោះឮដល់ចៅញូងៗ ខឹងខ្លាំងពេកក៏រត់ម្នីម្នាលើកម្ដាយ ថាម៉ែក្រោក ម្ដាយក្រោកភ្លាមទៅផ្ទះទៅ ។

និយាយពីកូនក្រមុំសេដ្ឋីទាំងពីរ មានគេមកដណ្ដឹង វេលាឪពុកខំត្បាញសំពត់រាល់ថ្ងៃ ចៅញូងខឹងខ្លាំងពេកក៏ប្រាប់កីតម្បាញថា បើអ្នកណាមកត្បាញក្ដី ប៉ះពាល់ក្ដី ឲ្យជាប់គ្នាទាំងអស់ កុំឲ្យទៅណាមកណារួច លុះដល់ពេលបាយ កូនក្រមុំដែលត្បាញក្រោកឡើងមិនរួច   ហៅសេដ្ឋីទៅជួយជាប់ថែមទៀត   ហៅខ្ញុំប្រុសស្រីទៅជួយ ជាប់ទាំងអស់គ្នាទៀត ឃើញលោកសង្ឃនិមន្តដើរ ស្រែកឲ្យលោកជួយក៏ជាប់ទាំងលោកសង្ឃ ទាំងបាសកច្រឡំគ្នាវរ លុះដល់ពេលល្ងាច ចៅញូងដេញគោក្របីចូលក្រោល ទើបសេដ្ឋីថា ចៅញូងឯងជួយអញផង អញទាំងអស់គ្នានេះជាប់នឹងកីក្រោកទៅណាមិនរួចទេ ទើបចៅញូងឆ្លើយថា សេដ្ឋីឲ្យកូនក្រមុំខ្ញុំទើបខ្ញុំជួយ សេដ្ឋីឮដូច្នោះខឹងខ្លាំងណាស់  តែមិនដឹងធ្វើដូចម្ដេចក៏ថា អើអញឲ្យកុំភ័យ ឯងជួយអញសិន ហើយចៅញូងប្រាប់ថា នាំគ្នាក្រោកឡើងលោកសង្ឃអីច្រឡំគ្នានឹងឧបាសកដូច្នេះ នេះទៅលោកសង្ឃទៅវត្តទៅ ឧបាសកទៅផ្ទះទៅ អ្នកទាំងនោះបានរួចអំពីគ្រោះថ្នាក់ទាំងនោះអស់ហើយ ក៏នាំគ្នាថ្វាយបង្គំចៅញូងថា អ្នកមានបុណ្យទេតើ ដោយសេចក្ដីអស្ចារ្យខ្លាំងណាស់ ព្រោះធ្លាប់តែឃ្វាលគោសព្វថ្ងៃ ឥឡូវនេះក៏មាត់ទិព្វអីភ្លាម ។ ចៅញូងដឹងច្បាស់ថាសេដ្ឋីលើកកូនក្រមុំឲ្យដូច្នោះ តាំងយកសំពត់កោសេយ្យភស្ដុ ១ គូនោះទៅជូនសេដ្ឋី សូមដណ្ដឹងសេដ្ឋីដោយការស្រួល ទើបសេដ្ឋីប្រាប់ថាកូននេះយើងមិនថាអីទេ តែពីថ្ងៃមុនស្ដេចក្រុងចិនគេមកដណ្ដឹង យើងថាឲ្យគេផុតទៅហើយ បើដូច្នេះឪពុកនឹងផ្សំផ្គុំឲ្យកូនឯងវិញចុះ ។ ចៅញូងទទួលពាក្យថាមិនអីទេលោកឪពុក រឿងរ៉ាវអម្បាលមាណស្រេចលើខ្ញុំទាំងអស់ ។ រឿងនោះឮដល់ស្ដេចក្រុងចិនៗ គិតថាឧបសគ្គកើតឡើងដល់អញហើយតើ បើដូច្នេះសេនាអាមាត្យពួកទាំងអស់គ្នា ចូរលើកទ័ពទៅដណ្ដើមយកកូនក្រមុំសេដ្ឋីឲ្យបាន  លុះមកដល់មុខទ្វារនៃផ្ទះ សេដ្ឋីក្រឡេកឃើញមានសេចក្ដីព្រួយខ្លាំងណាស់ ហៅចៅញូងប្រាប់ថា កងទ័ពមកដល់ហើយ ចៅញូងថាលោកឪពុកកុំឲ្យភ័យអីចាំខ្ញុំវិញ ថាហើយចេញដើរតម្រង់ទៅប្រាប់ថា ពួកលីអាវុធឈរត្រង់ហ្នឹងហើយ ពួកនោះក៏ឈរមែនៗ ចៅញូងប្រាប់ថាយកអាវុធចូលមកឲ្យអញ នាំគ្នាថ្វាយបង្គំអញ ហើយនាំគ្នាចេញទៅទីលំនៅរបស់ខ្លួនវិញចុះ ។ កងទ័ពស្ដេចក្រុងចិនក៏ធ្លាក់ក្នុងអំណាចរបស់ចៅញូងៗ ថាយ៉ាងណាធ្វើតាមទាំងអស់ តាំងពីថ្ងៃដែលចៅញូងបានប្រពន្ធក្រមុំនោះមក     ពួកអ្នកស្រុកស្រីប្រុសមកចំណុះចុះចូលធ្វើជាខ្ញុំបម្រើចៅញូងៗ ក៏បានទទួល ឋានៈជាសេដ្ឋីតំណាងបិតាតរៀងមក ។

ពណ៌នាដោយសេចក្ដីសង្ខេបខ្លីៗ តែប៉ុណ្ណេះ ។

 

 

* * *

 

រឿងព្រេង ដើមកំណើតភ្លេង ៩ បទ ក្នុងពិធីមង្គលការ១

មានរឿងព្រេងពីបរមតំណាលមកថា មានស្ត្រីម្នាក់ឈ្មោះ «ទែន» មកពីស្រុកត្រើយត្រាស់ បានមកពឹងបុណ្យតាដុងយាយជៃយ ដែលជាអ្នកមានស្ដុកស្ដម្ភមួយនៅក្នុងស្រុកឧត្ដុង្គ (សព្វថ្ងៃនេះ) ឯតាដុងយាយជៃយនោះគាត់មានកូនក្រមុំ ១ ឈ្មោះត្រចើលដោះក្រាល មានរូបឆោមល្អក្រៃលែងលើសស្រីទាំង ពួងអាយុទើបតែ ១៦ ឆ្នាំ តាដុងយាយជៃយ តែងបិទរាំងកូននោះមិនឲ្យអ្នកនីមួយឃើញ ក្រែងជ្រាបដល់ស្ដេចៗនឹងយកទៅ ។ កាលនាងទែនមកអាស្រ័យនៅនឹងគាត់ឃើញថា ជាអ្នកមានមា-យាទល្អល្មមនឹងរក្សាកូនរបស់គាត់បាន   គាត់ក៏បណ្ដោយឲ្យនាងទែននាំនាងត្រចើលដោះក្រាលទៅរក្សាទុកក្នុង ខេត្តទ្រាំងដែលនៅស្រុកកំណើតរបស់នាងទែន ។ នាងទែនក៏ទទួលធុរៈនាំនាងត្រចើលដោះក្រាលទៅតាមសេចក្ដីប្រាថ្នារបស់តាដុងយាយជៃយ កាលនាងត្រចើលដោះក្រាលទៅនៅក្នុងទីនោះ អ្នកដែលបានឃើញរូបនាងហើយតែងសរសើរគ្រប់ៗគ្នា។និយាយពីមហេសីស្ដេចក្នុងនគរ(តែមិនប្រាកដព្រះនាម ទាំងស្ដេច   ទាំងមហេសី)    ប្រសូតរាជបុត្រមកជាពង    ស្ដេចនោះសម្គាល់ជាឧបាទរ៍ ក៏ឲ្យយកទៅចោលក្នុងព្រៃឆ្ងាយ ។
     កាលនោះមានព្រានព្រៃម្នាក់ដើរស្វែងបាញ់ម្រឹគ មកដល់ទីនោះក៏បានឃើញពងចម្លែក ទើបរើសមករក្សាទុកមើល ដ្បិតជារបស់ចម្លែក លុះរក្សាទុកបាន ៧ ថ្ងៃ ក៏ញាស់មកភេទមនុស្ស ព្រានព្រៃក៏ចិញ្ចឹមដូចកូន ឲ្យឈ្មោះថា «ប្រមាញ់វឹងស៊ុង» ព្រោះមិនដឹងជាកើតមកពីណា ? លុះអាយុបាន ១៦ ឆ្នាំ ប្រមាញ់វឹងស៊ុងក៏លាព្រានព្រៃជាឪពុកទៅស្វែងរកប្រពន្ធ ។
ប្រមាញ់វឹងស៊ុងដើរទៅជាយូរថ្ងៃ ទើបបានប្រទះឃើញនាងត្រចើលដោះក្រាល កើតមានសេចក្ដីប្រតិព័ទ្ធចង់បានជាប្រពន្ធ ក៏ចូលទៅគិតគូរនឹងនាងទែន ក៏ព្រមព្រៀងផងជាបណ្ដោះអាសន្ន ព្រោះនាងមិនមានអំណាចនឹងសម្រេចកិច្ចនោះពេញទី ។  ប្រមាញ់វឹងស៊ុងកាលទទួលដំណឹងស្រុះស្រួលប៉ុណ្ណោះហើយ ក៏រៀបចំធ្វើប្រាសាទមានទាំងចំណារឲ្យនាងក្រចើលដោះក្រាលនៅស្រេចហើយក៏ផ្ដើមនឹងធ្វើពិធីមង្គលការ។ បានឲ្យនាងទែននាំកំណត់ថ្ងៃខែ ដែលនឹងរៀបមង្គលការ ទៅស្នើតាដុងយាយជៃយជាឪពុកម្ដាយ ហើយនឹងអញ្ជើញគាត់មករៀបចំមង្គលការ។ តាដុងយាយជៃយកាលបានទទួលកំណត់ហើយក៏យល់ ព្រមផង ហើយមកជាមួយនឹងនាងទែន លុះមកដល់កណ្ដាលផ្លូវជិតទៅស្រុកគុះហើយ ក៏កើតវង្វែងផ្លូវ នាំគ្នាដើរទៅៗ ក៏បានប្រទះនឹងក្មេងអ្នកឃ្វាលក្របី ក៏ស្រែកសួរថា (អាកី) ផ្លូវណាទៅទ្រាំង ទៅវាំងជន្លុះ ផ្លូវណាទៅគុះ ទៅស្រែរនោង ប្រាប់យាយតាផង ទៅឲ្យបានទាន់ការ ។
ក្មេងនោះប្រាប់ថាៈ តាដើរដោយជ្រុំ ឡើងលើខ្នងភ្នំ ចុះតាមទំនង ជិតដល់ប្រាសាទ តាបត់ទៀតហោង អស់ទេពតាផង រក្សាព្រៃព្រឹក្ស  ដល់តាគិតនឹក ប្រគំភ្លេងថ្វាយ  ។


បទដើមថាៈ
    ជ្រទ្ងើយស្រងាត់    ដោះក្រាលមិនបាត់    កន្ទែនទ្រាំងណា
 ភ្លេងខ្នោរខ្នងភ្នំ     ឧត្ដមថ្លៃថ្លា       របងរមាសជា
     ភ្លេងអនផាត់ជាយ ។
    បន្ទាយប្រាសាទ    ទឹកជប់ជាប់ស្អាត     នឹងភ្លេងក្រោមនាយ
  ខ្ញុំផ្ដាំអ្នកតា      ហើយនិងអ្នកយាយ   កុំភ្លេចបទថ្វាយ
   ធ្វើកុំឃ្លៀងឃ្លាត ។
    ប្រមាញ់វឹងស៊ុង    គិតរៀបអម្រុង     ដោះក្រាលសំអាត
    ឲ្យរៀបចំណី     ថ្មីបរិសុទ្ធស្អាត      លើកមកក្រាបបាទ
     តាដុងយាយជៃយ ។
ទទួលស្ពកបាយ    ពីកូនប្រុសស្រី     ប្រាប់ពីវង្វេង
    ផ្លូវកណ្ដាលព្រៃ   តាដុងយាយជៃយ    ប្រាប់តាមដំណើរ
      ហើយទើបលេងភ្លេង ។
    តាមបំណន់ក្មេង   បង្គាប់នោះនៃ     ទើបជ្រងស្រងាត់
  កន្ទែនទ្រាំងស្រី    ដោះក្រាលទាំងពីរ   ខ្នេះខ្នោរខ្នងភ្នំ
  របងរមាស ។
    បន្ទាយពេញពាស   ស្រងាត់ទូរគម     ទឹកជប់ក្រោមនាយ
    ថ្វាយគេពុតគ្រុំព្រហ្ម  ហែបំណតខ្ញុំ     សូរេចម៉្លេះហោង ។


ដោយហេតុនេះ ទើបកើតមានទំនៀមលេងភ្លេងទាំង ៩ បទគឺ ១ ជ្រងស្រងាត់, ២ កន្ទែនទ្រាំង, ៣ ដោះក្រាល, ៤ ខ្នោរ, ៥ ខ្នងភ្នំ, ៦ របងរមាស, ៧ បន្ទាយប្រាសាទ, ៨ ទឹកជប់, ៩ ក្រោមនាយ,  ដរាបដល់សព្វថ្ងៃនេះ  ។ចំណែកឯប្រមាញ់វឹងស៊ុង កាលរៀបការហើយ  បានមកនៅឯស្រុកតាដុងយាយជៃយ គឺស្រុកឧត្ដុង្គសព្វថ្ងៃនេះ វេលាក្រោយមក បានជាស្ដេចសោយរាជ្យ ហើយប្រែព្រះនាមថា (ព្រះបាទធម្មវឹងស៊ុង) នឹងប្រែឈ្មោះស្រុកនោះថា (ស្រុកឧត្ដុង្គមានជៃយ) ។
ឈ្មោះនេះប្រាកដមានមកដល់សព្វថ្ងៃនេះ ។

* * *

រឿង ជាប់ដោយរដូវច្រូតស្រូវ១

មានរឿងតំណាលថា ៖ មានបុរសម្នាក់ជាកូននៃត្រកូលស្ដុកស្ដម្ភមាំមួនមាន   មាស  ប្រាក់   ស្រូវ   អង្ករ   ក្របី   គោ ពោពាស ជាអ្នកមាននៅស្រុកស្រែ ។ បុរស នោះមានរូបឆោមលោមពណ៌យ៉ាងកណ្ដាល  មិនអាក្រក់  មិនល្អ   ហើយតាំងពីកើតមកឥតមានវិកលវិការខូចខាតអវយវៈណាមួយឡើយ ។  លុះអាយុរវាងជាង ២០ ឆ្នាំ ដែលកំពុងស្ថិតនៅក្នុងសេចក្ដីស្រឡាញ់ប្រាណ ហេតុកម្មពីបុរាណមកនាំឲ្យរំខានចក្ខុ ដែលកំពុងពេញទៅដោយទស្សនាការច្បាស់លាស់ ក៏បែរត្រឡប់ ជាងងឹត មើលវត្ថុទាំងពួងឃើញព្រិលៗមិនច្បាស់ តែភ្នែកនោះនៅបើកធ្មេចជាធម្មតា ឥតមានឡើងបាយ ឬស្រុតស្រកខ្វង់ជាហេតុឲ្យជនដទៃដឹងប្រាកដថា ខ្វាក់ឡើយ ។ បុរសនោះមានទុក្ខម្មេញទោមនស្ស  ព្រោះមើលអ្វីមិនឃើញ ។  តាមបិតារកដណ្ដឹងប្រពន្ធឲ្យបុរសនោះ  ក៏គ្មាននរណាគេព្រមឲ្យ សូម្បីគេដឹងថាអ្នក នោះជាកូនអ្នកមានភោគសម្បត្តិក៏ដោយ ក៏នៅតែមិនឲ្យ ព្រោះគេស៊ើបដឹងបុរសនេះខ្វាក់បាំងស្បែក  ។ កាលបើមាតាបិតារកដណ្ដឹងក្នុងស្រុកជិតៗមិនបាន ក៏ទៅ រកដណ្ដឹងស្រុកឆ្ងាយ ដោយគេមិនបានដឹងថាបុរសសាម៉ីខ្លួននោះខ្វាក់ ឮតែគេថាកូនអ្នកមានស្ដុកស្ដម្ភសមនឹងសម្បត្តិខ្លួនក៏ព្រមឲ្យទៅ ។ ឪពុកម្ដាយរបស់ សាមីខ្លួនទាំងសងខាង    លុះបានទទួលសារភាពថា  ព្រមឲ្យព្រមទទួលយកហើយ  ឪពុកម្ដាយខាងប្រុសក៏លាដន្លងត្រឡប់វិលទៅកាន់ផ្ទះសម្បែង របស់ខ្លួនវិញ ទៅ ។ ខាងចុងនៃកុម្ភៈរដូវ រវាងខែជេស្ឋ ដែលជាពេលអ្នកស្រែត្រូវភ្ជួររាស់ ម្ដាយបុរសនោះក៏ចាត់ចែងនំចំណីជាជំនូន ជូនកូនទៅលេងដើម្បីសួរសុខទុក្ខឪពុកក្មេក ម្ដាយក្មេក កាលដែលទៅមានបងប្អូន ៤-១០ នាក់ជូនទៅផង ។ លុះវេលាដែលត្រឡប់មកវិញ គេទុកបុរសសាមីខ្លួនឲ្យនៅជួយភ្ជួរឪពុកក្មេក លុះដល់ព្រឹកឡើង ឪពុកក្មេកប្រាប់កូនប្រុសជំទង់ម្នាក់ឲ្យដឹកក្របីទៅស្រែ ឲ្យបុរសកូនប្រសាលីនង្គ័ល ទៅដល់ស្រែហើយបុរសជំទង់នោះប្រាប់ថា ស្រែនេះមួយៗជាស្រែរបស់យើង ហើយត្រឡប់ទៅផ្ទះវិញ  ។  ចំណែកបុរសជាកូនប្រសា ក៏ចាប់ទឹមក្របី  ភ្ជួរស្រែ ៤-៥ ដែលមានភ្លឺ ក៏ភ្ជួររំលាយភ្លឺទាំងអស់តាំងពីព្រលឹមដល់ថ្ងៃត្រង់នៅតែ មិនទាន់ ឈប់ភ្ជួរ ។ ឪពុកក្មេកប្រើកូនជំទង់ឲ្យទៅមើលបុរសនោះ ទៅដល់ស្រាប់តែឃើញភ្លឺនោះរលាយអស់ក៏លាន់មាត់ថា ហេ ! ម៉េចក៏បងឯងភ្ជួរទាំងភ្លឺស្រែផងចេះ ! បុរសខ្វាក់បាំងស្បែកនោះតបថា ណ្ហើយស្រែយើងតូចៗ រំលាយភ្លឺឲ្យធំតែ ១ ទៅ ថាហើយក៏ដាក់ក្របីពីនឹមលែងឲ្យស៊ីស្មៅ រួចបណ្ដើរគ្នាទៅផ្ទះ វេលាដល់ផ្ទះរៀប នឹងឡើងជណ្ដើរក៏វង្វេងចូលទៅក្រោមផ្ទះបាយ ប្អូនថ្លៃស្រែកថា ហ៍ ! ម៉េចក៏អ្នកចូលទៅក្រោមផ្ទះបាយ មិនឡើងទៅលើផ្ទះពិសាបាយ ? បុរសខ្វាក់ដឹងខ្លួនថា វង្វេងជណ្ដើរដូច្នោះ ក៏និយាយដោះថា ពីយប់មិញ កាលបងចុះទៅភ្ជួរ សូរលាន់ផសៗលឿនបានជាចូលទៅមើល ថាហើយក៏ដើរសសៀរទៅរកជណ្ដើរឡើងទៅ លើផ្ទះ ទើបអ្នកជាប្រពន្ធលើកភោជនា-ហារមកជូនបុរសខ្វាក់នោះពិសា លុះទទួលទានបាយរួចហើយ ក៏ចុះទៅសម្រាកកាយក្នុងខ្ទមតូច   ១   ដែលតាំងនៅខាង អគ្នេយ៍នៃគេហដ្ឋាន ។ បុរសខ្វាក់បាំងស្បែកនៅបម្រើឪពុកក្មេកម្ដាយក្មេកពីរបីថ្ងៃហើយ ក៏ត្រឡប់វិលទៅផ្ទះរបស់ខ្លួនវិញ ។
    វេលាស្រូវទុំរៀបនឹងច្រូត ឪពុកក្មេកផ្ដាំឲ្យកូនប្រសាមកជួយចាំស្រូវទុំ ព្រោះស្រុកនោះជិតព្រៃ ជ្រូកព្រៃទាំងហ្វូងតែងមកស៊ីស្រូវអ្នកស្រុករាល់យប់ ក្នុងវេលា ដែលមានស្រូវទុំ ។ ឪពុកក្មេកផ្ដាំដូច្នោះ បុរសកូនប្រសាក៏មកតាមបណ្ដាំ ទើបឪពុកប្រគល់កាំភ្លើងឲ្យ ១ ហើយប្រាប់ថា   បាឯងដល់ពេលយប់កុំចុះពីលើខ្លបខ្លាច ជ្រូកព្រៃ បើឮសូរប្រោកៗត្រង់ណាបាញ់ទៅចុះ គ្មានអ្វីទេសុទ្ធតែជ្រូក ។ បុរសកូនប្រសា លុះបានស្ដាប់ឪពុកក្មេកប្រាប់ហើយក៏ទៅចាំស្រូវវេលាយប់អង្គុយនៅ លើខ្ទមចាំស្ដាប់ បើឮសូរប្រោកៗខាងកើតក៏បាញ់ខាងកើតផូងឮសូរខាងលិចបាញ់ទៅខាងលិចផូង ។ ទំនៀមបុរាណអ្នកដែលដណ្ដឹងប្រពន្ធហើយមិនទាន់រៀបការ វេលាទៅបម្រើគេមិនហ៊ានស្លៀកខោទេ តោងស្លៀកសំពត់ចងក្បិនជានិច្ច ។ ថ្ងៃជាខាងក្រោយមកនៅពេលយប់ស្រាប់តែឮប្រោកប្រាក ឃឹកឃាក់ៗ ដោយហ្វូងនៃ ជ្រូកព្រៃមកជាច្រើន បុរសនោះក៏លោះកៃកាំភ្លើងផ្ទួនគ្នាបីដងផូង ផូង ផូង ជួនជាគ្រាប់ចុងក្រោយបង្អស់ទំនងធ្វើឲ្យអ្នកបាញ់ដឹងថាខ្លួនបាញ់ត្រូវជ្រូក បុរសកូន ប្រសាគិតថា បើប្រសិនជាអញបានតែជ្រូក ១ នឹងគាប់ចិត្តឪពុកក្មេកមិនខាន បម្រុងនឹងចុះទៅរាវរកក្នុងវេលាដែលបាញ់ត្រូវភ្លាម តែគិតខ្លាចជ្រូកព្រៃក៏បន្ធូរចិត្ តបង្អង់ទុកឲ្យភ្លឺសឹមចុះទៅរក ។ ដោយកម្លាំងលោកធម៌ ដែលចូលទៅលុកលុយដួងចិត្តបុរសនោះខ្លាំងពេក សូម្បីដេកក៏មិនលក់នឹកចង់តែចុះទៅរកជ្រូកទាំងយប់ ដោយកួចកាន់ចង់ឲ្យគាប់ចិត្តឪពុកក្មេក ឬដើម្បីសំដែងសេចក្ដីក្លាហានឲ្យប្រាកដដល់គ្រួសារ ។ ដោយកម្លាំងនឹកឥតភ្លេចនៅវេលាជិតភ្លឺ ប្រហែលម៉ោង ៤ ឬ ៥ បុរសនោះក៏ចុះទៅរាវរកជ្រូកក្នុងស្រូវទុំ ដោយសេចក្ដីខំប្រឹងវារស្ទាបរកជ្រូកទាំងយប់ សូម្បីរបូតសំពត់ចេញពីខ្លួនក៏មិនដឹង លុះអរុណោទ័យរះព្រាងៗបុរសនោះ ក៏ប្រទះជ្រូកដែលខ្លួនបាញ់ងាប់នោះ ក៏លាន់មាត់ថាហ៊ឺស ! គាប់ហើយតែប៉ុណ្ណេះ ហើយចាប់ជ្រូកលីសំដៅទៅផ្ទះ អុញហ្ន ! ប្រហែល ៣-៤ រយម៉ែត្រទៀតនឹង ដល់ផ្ទះជួនជាអ្នកស្រីសាមីខ្លួនងាកបែរចោលភ្នែកទៅទិសខាងកើតផ្ទះ ប្រទះឃើញប្ដីស្រាតលីជ្រូកមក ក៏សើចបិទមាត់ ឡើងទៅលើផ្ទះប្រាប់ឪពុកម្ដាយហើយ ចូលទៅក្នុងផ្ទះដោយសេចក្ដីអៀនខ្មាសជួសប្ដី ។ ដើម្បីនឹងធ្វើឲ្យបុរសនោះដឹងថា ខ្លួនស្រាតឪពុកក្មេកក៏ស្រែកសួរពីចម្ងាយថា ចុះស្អីខាងមុខ ? បុរសនោះឆ្លើយថា  ច្រមុះវា ចុះសំពត់ទៅណា ? ភ្ញាក់ខ្លួនព្រើតស្ទាបទៅខាងក្រោមរលីង ទម្លាក់ជ្រូកភីងរត់ប្រឹបទៅបាត់ ។ អ្នកផ្ទះក៏នាំគ្នាសែងជ្រូកយកមកធ្វើជាម្ហូបស៊ីច្រូតស្រូវ  ។
    លុះស្រូវទុំល្មមច្រូតហើយ  គេក៏យកកណ្ដៀវទៅច្រូត រួចជញ្ជូនកណ្ដាប់យកមកបញ្ជាន់បែនបោកជញ្ជូនគ្រាប់ដាក់ជង្រុកទុកទៅ ។ កណ្ដៀវជារបស់ដែល គេយកគោលស្លាបផ្លែមកផ្សំ ។ គោល គេធ្វើឲ្យមានរង្វង់មូលបន្តិច តែមិនមូលជាប់គ្នាទេ គ្រាន់តែឲ្យឡើងមូលសណ្ឋានផ្លែសន្ទូច ខាងចុងគោលគេឆ្លាក់ជាក្បាច់ ផ្សេងៗ   ហើយលាបលនដោយជាតិហិង្គុល និងម្រ័ក្សណ៍   ជាក្បាច់ពងត្រី ឬក្បាច់ផ្កាច័ន ។ ស្លាបធ្វើពីមែកឈើតូចៗដែលមានជំពាម គេរើសរកមែកដែលល្មមធ្វើ ស្លាបកណ្ដៀវកើតហើយ គេយកទៅរោលភ្លើងពត់ជារង្វង់ស្លាប ចងរឹតហាលថ្ងៃទុកឲ្យស្ងួត ទើបយកទៅបិតនឹងកាំបិតឲ្យមូលល្អ រួចចោះរន្ធវែងបន្តិចទុកសម្រាប់ ស៊កផ្លែ។ ផ្លែៈ ផ្លែកណ្ដៀវគេធ្វើពីដែក គេយកដែកទៅដំឲ្យសំប៉ែត មានខ្នងកោងបន្តិចធ្វើធ្មេញវែងខ្លីៗ ដូចជាធ្មេញសត្វកណ្ដូប រួមគោលស្លាបផ្លែចូលគ្នាហៅថា (កណ្ដៀវ) ជាលោនុប្បករណ៍ក្នុងគ្រឿងសម្រាប់ច្រូតស្រូវ 

(រឿងនេះបានឮចាស់ៗតំណាលតៗមក)

ភិក្ខុ ឈឹម សារ៉េត វត្តឧណ្ណាលោម

ភ្នំពេញ ថ្ងៃ ១ ខែ១១ ឆ្នាំ១៩៤៧


* * *

រឿង ត្រពាំង​ប៉ង់តាទិប

រឿង ត្រពាំង​ប៉ង់តាទិប (ខេត្ត​ព្រះវិហារ) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១៥៥ - ១៥៩ រឿង​រ៉ាវ​ផ្សេង​ៗ នៅ​ក្នុង​ខេត្ត​ថ្មី​ៗ សុទ្ធ​សឹង​តែ​ជា​គ្រឿង​ឆ្ងាញ់​ពិសា​របស់​អ្នក​ស្ដាប់​អ្នក​អាន ព្រោះ​ថា នៅ​តាម​ខេត្ត​ចាស់​ៗ នោះ មាន​អ្នក​ស្រុក​ច្រើន ការ​ទាក់​ទង​ខាង​គមនាគមន៍​ក៏​ច្រើន ម្ល៉ោះ​ហើយ រឿង​ព្រេង​ក្ដី ឬ កេរ្តិ៍​ដំណែល​អារ្យ​ធម៌​ចាស់​ៗ ក្ដី បាន​លេច​ឮ​សុសសព្វ​យូរ​ណាស់​មក​ហើយ ។ រី​ឯ​ខេត្ត​ថ្មី​ៗ វិញ ដែល​ពុំ​សូវ​មាន​អ្នក​ស្រុក​ទៅ-មក​ទាក់​ទង​គ្នា រឿង​រ៉ាវ​នៅ​ទី​នោះ ក៏​នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ ដូច​យ៉ាង​រឿង​រ៉ាង​ក្នុង​ខេត្ត​ព្រះ​វិហារ​ជាដើម ។ ដោយ​ឯកសារ​នៅ​ស្ដួច​ស្ដើង យើង​ក៏​ប្រមែ​ប្រមូល​ព័ត៌មាន​ដែល​ប្រមូល​បាន​ខ្លះ​ៗ មក​ហើយ មក​អធិប្បាយ​ជា​មុន តាម​រយៈ​អស់​លោក-អ្នក​ដែល​ធ្លាប់​បាន​ទៅ​ដល់ ហើយ​មាន​ព្យាយាម​ស៊ើប​សួរ សរសេរ​តែង​ផ្ញើ​មក​ក្រុម​ជំនុំ​យើង ជា​បែប​ទំនៀម​រស់​នៅ​របស់​អ្នក​ស្រុក​ខ្លះ, ជា​រឿង​ព្រេង​ខ្លះ ។ ដូច​រឿង​ព្រេង​មួយ ដែល​យើង​លើក​មក​និទាន​នៅ​ពេល​នេះ ជា​សេចក្ដី​រាយ​ការណ៍​របស់​លោក ហ៊ុន-សាវី ដែល​លោក​មាន​បេសកកម្ម​ក្នុង​កង​ពល​ខេមរភូមិន្ទ ទៅ​ដល់​ទី​កន្លែង​នោះ បាន​សរសេរ​ផ្ញើ​មក​ឲ្យ​ក្រុម​ជំនុំ​យើង ជា​សេចក្ដី​រាយ​ការណ៍​ទាំង​ស្រុង ពី​ដំណើរ​របស់​លោក​ទៅ​កាន់​ទី​ប្រជុំ​ជន "ត្បែង​មាន​ជ័យ" ដែល​ជា​ទី​ប្រជុំ​ជន​សម្រាប់​ខេត្ត​ព្រះ​វិហារ ។ ក្នុង​សេចក្ដី​រាយ​ការណ៍​នេះ មាន​ជាប់​ទាំង​រឿង​ព្រេង​មួយ ទាក់ទង​ដោយ​ភូមិ​ស្រុក យើង​ក៏​ស្រង់​ត្រង់​នេះ មក​រៀប​ធ្វើ​រឿង​ព្រេង​មួយ បញ្ចូល​ក្នុង​សៀវភៅ​នេះ​ឡើង ។ ត្រង់​អន្លើ​នេះ លោក ហ៊ុន-សាវី សរសេរ​ថា : ចេញ​ពី​សាលា​ស្រុក​វៀង​ទៅ បាន​ប្រហែល ៣ គ.ម. មាន​ផ្លូវ​បែក​ជា​ពីរ គឺ​ខាង​ឆ្វេង​ទៅ​កំពង់​ប្រណាក (ទី​ប្រជុំ​ជន​ក្រុង​ត្បែង​មាន​ជ័យ) ឯ​ខាង​ស្ដាំ​ទៅ​កំពង់​ពុទ្រា, ទៅ​ឆែប (អតីត​ខេត្ត​ម្លូ​ព្រៃ) ។ បើ​យើង​ធ្វើ​ដំណើរ​ត​ពី​នេះ មុន​នឹង​ចូល​ទៅ​កំពង់​ប្រណាក យើង​ឃើញ​អូរ​មួយ​ដែល​អ្នក​ស្រុក​ហៅថា អូរ​ស្ដាយ​ក្លង់2 ។ នៅ​ក្បែរ​អូរ​នេះ មាន​ត្រពាំង​មួយ​ទៀត​ឈ្មោះ ត្រពាំង​ប៉ង់តាទិប3 ដែល​មាន​រូប​សំណាក​ថ្ម​មួយ​ផ្ដេក​នៅ​ត្រង់​ទី​នោះ4 ដូច​មាន​ដំណាល​រឿង​ដើម​ថា : មាន​មន្ត្រី​ឃុំ​ពីរ​នាក់ ម្នាក់​ឈ្មោះ​តា​ទិប ជា​មេ​ឃុំ​មេ​ក្រុម ១ ផ្នែក ម្នាក់​ទៀត​ឈ្មោះ​តា​កែវ ជា​មេ​ឃុំ​មេ​ក្រុម ១ ផ្នែក​ដែរ ។ មេ​ឃុំ​ទាំង​ពីរ​នាក់​នេះ នៅ​ក្រោម​អាណា​ព្យាបាល នាយក​ឈ្មោះ ជូ-មឹង ចៅហ្វាយ​ខេត្ត​ម្លូព្រៃ (ស្រុក​ឆែប បច្ចុប្បន្ន​នេះ) ។ អ្នក​ទាំង​ពីរ​នាក់ មាន​ការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា ដណ្ដើម​កូន​ឃុំ​គ្នា ដោយ​អាង​ថា​មាន​រាស្ត្រ​ច្រើន​តែ​សព្វ​ខ្លួន រហូត​ដល់​ទៅ​មាន​កើត​កោលាហល កេណ្ឌ​រាស្ត្រ​ចូល​ប្រយុទ្ធ​ច្បាំង​កាប់​សម្លាប់​គ្នា យ៉ាង​សម្បើម​អស្ចារ្យ ជា​ហេតុ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​នៅ​ទី​សមរភូមិ ដោយ​សារ​តែ​មេ​បះបោរ​ទាំង​ពីរ​នាក់​បង្ក​បង្កើត​ឡើង ។ រឿង​នេះ ដឹង​ដល់​លោក​ប្រមុខ​ខេត្ត​ម្លូព្រៃ​ភ្លាម, លោក​ក៏​អញ្ជើញ​មក បាន​កោះ​ហៅ​មេ​បះបោរ​ទាំង​ពីរ​នាក់​នោះ មក​ជំនុំ​ជម្រះ​កាត់​សេចក្ដី​ឲ្យ គឺ​លោក​ចែក​រាស្ត្រ​ឲ្យ​បាន​ស្មើ​ៗ គ្នា តែ​មេ​បះបោរ​ទាំង​ពីរ​នេះ ពុំ​សុខ​ចិត្ត ទាំង​កូន​ឃុំ ក៏​ពុំ​សុខ​ចិត្ត​ទៀត ។ រឿង​នេះ ធ្វើ​ឲ្យ​លោក​ប្រមុខ​ខេត្ត​ខ្វល់​យ៉ាង​ក្រៃលែង ។ ទើប​ក្រោយ​មក លោក​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត ដោយ​បួង​សួង​ព្រះ​ឥន្ទ្រ​ទិព្វ​ចក្ខុ ជា​អ្នក​រក​យុត្តិធម៌​ឲ្យ គឺ​តម្រូវ​ឲ្យ​ផ្សង​នឹង​ស្នា ។ បើ​មេ​ឃុំ​ទាំង​ពីរ​នេះ ណា​មួយ មាន​ចិត្ត​ទុច្ចរិត​មិន​ស្មោះ​ត្រង់ ល្មោភ​លោភ​លន់ ឲ្យ​ត្រូវ​នឹង​ព្រួញ​ស្នា​ស្លាប់​ឲ្យ​បាន​ប្រចក្ស​នឹង​ភ្នែក ។ កូន​រាស្ត្រ និង មេ​ឃុំ ក៏​សុខ​ចិត្ត​ទទួល​ព្រម ឲ្យ​តែ​បាន​ឃើញ​នូវ​ពន្លឺ​យុត្តិធម៌ ។ លុះ​ព្រឹក​ឡើង ប្រមុខ​ខេត្ត​ម្លូព្រៃ ក៏​ចាប់​ផ្ដើម​ធ្វើ​ពិធី​រក​យុត្តិធម៌ ឲ្យ​មេ​បះបោរ​ទាំង​ពីរ ។ លោក​បាន​ឲ្យ​ឈរ​តាម​ក្រុម ឃុំ​ក្រុម​មេ​ឃុំ​ទិប ឈរ ១ ក្រុម, ក្រុម​មេ​ឃុំ​កែវ ១ ក្រុម, ក្បែរ​អូរ​មួយ ។ រីឯ​មេ​ឃុំ​ទាំង​ពីរ គឺ​លោក​ប្រមុខ​ខេត្ត​បាន​ឲ្យ​ឈរ​ចំ​កណ្ដាល​ក្រុម ចំ​មុខ​ស្នា​ទាំង​ពីរ ក៏​មាន​ព្រួញ​ចុង​ស្រួច​ប្រកប​ដោយ​ជ័រ​ឆក់ ។ ស្នា​ទាំង​ពីរ​នេះ ១ ជា​របស់​មេ​ឃុំ​កែវ ១ ទៀត ជា​របស់​មេ​ឃុំ​ទិប ។ លោក​ប្រមុខ​ខេត្ត បាន​ចាប់​យឹត​ស្នា​ដោយ​ខ្លួន​ឯង រួច​ដាក់​ព្រួញ ហើយ​តម្កល់​លើ​ជើង​ពាន​ប្រាក់​ពីរ​យ៉ាង​ធំ មាន​មុខ​តម្រង់​ឆ្ពោះ​ទៅ​ចំ​កណ្ដាល​ដើម​ទ្រូង​មេ​បះ​បោរ​ទាំង​ពីរ​នេះ ។ បន្ទាប់​មក លោក​ក៏​លើក​ដៃ​ប្រណម្យ​ឡើង ចាប់​ថ្លែង​ប្រកាស​បួងសួង សំបូងសង្រូង​យ៉ាង​ខ្លាំង​ៗ ដូច​តទៅ ៖ “នៅ​ក្នុង​ពិធី អរុណោទ័យ​រស្មី​ដ៏​ពេញ​ពន្លឺ​នេះ ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រមុខ​ដែន​ដី​ម្លូព្រៃ និង​ជា​ប្រមុខ​យុត្តិធម៌ ខ្ញុំ​សូម​យាង​ព្រះ​ឥន្ទ​ភ្នែក​ទិព្វ ត្រចៀក​ទិព្វ ដ៏​មាន​ឫទ្ធិ​អនេក​អន័គ្ឃ​ប្រត្យក្ស ប្រសិទ្ធិ​ជ័យ ដល់​ស្នា​ទាំង​ពីរ​នេះ​ថា បើ​តា​កែវ​ជា​មេ​ឃុំ​លោភ សុំ​ឲ្យ​ស្នា​តា​ទិប​ឲ្យ​យុត្តិធម៌, ថា​បើ​តា​ទិប​ជា​មេ​ឃុំ​ល្មោភ សុំ​ឲ្យ​ស្នា​តា​កែវ​ឲ្យ​យុត្តិធម៌ ក្នុង​កណ្ដាល​រឿណរង្គ​នេះ ដើម្បី​ឲ្យ​រាស្ត្រ​បាន​ជាក់​ស្បាន់​ទាន់​ហន់ ក្នុង​គ្រា​ឥឡូវ​នេះ សូម​ឲ្យ​ព្រះ​អង្គ​ប្រទាន​យុត្តិធម៌" ។ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ! គ្រាន់​តែ​គ្រប់ ៣ ដង​ភ្លាម កៃ​ស្នា ក៏​ថ្លោះ​ផាំង​ដោយ​ឯង ។ ព្រួញ​ដ៏​មុត ក៏​ស្ទុះ​ទៅ​ដោត​ចំ​ទ្រូង​តា​ទិប ដួល​ដេក​នៅ​ទី​នោះ​ភ្លាម ។ តែ​មុន​នឹង​ស្លាប់ តា​ទិប​បាន​សារភាព​ចំពោះ​លោក​ប្រមុខ​ខេត្ត​ថា :គាត់​ជា​មនុស្ស​ល្មោភ ហើយ​ថែម​ទាំង​ជា​មនុស្ស​អយុត្តិធម៌​ទៀត​ផង, កែវ​ជា​មនុស្ស​ល្អ ស្មោះ​ត្រង់​នឹង​ដែន​ដី មិន​ល្មោភ សូម​ព្រះ​តេជះ​ព្រះ​គុណ​ជា​ប្រមុខ​យុត្តិធម៌ ឆ្លាក់​រូប​ខ្ញុំ​បាទ​មួយ​ទុក​ជា​កេរ្តិ៍​ដំណែល ដើម្បី​បញ្ជាក់ ឲ្យ​ឃើញ​ច្បាស់​ថាៈ “នេះ​ហើយ​រូប​តា​ទិប ជា​មេ​ឃុំ​ល្មោភ ត្រូវ​ព្រួញ​យុត្តិធម៌" ថា​ហើយ ក៏​ដាច់​ខ្យល់​ស្លាប់​ក្នុង​ខណៈ​នោះ​ភ្លាម ។ រី​កង​ទ័ព​ខ្មោច​មេ​ឃុំ​ល្មោភ​នេះ គ្រាន់​តែ​ឃើញ​ចៅហ្វាយ​ខ្លួន​ស្លាប់​ភ្លាម បះ​សក់​ច្រូង​រត់​បាត​ជើង​ស​ព្រាត គេច​តែ​សព្វ​ខ្លួន ខ្លាច​ព្រួញ​យុត្តិធម៌​ពួយ​កណ្ដាល​ដើម​ទ្រូង​ទៀត រត់​ចោល​បាយ ដែល​ដាំ​បម្រុង​នឹង​បរិភោគ​ក្បែរ​អូរ ។ តាំង​ពី​មាន​ហេតុ ដូច​ពណ៌នា​នេះ​មក ទើប​បាន​ជា​សាសន៍​ពីរ គេ​ដាក់​នាម​អូរ​នេះ​ថា "អូរ​ស្ដាយ​ក្លង់" ប្រែ​ថា "អូរ​ស្ដាយ​បាយ" រហូត​សព្វ​ថ្ងៃ ។ ឯ​រូប​សំណាក​តា​ទិប ត្រូវ​ព្រួញ​ចំ​កណ្ដាល​ទ្រូង​នោះ ក៏​មាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ទុក​ជា​សក្ខី​ភាព​នៃ​រឿង​នេះ ។ ហើយ​អ្នក​ស្រុក ក៏​ហៅ​អូរ​នេះ​ថា អូរ​ប៉ង់​តា​ទិប រហូត​មក​ដែរ ។

Flag Counter